សមាគមសភាពាណិជ្ជកម្មកម្ពុជា-ចិន ខេត្តព្រះសីហនុ ជួបពិភាក្សាជាមួយក្រុមហ៊ុន​ សហ​គ្រាស ដើម្បីដោះស្រាយ និងផ្ដល់ឱកាសការងារដល់កម្មករដែលបាត់បង់ការងារ

AKP ព្រះសីហនុ ថ្ងៃទី០២ ខែមករា ឆ្នាំ២០១៩ — ដោយសារតែការបិទល្បែងភ្នាល់តាមប្រព័ន្ធអ៊ីនធឺណិតនៅខេត្តព្រះសីហនុ នាពេលថ្មីៗនេះ ដែលកម្មករកម្ពុជាជាង ៨,០០០នាក់ បាន​បាត់បង់ការងារ ហើយដើម្បីជួយឱ្យមានការងារធ្វើ​ឡើងវិញ  សមាគមសភាពាណិជ្ជកម្មកម្ពុជា-ចិន នៅខេត្តព្រះសីហនុ បានរៀបចំកិច្ចប្រជុំស្តីពី​ការឆ្លើយតបទៅនឹងសេចក្តីអំពាវនាវរបស់សាលាខេត្តព្រះសីហនុ និងការដោះស្រាយ​បញ្ហា​ការងាររបស់ប្រជាពលរដ្ឋកម្ពុជាដែលគ្មានការងារធ្វើ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស​ក្រុង​ព្រះសីហនុ។ កិច្ចប្រជុំនេះ បានធ្វើឡើងកាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ ដែលមានថ្នាក់​ដឹកនាំរោងចក្រ និងក្រុមហ៊ុនចិនជាង ៤០ នាក់ បានចូលរួមក្នុងកិច្ចប្រជុំនេះ។

អគ្គលេខាធិការនៃសមាគមសភាពាណិជ្ជកម្មកម្ពុជា-ចិន នៅខេត្តព្រះសីហនុ លោក JIANG KEXING បានបញ្ជាក់ថា  ក្រុមហ៊ុនមកពីប្រទេសចិន បានសាងសង់រោងចក្រ​និងរកស៊ី​នៅប្រទេសកម្ពុជា ត្រូវបំពេញកាតព្វកិច្ចសង្គមដោយសកម្ម​និងជួយដល់ប្រជាពលរដ្ឋ​ក្នុង​តំបន់​តាមសមត្ថភាពនាពេលដែលទទួលបានផលប្រយោជន៍ផ្ទាល់ខ្លួន។   លោកសង្ឃឹមថា សហគ្រាសទាំងអស់គ្នាត្រូវមានគំនិតត្រឹមត្រូវ ចំពោះការជ្រើសរើសកម្មករដែលបាត់​បង់ការ​ងារ​ពីកន្លែងកាស៊ីណូ។ លោកបានលើកឡើងថា “នេះមិនគ្រាន់តែអាចបំពេញតម្រូវ​ការធន​ធានមនុស្សរបស់ក្រុមហ៊ុនខ្លួនឯងប៉ុណ្ណោះទេ  ថែមទាំងចូលរួមចំណែកក្នុងស្ថិរភាព​សង្គម​និង​សុភមង្គលរបស់ប្រជាជននៅក្រុងព្រះសីហនុ និងបង្កើតនូវគំរូល្អរបស់វិនិយោគិន​ចិនទៀត​ផងដែរ។ លោកក៏បានជំរុញឱ្យរោងចក្រចិនទាំងអស់ គួរតែបំពេញទំនួលខុសត្រូ​វសង្គម​របស់​ខ្លួនយ៉ាងសកម្ម ​​ ប្រើប្រាស់​កម្មករដែលលាឈប់ពីរោង​ចក្រនៅពេលមុនឡើងវិញ  និង​ទទួល​យកបុគ្គលិកថ្មីដែលចង់ធ្វើការនៅរោងចក្រក្នុងតំបន់ ដើម្បីកែលម្អជីវភាពរស់នៅប្រជា​ពល​​រដ្ឋ​​ក្នុងតំបន់ ព្រមទាំងធានាភាពសុខដុមរមនាក្នុងសង្គម​តាមរយៈការផ្ដល់ឱកាស​ការងារ​ជាក់​ស្តែង។ លោកបានអះអាងថា ចំពោះសហគ្រាសដែលចូលរួមក្នុងកិច្ចប្រជុំនេះ​បានឆ្លើយ​តប​ដោយសកម្ម ហើយក៏បានស្វាគមន៍និយោជិតកម្ពុជាទាំងអស់មកធ្វើការនៅក្នុងរោងចក្រ​ផង​ដែរ។

តែទោះបីយ៉ាងណាក៏ដោយ ចាប់​តាំង​ពីរាជ​​​រដ្ឋាភិបាលកម្ពុជា​បានប្រកាស​ឱ្យ​បិទ​ល្បែង​ភ្នាល់​តាម​​ប្រព័ន្ធ​អ៊ីនធឺណិត​ កន្លង​មក​នេះ  នៅក្រុងព្រះសីហនុ កាស៊ីណូជាច្រើនត្រូវបានបិទ ជនជាតិចិន​ដែលធ្វើការនៅន្លែងកាស៊ីណូខុសច្បាប់ត្រូវបានចាក​ចេញទាំង​ក្រុមៗ​ត្រឡប់​ទៅ​ប្រទេស​ចិន​វិញ​​ជា​បន្ត​បន្ទាប់​   ធ្វើឱ្យបុគ្គលិកកម្ពុជាមួយចំនួនធំបានបាត់បង់ការងារធ្វើ។ ​ ជាមួយគ្នានេះ សមាគមសភាពាណិជ្ជកម្មកម្ពុជា-ចិន នៅខេត្តព្រះសីហនុ បានប្រមូលផ្តុំសហ​គ្រាសចិន នៅ​ក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ មកជួបគ្នា ដើម្បីដោះស្រាយបញ្ហា​ខាងលើនេះ ឱ្យទាន់ពេលវេលា ដើម្បីសម្តែងនូវការដើរតួនាទីជាស្ពានរវាងសហគ្រាស និងប្រ​ជាជនរបស់​សមាគម។

សូមបញ្ជាក់ថា ​  តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុមានចម្ងាយ ១៧ គីឡូម៉ែត្រ​ពីក្រុងព្រះសីហនុ​  ដែលប្រកាន់ខ្ជាប់នូវការអភិវឌ្ឍឧស្សាហកម្មជាក់ស្តែង។ រហូតមកដល់​ពេល​នេះ គឺមានក្រុមហ៊ុនចំនួន១៧៤ដែលមកពីប្រទេសចិន អឺរ៉ុប សហរដ្ឋអាមេរិក អាស៊ី​អាគ្នេយ៍និងបណ្តាប្រទេសដទៃទៀតបានមកធ្វើការវិនិយោគនៅទីនេះ   ហើយបានស្រូប​យក​កម្លាំងពលកម្មជិត៣០,០០០​នាក់ ​​ ​ក្នុងចំណោមនេះ គ្រួសារ៧០ភាគរយ នៃស្រុកព្រៃនប់​ក្នុងខេត្ដព្រះសីហនុ គឺមានសមាជិកធ្វើការនៅរោងចក្រក្នុងតំបន់នេះ។ ទន្ទឹមនេះ ក្រោយ​ពេល​​បញ្ចប់​ការសាងសង់តាមផែនការអភិវឌ្ឍន៍ នៃតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ    នឹងមានក្រុមហ៊ុនចំនួន ៣០០ សហគ្រាស អាចផ្តល់ការងារដល់កម្មករពី៨ម៉ឺន ទៅ១០ម៉ឺននាក់ ហើយនឹងក្លាយជាទីក្រុងឧស្សាហកម្មអន្តរជាតិថ្មីមួយដែលមានប្រជាជនកម្ពុជារាប់ពាន់គ្រួសាររស់នៅ និងធ្វើការនៅទីនេះ៕

ដោយ រិទ្ធី