កម្ពុជាគ្រោងទិញអគ្គីសនីដើរដោយធ្យូងថ្មពីឡាវចំនួន២៤០០មេហ្គាវ៉ាត់រយៈពេល៣០ឆ្នាំ

វិទ្យុជាតិកម្ពុជា៖ លោកចេម ហួត

ភ្នំពេញ៖រាជរដ្ឋាភិបាលកម្ពុជាគ្រោងទិញអគ្គីសនីដើរដោយធ្យូងថ្មពីប្រទេសឡាវចំនួន២ពាន់៤រយមេហ្គាវ៉ាត់ក្នុងរយៈពេល៣០ឆ្នាំដើម្បីបំពេញតម្រូវប្រើប្រាស់អគ្គីសនី និងការរីកចំរើនសេដ្ឋកិច្ចជាតិពីមួយឆ្នាំទៅមួយឆ្នាំ។

បន្ទាប់ពីបញ្ចប់កិច្ចប្រជុំគណៈកម្មការអចិន្ត្រៃព្រឹទ្ធសភាដឹកនាំដោយសម្តេចវិបុលសេនាភក្តីសាយឈុំប្រធានព្រឹទ្ធសភា នាព្រឹកថ្ងៃទី២ ខែមករានេះ ឯកឧត្តមម៉ម ប៉ុននាង អ្នកនាំពាក្យ ព្រឹទ្ធសភាបានប្រសាសន៍ប្រាប់អ្នកសារព័ត៌មានថា ការទិញអគ្គីសនីពីប្រទេសឡាវនេះ ឆ្លើយតបទៅនឹងការរីកចំរើននៃប្រទេសកម្ពុជាលើ​គ្រប់វិស័យជាពិសេសផ្នែករោងចក្រ សហគ្រាសធនតូច មធ្យម និងធនធំជាច្រើននៅទូទាំងប្រទេស និងតម្រូវការប្រជាពលរដ្ឋតាមគេហដ្ឋានផងដែរ។
អគ្គីសនីទិញពីក្រុមហ៊ុន ធីអេសប៊ីភី សេកុង និងក្រុមហ៊ុន សេកុង សឺមម័ល ផៅវ័រ ផ្លែន នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវនេះ នឹងមានតម្លៃថោកជាងការទិញពីប្រទេសថៃ និងប្រទេសវៀតណាម។

ឯកឧត្តមបន្តថា នៅថ្ងៃទី៣ ខែមករា ស្អែកនេះ ព្រឹទ្ធសភានឹងបើកសម័យប្រជុំពេញអង្គដើម្បីពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រម​​លើការធានាទូទាត់ របស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ឱ្យទៅក្រុមហ៊ុនរបស់ប្រទេសឡាវទាំងពីនេះ ដើម្បីផ្តល់ទំនុកចិត្តក្នុងការសាងសង់រោងចក្រ​​ផលិតអគ្គីសនីដើរដោយធ្យូងថ្មរសម្រាប់លក់ឱ្យកម្ពុជានេះ។

សូមបញ្ជាក់ថា កិច្ចព្រមព្រៀងទិញអគ្គីសនីនេះគឺរាជរដ្ឋាភិបាលកម្ពុជា និងភាគីឡាវបានឯកភាពគ្នារួចហើយ ។ ចំពោះពេលវេលាជាក់ស្តែងគឺរង់ចាំតែច្បាប់ធានាទូទាត់របស់រាជរដ្ឋាភិបាលកម្ពុជា ឱ្យទៅក្រុមហ៊ុនប្រទេសឡាវ និងការសាងអនុស្ថានីយ៍តបណ្តាញចូលមកកម្ពុជាតែប៉ុណ្ណោះ៕