ប្រទេស ៣ ដែលទទួលបានផលប្រយោជន៍ច្រើនបំផុត ពីសមាជិកភាពអង្គការពាណិជ្ជកម្មពិភពលោក

AKP ភ្នំពេញ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩​ — អង្គការពាណិជ្ជកម្មពិភពលោក ( WTO ) បានស្ថិតនៅក្រោមសម្ពាធដែលមិនធ្លាប់មានចាប់តាំងពីលោក ដូណាល់ ត្រាំ ដែលជាអ្នកតស៊ូមតិល្បីល្បាញខាងគាំពារនិយមបានចូលកាន់តំណែង។ យន្ដការដោះស្រាយវិវាទរបស់អង្គការ គឺប្រឈមនឹងការដួលរលំនៅពេលដែលសហរដ្ឋអាមេរិកកំពុងរារាំងការតែងតាំងនៅអង្គជំនុំជម្រះសាលាឧទ្ធរណ៍។

ការសិក្សាថ្មីមួយបានរកឃើញថា សហរដ្ឋអាមេរិក ចិន និងអាល្លឺម៉ង់ គឺជាប្រទេសដែលរកប្រាក់ចំណេញច្រើនបំផុតពីសមាជិកភាពនៅក្នុងអង្គការពាណិជ្ជកម្មពិភពលោក។

យោងតាមមូលនិធិ Bertelsmann ដែលជាក្រុមអ្នកគិតមានមូលដ្ឋាននៅអាល្លឺម៉ង់ បានឱ្យដឹងថា  សហរដ្ឋអាមេរិកទទួលបានផលប្រយោជន៍ ៨៧ប៊ីលានដុល្លារអាម៉េរិកពីពាណិជ្ជកម្មអន្ដរជាតិក្នុងឆ្នាំ២០១៦។ ប្រទេសចិនបានចំណេញនូវទឹកប្រាក់ចំនួន ៨៦ប៊ីលានដុល្លារអាម៉េរិក ហើយអាល្លឺម៉ង់រកបាន ៦៦ប៊ីលានដុល្លារអាម៉េរិក។

ទិន្នន័យពីឆ្នាំ ២០១៨ បង្ហាញថា ប្រទេសទាំងនេះក៏ជាប្រទេសនាំមុខគេលំដាប់ទី ៣ ខាងពាណិជ្ជកម្មទំនិញ និងសេវាកម្មផងដែរ។

ការសិក្សារបស់មូលនិធិ Bertelsmann បានបង្ហាញថា បណ្តាប្រទេសជាសមាជិករបស់អង្គការពាណិជ្ជកម្មពិភពលោកបានឃើញការនាំចេញរបស់ពួកគេកើនឡើង ១៤ភាគរយក្នុងចន្លោះឆ្នាំ ១៩៨០ និងឆ្នាំ ២០១៦ ជាមួយនឹងការនាំចេញទៅកាន់ប្រទេសដែលមិនមែនជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោកមានការធ្លាក់ចុះ ៥,៥ភាគរយក្នុងរយៈពេលដូចគ្នានោះដែរ។

សមាជិកភាពរបស់អង្គការពាណិជ្ជកម្មពិភពលោកនៅឆ្នាំ ២០១៦ បានបន្ថែមទឹកប្រាក់ចំនួន ៨៥៥ប៊ីលានដុល្លារអាម៉េរិក ដើម្បីភាពរុងរឿងទូទាំងពិភពលោក ដែលតួលេខនេះតំណាងឱ្យប្រមាណ ១ភាគរយនៃ GDP សកលលោក។

លោក Christian Bluth អ្នកជំនាញពាណិជ្ជកម្មនៅ Bertelsmann Stiftung ត្រូវ​បានដកស្រង់សម្តីដែលបាននិយាយថា បានអំពាវនាវឱ្យមានការធ្វើបច្ចុប្បន្នភាពជាបន្ទាន់នៅអង្គការពាណិជ្ជកម្មពិភពលោក ប៉ុន្តែលោកបានព្រមានថា ប្រព័ន្ធពាណិជ្ជកម្មពិភពលោកផ្អែកលើច្បាប់មិនមានអនាគតទេ «ដោយគ្មានការអនុវត្តច្បាប់»៕

(ប្រភព Sputnik បកប្រែដោយលោក យា ចិន្តាខន្តី)