ស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនអបអរសាទរឆ្នាំថ្មីឆ្នាំសកលនិងជូនពរចំពោះប្រិយមិត្តអន្តរជាតិនៅថ្ងៃទី១ខែមករា ឆ្នាំ២០២០

វិទ្យុជាតិកម្ពុជា៖
លោក Shen Haixiong អគ្គនាយកនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានសម្តែងការអបអរសាទរឆ្នាំថ្មីឆ្នាំសកលឆ្នាំ២០២០ជូនចំពោះប្រិយមិត្តអន្តរជាតិនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនតាមរយៈវិទ្យុអន្តរជាតិចិននិងបណ្តាញអ៊ីនធឺណិត។
លោក Shenបានបញ្ជាក់ថា ២០២០ជាលេខសំណាងដ៏ល្អនិងល្អបវរមួយ ហើយអ្នកប្រើប្រាស់បណ្តាញអ៊ីនធឺណិតចិនក៏បានពន្យល់លេខនេះថា បើអានជាភាសាចិនគឺ“Ai Ni Ai Ni”ដែលមានន័យថា ស្រឡាញ់អ្នក ។ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីឆ្នាំសកលឆ្នាំ២០២០ ក្នុងនាមអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន សូមជូនពរឆ្នាំថ្មីឆ្នាំសកលជូនចំពោះប្រិយមិត្តពីក្រុងប៉េកាំង ទៅដល់ប្រិយមិត្តអន្តជាតិទាំងអស់។

លោកបញ្ជាក់ ប្រវត្តិសាស្ត្ររបស់មនុស្សជាតិគឺសរសេរដោយខណៈពេលនីមួយៗ ។ ខណៈពេលជាច្រើននៅឆ្នាំ២០១៩ បានក្លាយជាការចងចាំអមតៈ ។ កាលពីថ្ងៃទី១ខែតុលា ពួកយើងបានអបអរសាទរខួបគម្រប់៧០ឆ្នាំនៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន ។ ប្រិយមិត្តបានចែករំលែកដំណើរប្រវត្តិសាស្ត្រមិនធម្មតាក្នុងរយៈពេល៧០ឆ្នាំនៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិនតាមរយៈភាពយន្តឯកសារពហុភាសាក្រោមចំណងជើងថា 《យើងដើរឆ្ពោះទៅមុខ》និងភាពយន្តផ្សាយផ្ទាល់កម្រិតគុណភាពច្បាស់បំផុត ៤K ក្រោមចំណងជើងថា 《ខណៈពេលនេះ ពិធីព្យុហយាត្រាកងទ័ពឆ្នាំ២០១៩》ដែលផ្សព្វផ្សាយដោយអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន ។ លោក Francesco Maringio អ្នកជំនាញរបស់អ៊ីតាលីបានសរសេរដោយកោតសរសើរចំពោះសមិទ្ធផលដ៏ត្រចះត្រចង់ដែលសាធារណរដ្ឋប្រជាមានិតចិនទទួលបានក្នុងរយៈពេល៧០ឆ្នាំកន្លងទៅ ហើយលោកសម្គាល់ថា ប្រជាជនចិនពិតជាមានមោទនភាពចំពោះការនេះ ។

ក្នុងរយៈពេលមួយឆ្នាំកន្លងទៅនេះ យើងបានខិតខំចាប់យករាល់ពេលវេលាដ៏អស្ចារ្យនៃការឈានទៅមុខរបស់ប្រទេសចិន ដើម្បីបង្ហាញដល់ពិភពលោកនូវយុគសម័យថ្មីដែលប្រកបដោយភាពប្រាកដប្រជា និងគ្រប់ជ្រុងជ្រោយនៃប្រទេសចិន។ យើងបានប្រើប្រាស់បច្ចេកវិទ្យានិងវិធីសាស្ត្រសោតទស្សន៍បែប 5G+4K/8K+AI និងបានធ្វើការផ្សព្វផ្សាយដោយជោគជ័យនូវសកម្មភាពទ្រង់ទ្រាយធំនិងសំខាន់ៗមួយចំនួនដូចជា វេទិកាកំពូលសម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិស្តីពី “ខ្សែក្រវាត់និងផ្លូវ” , កិច្ចប្រជុំសន្ទនាស្តីពីអរិយធម៌អាស៊ី , ការអបអរសាទរខួបគម្រប់ ២០ ឆ្នាំនៃការវិលត្រឡប់របស់ម៉ាកាវមកកាន់មាតុប្រទេសវិញជាដើម។ ខ្សែភាពយន្តជាពហុភាសាដែលយើងបានចេញផ្សាយដូចជា « រឿងនិទាននិងឃ្លាកំណាព្យដែលលោក ស៊ី ជីនភីង ចូលចិត្តដកស្រង់ (Classics Quoted by Xi) » « ការពិពណ័នាអំពីរតនសម្បត្តិជាតិ (Every Treasure Tells a Story) » …បានបើកបង្អួចឱ្យប្រិយមិត្តទាំងអស់បានស្វែងយល់កាន់តែស៊ីជ្រៅពីទស្សនៈតម្លៃរបស់ប្រទេសចិនក្នុងយុគសម័យថ្មីនិងវប្បធម៌និងប្រវត្តិសាស្ត្រដ៏យូរលង់របស់ប្រទេសចិន ។ សកម្មភាពជួបជុំជាមួយប្រិយមិត្តទូទាំងសកលលោកក្រោមប្រធានបទ “ ធ្វើដំណើរជាមួយប្រទេសចិន ” កម្មវិធីផ្សព្វផ្សាយបែបច្នៃប្រឌិតថ្មីក្រោមប្រធានបទ “ សប្បាយចិន-រុស្ស៊ី ” និងពិធិករល្បីតាមអ៊ីនធឺណិតនិងបណ្តាញទំនាក់ទំនងសង្គមជាច្រើនភាសា– ។ កម្មវិធីទាំងនេះបានជួយឱ្យប្រិយមិត្តកាន់តែច្រើនជាប់ចិត្តជាមួយប្រទេសចិននិងគាំទ្រប្រទេសចិន។

លោកបញ្ជាក់ថា អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានបង្កើតឡើងមានរយៈពេល ២ ឆ្នាំមកហើយ ប៉ុន្តែយើងខ្ញុំដឹងច្បាស់ថា នៅក្នុងយុគសម័យបណ្តាញអ៊ីធឺណិតនេះ បើសិនមិនអាចវិវឌ្ឍទៅមុខឬវិវឌ្ឍយឺតៗ នោះគឺជាការដើរថយក្រោយហើយ ។ យើងខ្ញុំចងចាំជានិច្ចចំពោះអនុសាសន៍របស់លោកស៊ី ជីនភីង ប្រធានរដ្ឋចិនដែលតម្រូវឱ្យប្រកាន់ខ្ជាប់នូវយុត្តិធម៌និងការច្នៃប្រឌិតថ្មី ដើម្បីកសាងនិងប្រើប្រាស់ឱ្យបានល្អនូវប្រព័ន្ធផ្សព្វផ្សាយថ្មីនិងវេទិកាថ្មី ។ យើងខ្ញុំនឹងខិតខំប្រឹងប្រែងដើម្បីឆ្ពោះទៅកាន់ប្រព័ន្ធផ្សព្វផ្សាយដ៏សំខាន់បែបថ្មីលំដាប់ទីមួយលើផ្ទៃអន្តរជាតិក្រោមការដឹកនាំប្រកបដោយភាពច្នៃប្រឌិតថ្មី ។ ក្នុងឆ្នាំ ២០១៩នេះ យើងខ្ញុំបានបង្កើតនិងចាប់ផ្តើមដំណើរការនូវបន្ទប់ពិសោធន៍ដ៏សំខាន់ថ្នាក់ជាតិដំបូងបង្អស់មួយសម្រាប់ផលិតកម្មវិធីសោតទស្សន៍UHD និងបានបង្កើតកម្មវិធីប្រព័ន្ធផ្សព្វផ្សាយថ្មី 5G ឈ្មោះ Yangshipin ។ក្រៅនេះ ដើម្បីទទួលបានការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ យើងខ្ញុំបានធ្វើការកែទម្រង់កម្មវិធី ដោយបានដាក់ចេញកម្មវិធីល្អៗជាង ២០០ ក្នុងន័យផ្តល់កម្មវិធីល្អៗកាន់តែច្រើនដល់អ្នកប្រើប្រាស់ ។

សេចក្តីរាយការណ៍អំពីចំណុចសំខាន់ៗនៅលើពិភពលោកទាំងមូលប្រកបដោយគ្រប់ជ្រុងជ្រោយ សត្យានុម័តនិងយុត្តិធម៌ គឺជាបទដ្ឋានដែលយើងតែងតែប្រកាន់ខ្ជាប់។ យើងប្រកាន់ខ្ជាប់នូវអាកប្បកិរិយាបើកទូលាយនិងកិច្ចសហប្រតិបត្តិការ ហើយធ្វើការផ្លាស់ប្តូរជាមួយសមភាគីសារព័ត៌មានជាតិនិងអន្តរជាតិដោយឈរលើមូលដ្ឋានស្មើភាពគ្នា។នៅឆ្នាំនេះ ខ្ញុំបានជួបសន្ទនានិងផ្លាស់ប្តូរទស្សនៈគ្នាជាមួយអ្នកទទួលខុសត្រូវនៃបណ្តាសមភាគីសារព័ត៌មានអន្តរជាតិ ចំនួន ជាង ១៥០ ដែលរួមមាន ទីភ្នាក់ងារ ព័ត៌មាន Associated Press ទីភ្នាក់ងារ ព័ត៌មាន Reuters ទីភ្នាក់ងារ ព័ត៌មាន Agence France-Presse និង ទីភ្នាក់ងារ ព័ត៌មាន BBC ជាដើម។គ្រប់

ភាគីទាំងអស់មានការយល់ដឹងពីគ្នាទៅវិញទៅមកកាន់តែច្រើនឡើងៗ ហើយរង្វង់មិត្តភក្តិមួយត្រូវបានបន្តពង្រីកឥតឈប់ឈរ។
លោក Shen Haixiong អគ្គនាយកនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានបញ្ជាក់ថា លោកក៏បានសោកស្តាយដែលបានឃើញថា មិនដឹងមកពីមូលហេតុអី ប្រព័ន្ធសារព័ត៌មានលោកខាងលិចមួយចំនួនបានផ្សព្វផ្សាយដោយភាពងងឹតងងល់ក្នុងព័ត៌មានមួយចំនួនដែលពាក់ព័ន្ធនឹងប្រទេសចិន។សូម្បីតែពាក្យចចាមអារ៉ាមក៏អាចផ្សព្វផ្សាយជាព័ត៌មានបានដែរ ហើយបណ្តាលឱ្យបាត់បង់ភាពត្រឹមត្រូវនៃខ្លឹមសារព័ត៌មាន។ការផ្សព្វផ្សាយព័ត៌មានមួយចំនួនក៏មិនខុសពីរឿងប្រលោមលោកអក្សរសាស្ត្រដែរ។យើងទាំងអស់គ្នាជឿជាក់ថា អង្គហេតុគឺជាអាយុជីវិតនៃការផ្សព្វផ្សាយព័ត៌មាន។ប្រសិនបើអ្នកពឹងផ្អែកលើការស្រមើលស្រមៃក្នុងការផ្សព្វផ្សាយនិងយល់ច្រឡំព័ត៌មានថាជារឿងប្រលោមលោក នោះ វានឹងធ្វើឱ្យបាត់បង់នូវភាពជឿជាក់ពីសាធារណជន។ការនេះក៏ត្រូវបានអ្នកទទួលខុសត្រូវនៃប្រព័ន្ធសារព័ត៌មាននីមួយៗដែលប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈមានការប្រុងប្រយ័ត្នខ្ពស់។

លោក William Hazlitt អ្នកនិពន្ធជនជាតិអង់គ្លេសក្នុងសតវត្សទី ១៨ បានពោលនូវឃ្លាប្រយោគដ៏ល្បីល្បាញមួយថា “ ការរើសអើងគឺកំណើតនៃភាពល្ងង់ខ្លៅ។ ការស្វែងរកការពិតនិងលុបបំបាត់ការរើសអើង គឺមានតម្លៃខ្លាំងណាស់ ។ អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិននឹងបន្តប្រកាន់ខ្ជាប់នូវគោលជំហរសត្យានុម័តនិងយុត្តិធម៌ ដើម្បីផ្សព្វផ្សាយនូវការពិតនិងសំឡេងយុត្តិធម៌ទៅកាន់សហគមន៍អន្តជាតិ ។
កវីចិនម្នាក់ឈ្មោះZhang Jiuling នៅរជ្ជកាលថាងធ្លាប់សរសេរថា អ្នកដឹងចិត្តគ្នាមិនបែងចែកជិតឬឆ្ងាយទេ ទោះបីឃ្លាតគ្នាម៉ឺនយោជន៍ក៏ដូចជាអ្នកជិតខាងដែរ ។ យើងជួបជុំនិងរួមរស់នៅលើផែនដីនេះ វាគឺជានិស្ស័យម្យ៉ាង ។ ដូចជាពេលកំពុងបំពេញទស្សនកិច្ចនៅប្រេស៊ីលនិងអាហ្សង់ទីន ខ្ញុំបានឃើញផ្កានិងឮសំឡេងបក្សីដូចគ្នានឹងពេលដែលខ្ញុំធ្លាប់ឃើញនិងឮនៅខេត្តក្វាងតុងដែលខ្ញុំធ្លាប់ធ្វើការ ។ នៅអ៊ីតាលីនិងអេស្ប៉ាញ ខ្ញុំបានភ្លក់ស្រាអង្កដំណើបនិងបន្ទះសាច់ងៀតស្រដៀងនឹងខេត្តជឺជាំងដែលជាស្រុកកំណើតរបស់ខ្ញុំ ។ គំនិតស្តីពី“ផែនដីដូចជាភូមិមួយ”គឺជាក់ច្បាស់និងពិតប្រាកដអ៊ីចឹង ។ គ្មានមូលហេតុសម្រាប់ប្រជាជនក្នុងភូមិនេះមិនឱ្យធ្វើការប្រាស្រ័យទាក់ទងគ្នានិងផ្លាស់ប្តូរគ្នានោះទេ ។ ខ្ញុំតែងតែយល់ឃើញថា ការផ្លាស់ប្តូររវាងប្រព័ន្ធសារព័ត៌មានអាចបំបាត់របាំងគំនិតនិងទោសាគតិ ធ្វើឱ្យមនុស្សកាន់តែច្រើនឡើងៗក្លាយជាមិត្តភក្តិ ។
ឆ្នាំ ២០២០ ជាឆ្នាំចុងក្រោយនៃការបញ្ចប់ការកសាងសង្គមដែលប្រជាជនមានជីវភាពរស់នៅកម្រិតធូរធារបង្គួរគ្រប់ជ្រុងជ្រោយរបស់ប្រទេសចិន ហើយនឹងនិយាយពាក្យលាភាពក្រីក្រខ្លាំងចំពោះប្រទេសមួយដែលមានប្រជាជនចំនួន ១៤០០ លាននាក់នេះ ដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ។ សម្រាប់អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន នឹងបន្តកត់ត្រានូវយុគសម័យប្រកបដោយឧត្តមភាពនិងស្វែងរកភាពល្អឥតខ្ចោះតាមជំនាញវិជ្ជាជីវៈរបស់ខ្លួន ដើម្បីផ្សព្វផ្សាយរឿងរ៉ាវជាច្រើនទៀតដែលកំពុងកើតឡើងក្នុងប្រទេសចិននិងពិភពលោកជូនដល់ប្រិយមិត្ត ដើម្បីបញ្ចូលថាមពលវិជ្ជមានកាន់តែច្រើនដល់ការកសាងសហគមន៍រួមវាសនាសម្រាប់មនុស្សជាតិ៕