មន្ទីរកិច្ចការនារីខេត្តប៉ៃលិនប្រជុំប្រចាំឆមាសទី២ ជាមួយបណ្តាញយេនឌ័រតាមមន្ទីរវិស័យ  និងអ្នកពាក់ព័ន្ធ

វិទ្យុជាតិកម្ពុជា៖ មន្ទីរព័ត៌មានប៉ៃលិន
កាលពីថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ២០១៩ មន្ទីរកិច្ចការនារីខេត្តប៉ៃលិនបានប្រជុំប្រចាំឆមាសទី២ ជាមួយបណ្តាញយេនឌ័រតាមមន្ទីរវិស័យនិងអ្នកពាក់ព័ន្ធ ស្តីពីការពនិត្យឡើងវិញនូវតួនាទី និងភារះកិច្ចរបស់មន្ត្រីបង្គោលទទួលបន្ទុកយេនឌ័រនិងអ្នកពាក់ព័ន្ធ ព្រមទាំងដើម្បីផ្លាស់ប្តូរបទពិសោធន៍ លើការលើកកម្ពស់ការងារបញ្ច្រាបយេនឌ័រ បរិយាប័ន្ន និងសច្ចធម៌សង្គម ក្រោមអធិបតីលោកជំទាវ ជាលាភ អភិបាលរងខេត្តប៉ៃលិន ។

លោកស្រី ច័ន្ទ ថាវី ប្រធានមន្ទីរកិច្ចការនារីខេត្តប៉ៃលិន បានថ្លែងថា៖ ស្របតាមស្ថានភាពបច្ចុប្បន្ន និងយោងតាមយុទ្ធសាស្រ្តចតុកោណ  ដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា « ដើម្បីកំណើនការងារ សមធម៌ និងប្រសិទ្ធភាពនៅកម្ពុជា» មន្ទីរកិច្ចការនារីក្នុងភាពជាដៃគូជាមួយមន្ទីរស្ថាប័ននិងដៃគូពាក់ព័ន្ធបាន រៀបចំផែនការយុទ្ធសាស្រ្តលើកកម្ពស់យេនឌ័រ ក្នុងការបន្តរួមចំណែកលើកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការលើកកម្ពស់ សមភាពយេនឌ័រនិងផ្តល់ភាពអង់អាចដល់ស្រ្តីលើការងារនិងសង្គមផងដែរ។ ម្យ៉ាងវិញទៀតដើម្បីត្រួតពិនិត្យឡើងវិញនូវតួនាទី និង ភារះកិច្ចរបស់មន្ត្រីបង្គោលទទួលបន្ទុកយេនឌ័រនិងអ្នកពាក់ព័ន្ធ ព្រមទាំងដើម្បីផ្លាស់ប្តូរបទពិសោធន៍ លើការលើកកម្ពស់ការងារបញ្ច្រាបយេនឌ័រ បរិយាប័ន្ន និងសច្ចធម៌សង្គមនៅខេត្តប៉ៃលិន អោយមានភាពល្អប្រសើរឡើងថែមទៀតផង។

លោកជំទាវ ជា លាភ អភិបាលរងខេត្តប៉ៃលិន បានថ្លែងការកោតសរសើរចំពោះបងប្អូនជានារីមន្ត្រីបង្គោលយេឌ័រនៅតាមមន្ទីរអង្គភាពជុំវិញខេត្តទាំងអស់ ដែលបានខិតខំយកអស់កំលាំងកាយចិត្តចូលរួមចំណែកក្នុងការធ្វើឲ្យដំណើរការការងារយេនឌ័រ អនុវត្តទទួលបានជោគជ័យក្នុងឆ្នាំ ២០១៩ នេះ។ លោកជំទាវអភិបាលរងខេត្តបានបន្តថា៖ រាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយនិងយន្តការទាំងឡាយ គឺសំដៅជំរុញការយកចិត្តទុកដាក់លើកស្ទួយតំលៃស្ត្រីខ្មែរក្នុងសង្គម ជំរុញលើការអភិវឌ្ឍលើគ្រប់ផ្នែក លប់បំបាត់រាល់ទស្សនៈឥរិយាបថរើសអើងចំពោះស្ត្រី ។ លោកជំទាវបានលើកឡើងជូនដល់អង្គប្រជុំត្រូវបន្ត អនុវត្ត ទៅតាមអនុសាសន៏របស់ សម្តេចតេជោ ដែល សម្តេចបានណែនាំឲ្យក្រុមប្រឹក្សាជាតិ កម្ពុជាដើម្បីស្ត្រី គ្រប់ក្រសួងស្ថាប័ន និងអាជ្ញាធរដែនដី បន្តអនុវត្ត នូវ អនុសាសន៏ ១១ ចំណុច របស់សម្តេចរួមមាន៖ ការលប់រាល់ទំរង់នៃការរើសអើងលើស្ត្រី,ស្វែងយល់ អំពីឧបសគ្គរារាំងក្នុងការបំពេញតួនាទី,រៀបចំវគ្គ បណ្ដុះបណ្ដាលជំនាញបច្ចេកទេសសំរាប់ថ្នាក់ដឹកនាំនារី,ស្វែងយល់អំពីស្ថានភាពសេដ្ឋកិច្ច ,បង្កើតច្បាប់ ជួញដូរផ្លូវភេទ ,គ្រប់គ្រងឲ្យបាននូវក្រុមហ៊ុនដែល បញ្ជូនពលការនីទៅធ្វើការប្រទេសក្រៅ,បង្កើនគំរោង ជួយអភិវឌ្ឍន៏ជនពិការ ជាពិសេសស្រ្តីនិងកុមារ,រក្សាប្រពៃណីកាងារវប្បធម៌ចំពោះស្ត្រី,ដោះស្រាយ ចំពោះនិស្សិតនារីដោយស្រាវជ្រាវរាល់ស្ថានភាពលំបាកនិងស្ត្រីត្រូវទទួលបានផលប្រយោជន៏ស្មើនឹងបុរសដែរ ៕

អត្ថបទលោក កុល កាយណា