រដ្ឋបាលខេត្តកំពត ប្រកាសបញ្ចៀសចរាចរណ៍បណ្តោះអាសន្នលើកំណាត់ផ្លូវជាតិលេខ៣ និង៣៣ ចាប់ពីថ្ងៃទី០៤ ដល់ថ្ងៃទី០៦ ខែមករានេះ

វិទ្យុជាតិកម្ពុជា ៖ ស៊ឹង សុផារី ០២.០១.២០២០ ៖


រដ្ឋបាលខេត្តកំពត ប្រកាសបញ្ចៀសចរាចរណ៍ជាបណ្តោះអាសន្ន ចំពោះរថយន្តដឹកជញ្ជូនគ្រប់ប្រភេទដែលធ្វើចរាចរណ៍លើកំណាត់ផ្លូវជាតិលេខ៣ និង៣៣ ក្នុងភូមិសាស្ត្រខេត្តកំពត ដើម្បីចូលរួមអបអរសាទរ និងរៀបចំព្រឹត្តិការណ៍ប្រណាំងកង់ពិភពលោកនៅខេត្តតំបន់ឆ្នេរលើកទី១ ប្រចាំឆ្នាំ២០២០ ឲ្យប្រព្រឹត្តិទៅដោយរលូន និងទទួលបានជោគជ័យ ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តកំពត ឲ្យដឹងថា ម្ចាស់រថយន្តដឹកជញ្ជូនគ្រប់ប្រភេទទាំងអស់ សូមបញ្ចៀសចរាចរណ៍ដឹកជញ្ជូនគ្រប់ប្រភេទ ចាប់ពីថ្ងៃទី០៤ដល់ថ្ងៃទី០៦ ខែមករា ឆ្នាំ២០២០ លើកំណាត់ផ្លូវជាតិលេខ៣ ចាប់ពីគ.ម១៨០+០០០(ផ្សារត្រពាំងរពៅ) និងផ្លូវជាតិលេខ៣៣ រហូតដល់គ.ម០១២+០០០(ក្លោងទ្វាវត្តកំពង់នង់) ដោយផ្លូវនេះស្ថិតក្នុងសៀគ្វី(បរិវេណ) នៃការប្រណាំងកង់ពិភពលោក ។
ប្រភពដដែលបានបន្តថា ខេត្តកំពតនឹងមានព្រឹត្តិការណ៍ប្រណាំងកង់ពិភពលោក នៅខេត្តតំបន់ឆ្នេរលើកទី១ប្រចាំឆ្នាំ២០២០ ដោយចេញដំណើរពីខេត្តកោះកុង ឆ្ពោះមកខេត្តកំពត និងបន្តដំណើរឆ្ពោះទៅខេត្តកែប ។
រដ្ឋបាលសាលាខេត្តកំពត សង្ឈឹមយ៉ាងមុតមាំថា ម្ចាស់រថយន្តដឹកជញ្ជូនគ្រប់ប្រភេទទាំងអស់ នឹងធ្វើការបញ្ចៀសចរាចរណ៍ជាបណ្តោះអាសន្នលើកំណាត់ផ្លូវដែលបានកំណត់ តាមស្មារតីទទួលខុសត្រូវខ្ពស់។
សូមបញ្ជាក់ថា ព្រឹត្តិការណ៍នេះ មានការចូលរួមពី ១៥ប្រទេស ដែលចែកជា ២០ក្រុមកីឡាករសរុប ១២០នាក់ និងគណៈប្រតិភូអមដំណើរចំនួន១៨០នាក់ ព្រមទាំងមានអ្នកសារព័ត៌មានធំៗចំនួន ២៧សារព័ត៌មាន មកពី (USA, China, Australia ,Europe) ៕