អភិបាលខេត្តប៉ៃលិនអញ្ជើញជួបសំណេះសំណាលនិងប្រគល់សម្ភារៈកីឡាដល់ក្រុមកីឡាបាល់ទាត់សាលាខេត្ត

វិទ្យុជាតិកម្ពុជា៖ មន្ទីរព័ត៌មានខេត្តប៉ៃលិន

កាលពីរសៀលថ្ងៃទី០១ ខែមករា ឆ្នាំ២០២០ ឯកឧត្តម ផាន់ ចាន់ធុលអភិបាលខេត្តប៉ៃលិនបានអញ្ជើញជួបសំណេះសំណាលនិងប្រគ្រល់សំភារៈកីឡាដល់ក្រុមកីឡាករបាល់ទាត់សាលាខេត្ត ក្នុងឱកាសប្រកួតពាន្វរង្វាន់ឯកឧត្តម   ដើម្បីអបអរសាទរថ្ងៃរំលឹកខួបលើកទី៤១ នៃទិវាជ័យជំនះ ៧មករា ឆ្នាំ១៩៧៩ – ៧មករា ឆ្នាំ២០២០។

 ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិនបានមានប្រសាសន៍ថា៖ ការបង្កើតអោយមានការប្រកួតដណ្តើមពាន្វរង្វាន់នេះក្នុងគោលបំណងចង់អោយកីឡាករទាំងអស់ចេះរួបរួមសាមគ្គីគ្នាជាធ្លុងមួយក្នុងន័យជាមិត្តភាពរវាងគ្នានឹងគ្នា  និងដើម្បីសុខភាព ចៀសវាងពីអំពើអបាយមុខផ្សេងៗដូចជាការសេពគ្រឿងញៀន ល្បែងស៊ីសង ក្មេងទំនើងជាដើម  ជាពិសេសដើម្បីអោយកីឡាករយើងបង្កើននូវចំណេះដឹង និងទិចនិចក្នុងវិស័យកីឡាបាល់ទាត់អោយកាន់តែច្បាស់ដើម្បីអោយក្លាយខ្លួនជាកីឡាករដ៏ឆ្នើមក្នុងប្រទេស និងដើម្បីរកប្រាក់ចំណូលសម្រាប់បង្កើននូវជីវភាពក្នុងគ្រួសារក៏ដូចជាការអភិវឌ្ឍន៍ប្រទេសជាតិអោយមានការរីកចំរើន។ ឯកឧត្តមបានបន្តថា៖ ក្នុងនាមយើងជាកីឡាករត្រូវចេះរួបរួមសាមគ្គី និងសហការគ្នាក្នុងក្រុមអោយបានល្អ  ហើយចៀសវាងការលេងដោយប៉ះដង្គិចគ្នាជាមួយដៃគូរប្រកួតដែលនាំអោយបាត់បង់តម្លៃសីលធម៌និងតម្លៃកីឡាករ ជាពិសេសកីឡាករយើងត្រូវចេះស្តាប់គ្រូបង្វឹកនិងប្រធានដឹកនាំក្រុមដើម្បីអោយការប្រកួតមានភាពជោគជ័យ។ ឯកឧត្តមក៏បានផ្តាំផ្ញើរដល់កីឡាករទាំងអស់ត្រូវខិតខំប្រឹងប្រែងប្រគួតអោយអស់ពីសមត្ថភាព ហើយត្រូវចេះអធ្យាស្រ័យគ្នាទៅវិញមក រវាងភាគីប្រកួតទាំងសងខាង។

គួរបញ្ជាក់ថា៖ សម្ភារៈដែលឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិនបានប្រគល់ដល់ក្រុមកីឡាករបាល់ទាត់សាលាខេត្តរួមមាន៖ អាវចំនួន៣ ឈុតស្មើរនឹង ៧៥ អាវ ស្រោមដៃ១គូរ បាល់ទាត់ចំនួន៣ ។ ហើយការប្រកួតពាន្វរង្វាន់ឯកឧត្តម ផាន់                     ចាន់ធុល អភិបាលខេត្តប៉ៃលិន  ដើម្បីអបអរសាទរថ្ងៃរំលឹកខួបលើកទី៤១ នៃទិវាជ័យជំនះ ៧មករា ឆ្នាំ១៩៧៩ – ៧មករា ឆ្នាំ២០២០ គឺចាប់ផ្តើមប្រកួតពីថ្ងៃ១ ខែមករា រហូតដល់ថ្ងៃទី៧ ខែមករា ឆ្នាំ២០២០ ដែលមានក្រុមកីឡាករបាល់ទាត់ចូលរួមប្រកួតចំនួន១១ ក្រុម និងមានពូលចំនួន៤  គឺពូលA មានចំនួន៣ក្រុម ពូលB មានចំនួន ៣ក្រុម                   ពូលC មានចំនួន៣ក្រុម និងពូលD មានចំនួន២ក្រុមផងដែរ៕

អត្ថបទលោក ហឿន គឹមហុន