ប្រធានមន្ទីរព័ត៌មានខេត្តប៉ៃលិនអញ្ជើញសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្រ្តីរាជការ និងភ្នាក់ងារព័ត៌មានក្នុងខេត្តប៉ៃលិន

វិទ្យុជាតិកម្ពុជា៖ មន្ទីរព័ត៌មានខេត្តប៉ៃលិន

កាលពីព្រឹកថ្ងៃ៣១ ខែធ្នូ ឆ្នាំ២០១៩ លោក យូ ពៅ ប្រធានមន្ទីរមានខេត្តប៉ៃលិនអញ្ជើញសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្រ្តីរាជការ និងភ្នាក់ងារសារព័ត៌មានក្នុងខេត្តប៉ៃលិន ក្នុងឱកាសឆ្លងឆ្នាំសកល ហើយក្នុងការជួបសំណសំណាលនេះក៏មានការអញ្ជើញចូលរួមពីអនុប្រធានមន្ទីរ ប្រធាន អនុប្រធានការិយាល័យចំណុះមន្ទីរ មន្រី្តក្រោមឱវាទ និងភ្នាក់ងារសារព័ត៌មានក្នុងខេត្តផងដែរ។

លោក យូ ពៅ ប្រធានមន្ទីរព័ត៌មានបានមានប្រសាសន៍ថា៖ វិស័យព័ត៌មានយើងបានដើរតួរយ៉ាងសំខាន់ក្នុងផ្តល់ព័ត៌មានពិតពីថ្នាក់ដឹករាជរដ្ឋាភិបាលទៅដល់បងប្អូនប្រជាពលរដ្ឋ ហើយពីបងប្អូនប្រជាពលរដ្ឋមកកាន់ថ្នាក់ដឹកនាំវិញតាមរយៈការផ្សព្វផ្សាយតាមទូរទស្សន៍ តាមរលកសំលេងវិទ្យុ និងតាមប្រព័ន្ធហ្វេស បុក ហើយក្នុងនោះភ្នាក់ងារសារព័ត៌មាននីមួយៗក៏បានជួយផ្សព្វផ្សាយរាល់នូវសកម្មភាពរបស់ថ្នាក់ដឹកនាំក្នុងខេត្តយើងផងដែរ។ ដូច្នេះមន្រ្តីជំនាញយើងទាំងអស់គ្នាត្រូវបន្តអនុវត្តការងារតាមជំនាញរៀងៗខ្លួនអោយសកម្មនិងបានល្អប្រសើរ និងពង្រឹងសមត្ថភាពរបស់ខ្លួនបន្ថែមទៀតទាំងមន្រ្តីក្របខណ្ឌនិងមន្រ្តីជាប់កិច្ចសន្យា ជាពិសេសត្រូវចេះគោរពវិន័យនិងពេលវេលាអោយបានល្អ ។ លោកប្រធានមន្ទីរបានជុំរុញដល់ប្រធានការិយាល័យនីមួយៗត្រូវយកចិត្តទុកដាក់ពិនិត្យលើបញ្ជីអវត្តមាន និងធ្វើក្រដាសស្នាមអោយបានល្អជៀសវាងមន្រ្តីយើងអសកម្ម ។ ជាពិសេសមន្រ្តីដែលឡើងតួនាទីថ្មីត្រូវខិតខំបន្ថែមក្នុងការធ្វើការងារអោយបានល្អដើម្បីអោយអង្គភាពរីកចំរើន។ ហើយមួយវិញទៀតភ្នាក់ងារសារព័ត៌មានក្នុងខេត្តទាំងអស់ នៅឆ្នាំ២០២០នេះ ត្រូវមកចុះបញ្ជីនៅការរិយាល័យព័ត៌មាននិងសោតទស្សន៏អោយបានគ្រប់ៗគ្នា ជាពិសេសត្រូវចងក្រងពង្រឹងសាមគ្គីគ្នាជាមួយថ្នាក់ដឹកនាំមន្ទីរស្ថាប័ននានា អាជ្ញាធរមូលដ្ឋានអោយបានល្អ ដើម្បីងាយស្រួលទំនាក់ទំនងក្នុងការទទួលនិងផ្តល់ព័ត៌មានអោយបានទាន់ពេលវេលា ។

គួរបញ្ជាក់ថា៖ មន្ទីរព័ត៌មានខេត្តប៉ៃលិនមានមន្រ្តីក្របខណ្ឌចំនួន ១៨ នាក់ ស្រី៣នាក់ និងមន្រ្តីជាប់កិច្ចសន្យាចំនួន២០នាក់ ស្រី ១៥នាក់។ ហើយភ្នាក់ងារសារព័ត៌មាន មានចំនួន១២ អង្គភាពផងដែរ៕

អត្ថបទ លោក ហឿន គឹមហុន