ខេត្តស្ទឹងត្រែងបង្កើតគណៈអាជីវករផ្សារសាមគ្កីស្ទឹងត្រែង

វិទ្យុជាតិកម្ពុជា ដោយលោកអ៊ានគឹមហឿន ខេត្តស្ទឹងត្រែង
M.Cអាជ្ញាធរខេត្តស្ទឹងត្រែងសម្រេចបង្កើតឱ្យមានគណៈអាជីវករផ្សារសាមគ្កីស្ទឹងត្រែងដើម្បីរៀបចំទីផ្សារឱ្យមានសណ្តាប់ធ្នាប់ល្អ បរិស្ថានស្អាត សម្រាប់អាជីករ លក់ដូរមានសុវត្ថិភាពនិងធានាដល់ការគ្រប់គ្រង់ឱ្យមាននិរន្តរភាពក្នុងសង្គម។
ក្នុងពិធីបោះឆ្នោតជ្រើសរើសគណៈអាជីវករផ្សារសាមគ្គីនៅសាលាខេត្ត ស្ទឹងត្រែងកាលពីថ្ងៃទី៣០ខែធ្នូលោកដួងពៅអភិបាលរងខេត្តមានប្រសាសន៍ថា៖គណៈអភិបាលខេត្ត- ក្រុង ចង់ឃើញភាពរីកចំរើនលើគ្រប់វិស័យនៅក្នុងខេត្តរបស់យើង ទាំងផ្នែកជីវភាពរបស់បងប្អូនប្រជាពលរដ្ឋ ទាំងការថែរក្សារបានល្អនៅគ្រប់សមទ្ធិផលដែលខេត្តយើងមាន។
លោកបន្តថា៖ដើម្បីឱ្យដើរទន្ទឹមគ្នាបានល្អ អាជ្ញាធរខេត្តក្រុងចង់ឱ្យមានភាពសុក្រិតមួយសម្រាប់ឱ្យបងប្អូនអាជិវករយើងនៅផ្សារសាមគ្គី រួមកិច្ចសហការគ្នាល្អ ក្នុងការជ្រើសរើសតំណាងដឹកនាំរបស់ខ្លួន។
(សម្លេង)អញ្ចឹង៥រូបគាត់ធ្វើគណៈអាជីវករគាត់មានភារៈកិច្ចទ្រទ្រង់ធ្វើកិច្ចការមិនកាត់ផ្តាច់មុខបំពេញសិទ្ធថៅកែទេ គាត់ជាអ្នកគ្រប់គ្រងកិច្ចការសម្របសម្រួលធ្វើយ៉ាងណាឲ្យផ្សារទាំងមូលមានសណ្តាប់ធ្នាប់អាចគ្រប់គ្រងបានអាចធានានូវសុវត្ថិភាពបាន ហើយជាផ្សារមួយអាចរកចំណូលជូនប្រជាពលរដ្ឋរបស់យើង រកស៊ីទទួលទានមានបានគ្រប់ៗគ្នា សុំឲ្យផ្សារយើងបានសុខរកស៊ីមានបានអ្នកលក់សប្បាយ រីករាយ អ្នកទិញមកច្រើន ។
លោក សាយ កុសល អភិបាលរងក្រុងបានបញ្ជាក់ថាៈ គោលការណ៍នេះ អាជ្ញាធរក្រុងបានឯកភាពជាមួយបងប្អូនអាជីវករទាំងអស់ នៅផ្សារសាមគ្គីថ្មីស្ទឹងត្រែង រៀបចំបោះឆ្នោតជ្រើរើសគណៈអាជីវករគ្រប់គ្រង ផ្សារ តាមរយៈយកសម្លេងភាគច្រើន ធ្វើជាប្រធានគណៈអាជីវករ ដើម្បីឲ្យមានការគ្រប់គ្រងមួយច្បាស់លាស់ ក្នុងការដឹកនាំរៀបចំ សណ្តាប់ធ្នាប់សាធារណៈក្នុងនិងបរិវេនផ្សារឲ្យ មានរបៀបរាបរយល្អ ឈានទៅលើក កម្កើងដល់ការគ្រប់គ្រងផ្នែកបរិស្ថានផង។
លោក ចាន់ គឹមឈុន ប្រធានគណៈអាជីវករបានសាទរ ចំពោះបងប្អូនអាជីវករទាំងអស់ ដែល ប្រគល់ក្តីទុកចិត្តឲ្យរូបលោកដឹកនាំ គ្រប់គ្រងមើលខុសត្រូវក្នុងផ្សារសាមគ្គី ដើម្បីលើកកម្ពស់ក្នុងការប្រកបមុខរបរស្របតាមនិតិវិធី។
លោកអះអាងថាៈទទួលបានសេចក្តីទុកចិត្តនេះ ក្នុងនាមគណៈអាជីវករលោកនឹងប្រឹងប្រែងដឹកនាំអនុត្តវតាមលក្ខន្តិកៈបទបញ្ជាផ្ទៃក្នុង និងធានាការអនុវត្តនូវសៀវភៅបន្ទុកបានត្រឹមត្រូវ ដែលជាផ្នែកមួយធ្វើឲ្យមាននិរត្តរៈភាព ក្នុងការប្រកបរបរអាជីវកម្ម ។
គួរំលឹក ថា៖ផ្សារសាមគ្គី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្តី្រ នៃព្រះរាជាណាចក្រកម្ពុជា បានចំណាយថវិកាផ្ទាល់ខ្លួនរបស់សម្តេច សាងសង់ឡើងជូនបងប្អូនអាជីវករលក់ដូរឡើងវិញ បន្ទាប់ពីមានអគ្គីភ័យឆាប់ឆេះ ខូចខាតទាំងស្រុង កាលពីដើមខែ មេសា ឆ្នាំ២០១៥កន្លងមក ។
សូមបញ្ជាក់ថាៈ ការបោះឆ្នោតជ្រើសរើសគណៈអាជីវករនេះ បងប្អូបអាជីវករបានសរេច យកបេក្ខជនចំនួន ៥នាក់ ក្នុងចំណោម ១០នាក់ -ទី១មានលោក ចាន់ គឹមឈុន -ទី១លោកកៅ ជឿម -ទី៣លោក លីវ មីន -ទី៤លោក ស៊ឹង មន្នីរដ្ឋ និងទី៥លោក យិន សុខគី ដើម្បីធ្វើជាគណៈអាជីវកររៀបចំសណ្តាប់ធ្នាប់ផ្សារឲ្យបានល្អ ៕