ឯកឧត្តម សេង ទៀង ឧបត្ថម្ភដល់ម្តាយទារកភ្លោះបីលើកទី៣៥២ នៅមន្ទីរពេទ្យជ័យវរ្ម័នទី៧ សៀមរាប

វិទ្យុជាតិកម្ពុជា៖

ទារកភ្លោះបីនាក់ត្រូវជាចៅៗរបស់ សម្តេចតេជោនាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានទទួលអំណោយដ៏សប្បរសធម៌ របស់សម្តេចអគ្គមហាសនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ទទួលបានទឹកប្រាក់៥លានរៀល អង្ករ២០០គីឡូក្រាម ទឹកដោះគោម្ស៉ៅឌុយម៉ិក២៤កំប៉ុងធំ ស្កសរ៥គីឡូក្រាម សារុង២និងក្រម៉ា២។

ឯកឧត្តម សេង ទៀង ជំនួយការផ្ទាល់សម្តេចតេជោនាយករដ្ឋមន្រ្តី និងលោកជំទាវ អញ្ជើញនាំយកអំណោយដ៏សប្បរធម៌ទាំងអស់នោះ ទៅចែកជូនផ្ទាល់ដៃដល់គ្រូសារកូនភ្លោះ ដែលកំពុងសំរាកថែទាំសុខភាពនៅ មន្ទីរពេទ្យកុមារជ័យវរ្ម័នទី៧ ខេត្តសៀមរាប កាលពីព្រឹកថ្ងៃទី២ ខែមករា ឆ្នាំ២០២០។ ទារកភ្លោះទាំង៣នាក់ ដែលទទួលបានអំណោយឧបត្ថម្ភពីសម្តេចទាំងទ្វេនៅពេលនេះ ជាកូនលើកទី១ របស់ឪពុកឈ្មោះ ហាប់ ដែន អាយុ២៩ឆ្នាំ ម្តាយឈ្មោះ សាយ ស៊ីន អាយុ២៦ឆ្នាំ អ្នកទាំងពីរមុខរបរកម្មករ មានលំនៅ រស់នៅភូមិថ្មី ឃុំពង្រលើ ស្រុកជីក្រែង ខេត្តសៀមរាប។ ទារកភ្លោះទាំងបីនាក់នេះ ប្រសូត្រកាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ នៅមន្ទីរពេទ្យកុមារជ័យវរ្ម័នទី៧ ខេត្តសៀមរាប។

បច្ចុប្បន្នស្ថានភាពរបស់ទារកទាំងបី ស្ថិតក្នុងស្ថានភាពនៃការតាមដានយ៉ាងយកចិត្តទុកដាក់ ពីសំណាក់ក្រុមគ្រូពេទ្យ។ អញ្ជើញពិនិត្យដោយផ្ទាល់ចំពោះទារកនោះ ឯកឧត្តមជំនួយការផ្ទាល់បានក្រើនរំលឹកដល់ក្រុមគ្រូពេទ្យ ត្រូវតាមដានឲ្យបានដិតដល់ពីស្ថានភាពសុខភាពរបស់ទារក ពិសេសបានធ្វើការណែនាំដល់មាតាបិតាកូនភ្លោះ ត្រូវស្តាប់តាមការណៃនាំរបស់គ្រូពេទ្យមុនពេលចេញទៅលំនៅដ្ឋាន ដោយសារស្ថានភាពរបស់ទារកមានសភាព ខ្សត់ខ្សោយសុខភាព។ ឯកឧត្តមនិងលោកជំទាវ បានឧបត្ថម្ភថវិកាចំនួន៥០០ដុល្លា ដល់ក្រុមគ្រូពេទ្យដើម្បីសំរួលដល់ ការចំណាយផ្សេងៗ។

នៅចំពោះមុខក្រុមគ្រូពេទ្យនិងមាតាបិតាកូនភ្លោះ ឯកឧត្តម សេង ទៀង មានប្រសាសន៍ពាំនាំនូវការផ្តាំផ្ញើរសាកសួរសុខទុក្ខ ដោយសេចក្តីនឹករលឹកយ៉ាងជ្រាលជ្រៅបំផុត ពីសម្តេចតេជោនិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជានិច្ចកាលសម្តេចទាំងទ្វេ តែងតែផ្ញើនូវការនឹករលឹកចំពោះប្រជាពលរដ្ឋ នៅគ្រប់ទីកន្លែងទាំងអស់ ក្នុងប្រទេសកម្ពុជា។

ឯកឧត្តមជំនួយការផ្ទាល់មានប្រសាសន៍ឲ្យដឹងដែរថា ចាប់តាំងពីឆ្នាំ១៩៩៩រហូតមកដល់បច្ចុប្បន្ននេះ មានគ្រួសារប្រសូត្រទារកភ្លោះបីនាក់ឫបួននាក់ ចំនួន៣៥៤គ្រួសារហើយ បានទទួលអំណោយឧបត្ថម្ភដ៏សប្បរសធម៌ ពីសម្តេចតេជោនិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងការជួយទំនុកបំរុងដល់ការលំបាកខ្វះខាតក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ពិសេសការចិញ្ចឹមបីបាច់ទារកភ្លោះបីនាក់ ដែលជាចៅៗរបស់សម្តេចទាំងទ្វេ នៅពេលឆ្លងទន្លេរួច។

ឯកឧត្តមមានប្រសាសន៍បន្តថា ចំនួនគ្រួសារទារកភ្លោះបីនាក់នេះមានច្រើនជាងនេះទៀត ដែលសម្តេចតេជោនិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានឧបត្ថម្ភតាមរយៈអ្នកតំណាងរាស្រ្ត និងក្រុមការងារចុះជួយប្រជាពលរដ្ឋនៅតាមមូលដ្ឋានភូមិ ឃុំ ស្រុក រាជធានីខេត្ត កាលពីមុនឆ្នាំ១៩៩៩។ ឯកឧត្តមមានប្រសាសន៍បន្តថា ជំនួយឧបត្ថម្ភទាំងអស់នេះ មិនមែនជាអំណោយរបស់រាជរដ្ឋាភិបាល អំណោយរបស់កាកបាទក្រហមកម្ពុជា ឬអំណោយរបស់គណបក្ស ដែលបំរើឲ្យសកម្មភាពនយោបាយនោះទេ ផ្ទុយទៅវិញអំណោយទាំងអស់នេះ គឺជាអំណោយទានកើតចេញពីទឹកចិត្តជ្រះថ្លាប្រកបដោយការគិតគួរខ្ពស់ របស់សម្តេចតេជោនិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានឈ្វេងយល់ពីការលំបាកពិតប្រាកដ ចំពោះប្រជាពលរដ្ឋដែលមានប្រសូត្រទារកភ្លោះបីឬបួននាក់ពិតប្រាកដ។

សូមបញ្ជាក់ថា នេះគឺជាគ្រូសារកូនភ្លោះទី១ ក្នុងឆ្នាំ២០២០ ដែលទទួលបានថវិកាឧបត្ថម្ភ របស់សម្តេចតេជោនិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត។ តំណាងមាតាបិតាកូនភ្លោះ មានប្រសាសន៍ថ្លែងនូវការគោរពដឹងគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះសម្តេចតេជោនិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានផ្តល់នូវអំណោយឧបត្ថម្ភដ៏សប្បរសធម៌ដល់គ្រួសាររបស់ខ្លួន ដែលជួបប្រទះនូវការលំបាក ក្នុងការចិញ្ចឹមបីបាច់កូនភ្លោះបីនាក់ ក្នុងស្ថានភាពដែលគ្រួសាររបស់ខ្លួន មានជីវភាពរស់នៅដ៏លំបាកនេះ។