ព្រឹទ្ធសភា ត្រៀមពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ធានាទូទាត់របស់រាជរដ្ឋាភិបាលទៅឲ្យក្រុមហ៊ុនវិនិយោគឯកជនលើវិស័យអគ្គិសនីចំនួន៤នៅថ្ងៃទីស្អែកនេះ

វិទ្យុជាតិកម្ពុជា៖អត្ថបទ៖ជួន បូណា
ភ្នំពេញ៖ ព្រឹទ្ធសភា ត្រៀមពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ធានាទូទាត់របស់រាជរដ្ឋាភិបាលទៅឲ្យក្រុមហ៊ុនវិនិយោគឯកជនលើវិស័យអគ្គិសនីចំនួន៤ ដើរដោយពន្លឺព្រះអាទិត្យនៅថ្ងៃទី៣ខែមករាស្អែកនេះ ដើម្បីផ្ដល់ទំនុកចិត្ដ និងទាក់ទាញវិនិយោគមកបណ្ដាក់នៅកម្ពុជាឲ្យកាន់ច្រើនឡើងបន្ថែមទៀត។
ឯកឧត្ដមម៉ម ប៊ុននាង សមាជិកនិងជាអ្នកនាំពាក្យព្រឹទ្ធសភាមានប្រសាសន៍ថា សេចក្ដីព្រាងច្បាប់ទាំង៤នេះ គឺរាជរដ្ឋាភិបាលកម្ពុជាត្រូវ ទិញថាមពល សងថ្លៃហេដ្ឋារចនាសម្ព័ន្ធរបស់គ្រោងនៅពេលដែលក្រុមហ៊ុន មិនអាចដំណើការបានបណ្តាលមកពីព្រឹត្តិការប្រធានស័ក្តិ ឬផ្នែកនយោបាយជាដើម ។
ក្នុងកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍ព្រឹទ្ធសភានាព្រឹកថ្ងៃទី២ខែមករានេះ ដឹកនាំដោយសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា ឯកឧត្ដមម៉ម ប៊ុននាងបញ្ជាក់ថា សេចក្តីព្រាងច្បាប់ទាំងនោះ មានគោលបំណងផ្តល់ការជឿជាក់ទុកចិត្ត ថា កិច្ចព្រមព្រាងរបស់រាជរដ្ឋាភិបាលជាមួយក្រុមហ៊ុនត្រូវបានអនុវត្ត យ៉ាងពេញលេញទាំងកិច្ចកាតព្វកិច្ចទូទៅ និងកិច្ចហិរញ្ញវត្ថុ។

សូមបញ្ជាក់ថា គម្រោងសាងសង់ស្ថានីយផលិតអគ្គិសនី ដើរដោយពន្លឺព្រះអាទិត្យនេះគឺស្ថិតនៅ ខេត្តស្វាយរៀង អានុភាព ២០មេហ្គាវ៉ាត់ ខេត្តបន្ទាយមានជ័យ អានុភាព ៣០មេហ្គាវ៉ាត់ ខេត្តបាត់ដំបង អានុភាព ៦០មេហ្គាវ៉ាត់ ខេត្តពោធិ៍សាត់ អានុភាព ៣០មេហ្គាវ៉ាត់ ដែលវិនិយោគ ដោយក្រុមហ៊ុនមកពីរបទេស៕