ជាង២០ឆ្នាំមកនេះអ្នកជំនាញខ្មែរទទួលបានបទពិសោធន៍លើការងារអភិរក្សជួសជុលប្រាង្គប្រាសាទដោយខ្លួនឯងបាន

វិទ្យុជាតិកម្ពុជា អត្ថបទ ៖ យី វិច្ឆិកា

MC៖ ជាង២០ឆ្នាំមកនេះក្រុមអ្នកជំនាញខ្មែរកាន់តែមានសមត្ថភាព លើការងារអភិរក្សជួសជុលប្រាង្គប្រាសាទបុរាណដោយខ្លួនឯង ក្នុងការថែរក្សាប្រាង្គប្រាសាទទាំងអស់នោះឲ្យនៅរក្សាបានភាពរឹងមាំ គង់វង្ស និង ទុកជាគេដំណេរដល់កូនចៅជំនាន់ក្រោយ ។

លោក ឡុង កុសល អនុប្រធាននាយកដ្ឋានផ្សព្វផ្សាយអាជ្ញាធរជាតិអប្សរាបានមានប្រសាសន៍ប្រាប់វិទ្យុជាតិកម្ពុជាឲ្យដឹងថា កូនខ្មែរបច្ចុប្បន្នមានសមត្ថភាពគួរឲ្យកោតសរសើរ ក្នុងការជួសជុលប្រាង្គប្រាសាទបានដោយខ្លួនឯង បន្ទាប់ពីបានរៀនសូត្រពីការជួសជុលនិងអនុវត្តផ្ទាល់ជាមួយក្រុមការងារជួសជុលអន្តរជាតិ។
សំលេង« បើប្រៀបធៀបពេលនេះ ជាមួយនិង២៥ឆ្នាំមុន គឺយើងមានសមត្ថភាពគួរឲ្យកោតសរសើរមែនទែន គួរជាទីមតនៈ ព្រោះហេតុអីកន្លងមកនេះគឺយើងបានធ្វើការរៀនសូត្រតាមរយៈការអនុវត្តផ្ទាល់ផងនិងតាមទ្រឹស្តីផង។ អ្វីដែលខ្ញុំចង់លើកឡើងបានន័យថា កាលពីទស្សវត្សឆ្នាំ១៩៩០ជាង យើងមានសកម្មភាព ក្នុងការជួសជុលអភិរក្សប្រាង្គប្រាសាទគឺថា កិច្ចការងារទាំងអស់ដឹកនាំដោយជនបរទេសដែលជាដៃគូក្នុងការសហការការងារជាមួយយើង។ ក៏ប៉ុន្តែឥលូវនេះភាគច្រើនសឹងតែទាំងអស់រាល់គម្រោងអភិរក្សទាំងប៉ុន្មាន គឺដឹកនាំទៅដោយអ្នកជំនាញជាតិបានន័យថាអ្នកបណ្តុះបណ្តាលជំនាញហ្នឹងគឺជាមន្ត្រីរបស់អាជ្ញាធរជាតិអប្សរាផង មន្ត្រីរបស់ដៃគូអភិវឌ្ឍអភិរក្សផងអញ្ចឹងគឺថាច្រើនណាស់ ឥលូវកូនខ្មែរដឹកនាំគម្រោងអភិរក្សនៅក្នុងតំបន់អង្គរនិងភាគច្រើនគាត់ជាអ្នកផ្តល់នៅយោបល់គាត់ជាអ្នកអនុវត្ត គឺគ្រប់សព្វបែបយ៉ាងគ្រប់ទិដ្ឋភាព » ។
លោក ឡុង កុសល បានឲ្យដឹងថា ក្រៅពីការងារអភិរក្សជួសជុលប្រាសាទ ក៏បានផ្តោតយ៉ាងសំខាន់ លើការសិក្សាស្រាវជ្រាវផ្នែកបុរាណវិទ្យា និងការបណ្តុះបណ្តាលធនធានមនុស្សដែលជាអ្នកបន្តវេនដ៏សំខាន់ក្នុងការងារអភិរក្សអង្គរ ។
លោកបន្ថែមថា ការជួសជុលថែទំា និងអភិរក្សាបា្រង្គបា្រសាទបុរាណនេះ ក្នុងអត្ថន័យថែ រក្សាប្រាង្គប្រាសាទឲ្យបានកាន់តែមានភាពរឹងមាំ ដើម្បីទុក្ខជាកេរ្តិ៍មរតកសម្រាប់មនុស្សជំនាន់ ក្រោយទៅមុខទៀត។
សូមបញ្ជាក់ថា ការជួសជុលកែលម្អបា្រសាទបុរាណគឺគោរពគោលការណ៍ចំនួន៣ ដោយទី១ តាមរយៈការរុះរើហើយតម្រៀបឡើងវិញ មិនបញ្ជូលថ្មថ្មីច្រើនហួសហេតុ និងមិនបំពេញរូបរាង ប្រាសាទដូចសម័យដើមឡើយ ដើម្បីរក្សាតម្លៃសំណង់ប្រាសាទបុរាណ ៕