កម្រិតទឹកទន្លេមេគង្គនឹងធ្លាក់ចុះបន្ទាប់ពីការធ្វើសាកល្បងឧបករណ៍ទំនប់នៅប្រទេសចិន

វិទ្យុជាតិកម្ពុជា៖ ដោយ លោក វ៉ាង ភក្តី៖

គណៈកម្មការទន្លេមេគង្គ បានឲ្យដឹងថា កម្រិតទឹកទន្លេមេគង្គនឹងធ្លាក់ចុះ បន្ទាប់ពីការធ្វើសាកល្បងឧបករណ៍នៅទំនប់នៅប្រទេសចិន ដែលជះឥទ្ធិពលដល់កម្រិតទឹកទន្លេនៅក្នុងប្រទេសថៃ ឡាវ និងកម្ពុជា។
គណៈកម្មការទន្លេមេគង្គ បានបញ្ជាក់ថា លំហូរទឹកនៅស្ថានីយ៍វារីអគ្គិសនីជីងហុងក្នុងប្រទេសចិន នឹងត្រូវកាត់បន្ថយជាង៥០ភាគរយ ឬធ្លាក់ចុះរហូតដល់ចន្លោះពី៥០០ ទៅ៨០០ម៉ែត្រគូប ក្នុងមួយវិនាទី ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៤ ខែមករា ឆ្នាំ២០២០នេះ ខណៈដែលកន្លងទៅលំហូរនៃទឹកមានកម្រិតពី១.២០០ ទៅ ១៤០០ម៉ែត្រគូប ក្នុងមួយវិនាទី។
លោកបណ្ឌិត សុធា ខេម អ្នកឯកទេសខាងព្យាករណ៍នៃលេខាធិការដ្ឋានគណៈកម្មការទន្លេមេគង្គ មានប្រសាសន៍ថា ការថមថយនៃលំហូរទឹកនេះ អាចបង្អាក់ដល់សកម្មភាពដូចជាការប្រមូលផលតាមដងទន្លេ និងប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋផងដែរ ខណៈគ្រោះរាំងស្ងួតក្នុងឆ្នាំ២០១៩ បានធ្វើឲ្យកម្រិតទឹកទន្លេមេគង្គឈានដល់ចំណុចទាបបំផុតមិនធ្លាប់មាន ក្នុងរយៈពេល៦០ឆ្នាំចុងក្រោយនេះ។
ផ្អែកតាមការស្ទង់ និងការព្យាករណ៍របស់គណៈកម្មការទន្លេមេគង្គ បានបង្ហាញថា កម្ពស់ទឹកទន្លេនៅឈៀងសាន់ ដែលជាស្ថានីយ៍ត្រួតពិនិត្យដំបូង នៅតាមដងទន្លេមេគង្គក្នុងប្រទេសថៃ មានចម្ងាយប្រហែល៣០០គីឡូម៉ែត្រ ពីស្ថានីយ៍វារីអគ្គិសនីជីងហុងក្នុងប្រទេសចិន អាចធ្លាក់ចុះចន្លោះ០.៥០ និង១ម៉ែត្រ ក្នុងចន្លោះពីថ្ងៃទី១ ដល់ ថ្ងៃទី៦ ខែមករា ដែលចំនួនធ្លាក់ចុះនេះ ក៏ធ្វើឲ្យដងទន្លេនៅផ្នែកខាងក្រោមទៀតទទួលរងនៅឥទ្ធិពលនេះផងដែរ។
សម្រាប់ទន្លេមេគង្គនៅកម្ពុជា មានដូចជានៅស្ទឹងត្រែង ក្រចេះ កំពង់ចាម ភ្នំពេញ កោះខែល និងអ្នកលឿង កម្រិតទឹកនឹងធ្លាក់ចុះពីចន្លោះ០.០២ ទៅ០.២៥ម៉ែត្រ នៅក្នុងរង្វង់ថ្ងៃទី១៥ ដល់ថ្ងៃទី១៨ ខែមករា៕