ក្រសួងពាណិជ្ជកម្មកំណត់តម្លៃប្រេងឥន្ធនៈ ៣៧៥០រៀល ក្នុង១លីត្ររហូតដល់ថ្ងៃទី១៥ ខែមករានេះ

វិទ្យុជាតិកម្ពុជា៖ ដោយ អ៊ី កនិកា ០២ មករា ២០២០៖

ក្រសួងពាណិជ្ជកម្ម បានកំណត់តម្លៃលក់រាយប្រេងឥន្ធនៈ ចាប់ពីថ្ងៃនេះ ដល់ទីថ្ងៃទី១៥ ខែមករាឆ្នាំ២០២០នេះដោយសាំងធម្មតាតម្លៃ៣៧៥០រៀលក្នុង១លីត្រ និងម៉ាស៊ូតតម្លៃ៣៦៥០រៀលក្នុង១លីត្រ។
ក្នុងសេចក្តីប្រកាសរបស់ក្រសួងពាណិជ្ជកម្មបានបញ្ជាក់ថា ការតម្លៃលក់រាយប្រេងឥន្ធនៈនៅកម្ពុជានេះ ធ្វើឡើងអាស្រ័យលើតម្លៃឡើង-ចុះ នៃប្រេងតាមទីផ្សារអន្តរជាតិ។
សេចក្តីប្រកាសបានឲ្យដឹងទៀតថា តម្លៃប្រេងឥន្ធនៈនេះ ផ្អែកតាមតម្លៃមធ្យមប្រេងឥន្ធនៈលើទីផ្សារអន្តរជាតិ ថ្លៃលក់រាយប្រេងឥន្ធនៈចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី១៥ ខែ មករា ឆ្នាំ២០២០នឹងត្រូវលក់តម្លៃ៣៩១០រៀលក្នុង១លីត្រសម្រាប់សាំងធម្មតា និង ៣៨១៣រៀលក្នុង១លីត្រសម្រាប់ប្រេងម៉ាស៊ូត ។
ដើម្បីជួយសម្រួលដល់ជីវភាពរបស់ប្រជាជន និងដោយមានការរួមចំណែកពីក្រុមហ៊ុនចែកចាយប្រេងឥន្ធនៈនៅកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានសម្រេចបញ្ចុះតម្លៃលក់រាយប្រេងឥន្ធនៈនៅកម្ពុជា ចំនួន ៤សេនដុល្លាក្នុង១លីត្រ ។
គួរបញ្ជាក់ថា រាជរដ្ឋាភិបាល បានចូលរួមយ៉ាងសកម្មតាមរយៈការកំណត់ថ្លៃ ឲ្យបណ្ដាស្ថានីយនានាទូទាំងប្រទេសក្នុងការលក់ចេញ ដោយក្នុងនោះមានការចូលរួមពីក្រសួងពាណិជ្ជកម្ម ក្រសួងសេដ្ឋកិច្ច និងក្រសួងរ៉ែនិងថាមព ដើម្បីកុំឲ្យអ្នកផ្គត់ផ្គង់យកលេសថាសាំងអន្តរជាតិថ្លៃ ហើយកំណត់តម្លៃតាមតែចិត្តខ្លួនឯង៕