អាជ្ញាធរឃុំអូរម្រះស្នើឱ្យស្ថាប័នពាក់ព័ន្ធ បង្កើតរមណីយដ្ឋានទេសចរណ៍ផ្សោតត្បូងខ្លាឱ្យមានស្តង់ដា

វិទ្យុជាតិកម្ពុជា ដោយលោកអ៊ានគឹមហឿន ខេត្តស្ទឹងត្រែង០២/០១/ ២០២០៖

អាជ្ញាធរនិងប្រជាពលរដ្ឋនៅឃុំអូរម្រះស្រុកសៀមបូក ខេត្តស្ទឹងត្រែង សុំឱ្យមន្ត្រីជំនាញជួយរៀបចំបង្កើតរមណីយដ្ឋានទេសចរណ៍ផ្សោត នៅក្នុងឃុំនេះ ដើម្បីឱ្យការ អភិរក្សសត្វផ្សោតស្ថិតនៅ គង្គវង្ស សម្រាប់ឱ្យភ្ញៀវជាតិនិងអន្តរជាតិមកទស្សនា។

ក្នុងវេទិកាពិគ្រោះយោបល់ក្រុមប្រឹក្សាខេត្តនៅស្រុកសៀមបូក លោកគង់វង្ស សមាជិកក្រុមប្រឹក្សាឃុំអូរម្រះតំណាងឱ្យប្រជាពលរដ្ឋបានបញ្ជាក់ថា៖ អន្លង់អភិរក្សសត្វផ្សោតចំនួន៣កន្លែង នៅតាមដងទន្លរមេគង្គក្នុងស្រុកនេះ មិនទាន់រៀបចំជារមណីយដ្ឋានទេសចរណ៍ឱ្យមានតាមស្តង់ដានៅឡើយទេ ក្នុងពេលដែលអាជ្ញាធរពាក់ព័ន្ធ បានខិតខំអភិរក្សចាប់តាំងពីឆ្នាំ២០០៦មក។ លោកបន្តថា៖ ប្រជាពលរដ្ឋចង់ឱ្យមានរម្មណីយដ្ឋានទេសចរណ៍នៅក្នុងឃុំ ព្រោះមានសត្វផ្សោតជាសក្តានុពល ហើយនៅតំបន់នេះសមត្ថកិច្ចជលផល ហាមឃាត់មិនឱ្យចូលទៅធ្វើនេសាទទេ។

លោកអ៊ន ប៉ោ សឿន ប្រធានមន្ទីរទេសចរណ៍ខេត្តបានទទួលយកការស្នើរឡើងនេះ ព្រោះមន្ទីរទេសចរណ៍ ក៍ចង់បានកិច្ចសហការ ពីអាជ្ញាធរមូលដ្ឋានដែរ ទើបនៅពេលយើង រៀបចំរមណីយដ្ឋានបានដំណើការទៅល្អ ហើយការអភិរក្សសត្វផ្សោតទន្លេមេគង្គ និង មានប្រសិទ្ឋភាព។ លោកអះអាងថា៖ មន្ទីរទេសចរណ៍បានដាក់តំបន់សត្វផ្សោតត្បូងខ្លានេះ ចូលទៅក្នុងផែនការអភិវឌ្ឍន៍៥ឆ្នាំហើយ ដើម្បីផ្សព្វផ្សាយរកដៃគូមកជួយវិនិយោគ ដើម្បីភ្ជាប់ជាខ្សែសង្វាក់ទេសចរ ទៅកាន់រមណីយដ្ឋានអូរជួរវែង នៅក្នុងឃុំនេះផងដែរ ។

លោកវង្ស សារឿន នាយរងខណ្ឌជលផលស្ទឹងត្រែងបានគាំទ្រចំពោះគម្រោងនេះ ព្រោះយើងទទួលបានផលប្រយោជន៍ទាំងសងខាង បទល្មើសនេសាទក៍ត្រូវបានកាត់បន្ថយ សត្វផ្សោតមេអង្គក៍ការពារបាន វិស័យទេសចរណ៍ក៍បានលើកកម្ពស់ទៅដល់មូលដ្ឋាន។

សូមបញ្ជាក់ថា៖ ខេត្តស្ទឹងត្រែងមានអន្លង់អភិរក្សសត្វផ្សោតចំនូន៤កន្លែង ក្នុងនោះមានអន្លង់ផ្សោតត្បូងខ្លា-កោះសន្ទក់-កោះជ្រីម មិនទាន់បានបង្កើតជារមណីយដ្ឋាន ចំណែកអន្លង់ត្រីផ្សោតកោះឈើទាលក្នុងឃុំព្រះរំកិល បង្កើតជាតំបន់អេកូទេសចរណ៍រួចហើយ ក្រោមការគាំទ្រពីអង្គការម្លប់បៃតង៕