ក្រុមការងារបច្ចេកទេសវិទ្យុជាតិកម្ពុជាត្រៀមខ្លួនជាស្រេចក្នុងការបំពងសម្លេងនិងបំរើការផ្សាយ ផ្ទាល់ក្នុងព្រឹត្តិការណ៍ខួបអនុស្សាវរីយ៍ថ្ងៃជ័យជម្នះ៧មករាខាងមុខ

វិទ្យុជាតិកម្ពុជា៖អត្ថបទ ជួន បូណា

MC៖ ក្រុមមន្ត្រីផ្នែកការងារបច្ចេកទេសរបស់វិទ្យុជាតិកម្ពុជាត្រៀមខ្លួនជាស្រេចក្នុងការបំពងសម្លេងនិងបំរើការផ្សាយផ្ទាល់ក្នុងព្រឹត្តិការណ៍ខួបអនុស្សាវរីយ៍ថ្ងៃជ័យជម្នះ៧មករា ១៩៧៩ ៧មករា ២០២០ខាងមុខនេះ ដើម្បីធានាឲ្យប្រជាពលរដ្ឋនៅទូទំាងប្រទេសបានទទួលជ្រាបពីព្រឹត្តិការណ៍ជាតិដ៏សំខាន់នេះ។

ក្នុងកិច្ចប្រជុំប្រចាំឆ្នាំរបស់នាយកដ្ឋានបច្ចេកទេស នៃអគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា នារសៀលថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៩នេះ លោក ឆុន វាសនា ប្រធាននាយកដ្ឋានបច្ចេកទេស នៃអគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា ក្រុមមន្រ្តីបច្ចេកទេសបានរៀបចំរាល់ឧបករណ៍បំពងសំលេងនានារួចរាល់ហើយ ដើម្បីយកទៅបំរើការការផ្សាយនៅក្នុងព្រឹត្តិការណ៍ខួបអនុស្សាវរីយថ្ងៃជ័យជម្នះ៧មករា ១៩៧៩ ៧មករា ២០២០ ដែលត្រូវរៀបចំឡើងនៅរាជធានីភ្នំពេញ និងខេត្តកំពង់ឆ្នាំ។
លោកបានបញ្ជាក់ថា ការងាររៀបចំបច្ចេកទេសបំពងសម្លេងនេះ ត្រូវតែគិតគូរអោយបាន ច្បាស់លាស់ ដើម្បីធានាឲ្យការបំពងសម្លេងបានប្រព្រឹត្តទៅដោយរលូន ខណៈព្រឹត្តិការណ៍នេះនឹងមានមហាជនចូលរួមយ៉ាងច្រើនកុះករ។

លោកលោក ឈួរ ភារា អគ្គនាយករង នៃអគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា បានអៈអាងថា វិទ្យុជាតិកម្ពុជាមានឧបករណ៍បំពងសម្លេងគ្រប់គ្រាន់ ក្នុងការបំរើការបំពងសម្លេងនៅក្នុងព្រឹត្តិការណ៍ជាតិដ៏ធំនេះរួមទាំងការផ្សាយផ្ទាល់ក្នុងរលកធាតុអាកាសវិទ្យុជាតិកម្ពុជា ដើម្បីធានាឲ្យប្រជាពលរដ្ឋបានស្តាប់ពីព្រឹត្តិការនេះប្រកបដោយគុណភាព និងគ្មានការរំខាន។

លោកអគ្គនាយករងបានឲ្យដឹងថា ក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ ក្រុមការងារបច្ចេកទេសវិទ្យុជាតិកម្ពុជា បានបំពេញការងាររបស់ខ្លួនបានយ៉ាងសកម្មក្នុងការបំពងសម្លេងនៅ រាល់ព្រឹត្តិការណ៍ជាតិធំៗ កិច្ចប្រជុំកំពូលៗ និងរាល់កម្មវិធីផ្សេងៗរបស់សម្តេចតេជោហ៊ុនសែននាយក រដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា៕