ខេត្តមណ្ឌលគីរីប្រែក្លាយពីសមរភូមិប្រយុទ្ធមកជាតំបន់សក្តានុពលអភិវឌ្ឍន៍ល្អឯក នាភូមិភាគឥសាន្ត

វិទ្យុជាតិកម្ពុជា:ហាន់ ស្រីណា
MC: ខេត្តមណ្ឌលគីរីប្រែក្លាយពីសមរភូមិប្រយុទ្ធមកជាតំបន់អភិវឌ្ឍន៍លើគ្រប់វិស័យ ដោយបានធ្វើឲ្យប្រជាពលរដ្ឋកាន់តែមានជីវភាពស៊ីវីល័យ។
អ្នកយកព័ត៌មានយើងធ្វើសេចក្តីរាយការណ៍។

ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរីបានមានប្រសាសន៍ប្រាប់វិទ្យុជាតិកម្ពុជាអោយដឹងថា ក្រោមមហាជ័យជំនះ ៧មករា ១៩៧៩ ខេត្តមណ្ឌលគិរី ក៏ដូចជាបណ្តារាជធានីខេត្តដ៏ទៃទៀតគឺបានក្លាយជាតំបន់អភិវឌ្ឍន៍គួរជាទីមោទនៈរបស់កម្ពុជាដែលមានការអភិវឌ្ឃលើហេដ្ឋារចនាសម្ព័ន្ធជាច្រើនដូចជា ផ្លូវថ្នល់ ស្ពាន សាលារៀន មន្ទីរពេទ្យជាពិសេសបាន អភិវឌ្ឍន៍វិស័យធំៗបីមានដូចជា វិស័យកសិកម្ម វិស័យទេសចរណ៍ និងវិស័យរ៉ែដែលកំពុងដើរតួយ៉ាងសំខាន់សម្រាប់ជួយលើកកម្ពស់កំណើនសេដ្ឋកិច្ចជាតិនិងជួយបង្កើនជីវភាពប្រជាពលរដ្ឋផងដែរ។
ឯកឧត្តមបានបញ្ជាក់ថា ការរក្សាបានសុខសន្តិភាពដែលបានមកពីការខិតខំប្រឹងប្រែង របស់សម្តេចតេជោហ៊ុនសែននាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា គឺបានផ្តល់ឱកាសដល់ រាជរដ្ឋាភិបាលក្នុងកសាងជាតិ ហើយប្រជាពលរដ្ឋរស់នៅដោយភាពសម្បូរសប្បាយនៅទូទំាង ប្រទេស។
សំឡេង:មណ្ឌលគិរីមានការអភិវឌ្ឍដោយកសាងបាននូវហេដ្ឋារចនាសម្ព័ន្ធតាំងពីឆ្នាំ២០០០រហូតមកដល់បច្ចុប្បន្ននេះមានផ្លូវទៅព្រំដែនមានស្ពានមានទំនប់មានប្រឡាយជាពិសេសពាក់ព័ន្ធនឹងផ្លូវលំតភ្ជាប់ទៅបណ្ដាស្រុកនិងបណ្ដាឃុំយើងបានធ្វើការកសាងអភិវឌ្ឍន៍បានរយៈពេលជាង ២០ ឆ្នាំក្រោយយើងមានសុខភាពសុខសន្តិភាពពេញលេញក្នុងប្រទេស។ហើយនេះគឺជាសមិទ្ធផលមួយដែលរាជរដ្ឋាភិបាលបានខិតខំប្រឹងប្រែងហើយប្រជាពលរដ្ឋ មានការរីករាយនឹងទទួលយកនូវសមិទ្ធផលនេះ។
សូមបញ្ជាក់ថា ក្រោយពេលដែលខេត្តមណ្ឌលគីរីប្រែក្លាយពីសមរភូមិប្រយុទ្ធមកជាតំបន់អភិវឌ្ឍន៍លើគ្រប់វិស័យនេះ បានធ្វើអោយខេត្តនេះក្លាយជាតំបន់គោលដៅទេសចរណ៍ប្រកបដោយភាពទាក់ទាញបំផុតក្នុងតំបន់ភូមិភាគឥសាន ដោយមានទេសភាពធម្មជាតិយ៉ាងស្រស់ ស្អាត ជាមួយនឹងផ្លូវគមនាគមន៍ដ៏ល្អឆ្ពោះទៅដល់ខេត្តនេះ៕