វិមានក្រឹមឡាំង៖ លោក ពូទីន អរគុណលោក Trump សម្រាប់ព័ត៌មានដែលបាន​ចែករំលែក​​ដែលជួយការពារការវាយប្រហារភេរវកម្ម 

AKP ភ្នំពេញ ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៩ — សេវាកម្មសារព័ត៌មានវិមានក្រឹមឡាំងបាននិយាយនៅថ្ងៃអាទិត្យ បន្ទាប់ពីការសន្ទនា​តាម​ទូរស័ព្ទរបស់ពួកគេថា ប្រធានាធិប​តី​រុស្ស៊ីលោក វ្លាឌីមៀ ពូទីន បានថ្លែងអំណរគុណដល់​សមភាគីអាម៉េរិក​របស់លោក គឺលោក ដូណាល់ ត្រាំ ចំពោះព័ត៌មានដែលបានចែករំលែក​ដោយសេវាកម្មពិសេស ដែលជួយការពារ​ការវាយប្រហារភេរវកម្មនៅក្នុងប្រទេសរុស្ស៊ី។

សេវាកម្មសារព័ត៌មានបាននិយាយថា លោក វ្ល៉ាឌីមៀ ពូទីន បានថ្លែងអំណរគុណដល់​លោក ដូណាល់ ត្រាំ ចំពោះព័ត៌មានដែលបានចែករំលែកដោយសេវាកម្មពិសេស​ ដែលជួយ​ការពារការវាយប្រហារភេរវកម្មនៅក្នុងប្រទេសរុស្ស៊ី ។ មេដឹកនាំទាំងពីរ ក៏បានពិភាក្សាគ្នា​ពីបញ្ហាជាច្រើនដែលត្រូវបានផ្តល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក។ ពួកគេបានយល់​ ព្រម​បន្តកិច្ចសហប្រតិបត្តិការទ្វេភាគីនៅក្នុងវិស័យប្រឆាំងនឹងអំពើភេរវកម្មបន្ថែមទៀត។

ការសន្ទនានេះ ត្រូវបានផ្តួចផ្តើមឡើងដោយភាគីរុស្ស៊ី។ នៅក្នុងសុន្ទរកថារបស់លោកទៅកាន់ប្រជាជាតិ បន្ទាប់ពីអព្យាក្រឹតភាពរបស់មេដឹកនាំ​អង្គការភេរវកម្មរដ្ឋអ៊ីស្លាម(ដែលខុសច្បាប់នៅប្រទេសរុស្ស៊ី) លោក អាប៊ូ បាក អាល់-បាកដាឌី (Abu Bakr al-Baghdadi) កាលពីខែតុលា លោក Trump បានថ្លែងអំណរគុណដល់ប្រទេស រុស្ស៊ីដែលបានផ្តល់ជំនួយដល់ប្រតិបត្តិការនេះ។ លោកបាននិយាយថា សហរដ្ឋអាមេរិកបាន ព្រមានរុស្ស៊ី អំពីផែនការរបស់ខ្លួនក្នុងការបញ្ជូនក្រុមដែលចូលរួមក្នុងប្រតិបត្តិការនោះ តាម រយៈតំបន់ស៊ីរីដែលគ្រប់គ្រងដោយកម្លាំងរុស្ស៊ី។

កាលពីថ្ងៃទី១៧ ខែតុលា នាយកសេវាកម្មសន្តិសុខសហព័ន្ធរុស្ស៊ីលោក Alexander Bortnikov បាននិយាយថា សហរដ្ឋអាមេរិកបានចែករំលែកព័ត៌មានអំពីមនុស្សមួយចំនួន ដែល​ត្រូវបានគេរាយការណ៍ថា កំពុងរៀបចំផែនការវាយប្រហារភេរវកម្មនៅក្នុងប្រទេសរុស្ស៊ី។ លោកបានសង្កត់ធ្ងន់ថា វាមិនមែនជាលើកទី១ទេដែលព័ត៌មានបែបនេះត្រូវបានផ្តល់ជូន។

កាលពីឆ្នាំ ២០១៧ សហរដ្ឋអាមេរិកបានជួយក្នុងការស៊ើបអង្កេតលើផែនការមួយ ដើម្បី​អនុវត្តន៍ការវាយប្រហារភេរវកម្មនៅវិហារកាហ្សាន ក្នុងទីក្រុងសេនភីធរស្បឺក (St. Petersburg) របស់ប្រទេសរុស្ស៊ី ខណៈពេលដែលទីក្រុងមូស្គូ បានជួយក្នុងការស៊ើបអង្កេតការបំផ្ទុះ​គ្រាប់​បែកនៅក្នុងក្រុមកីឡារត់ប្រណាំង (​ម៉ារ៉ាតុង)នៅទីក្រុងប៊ូស្តុន (Boston)។ យោងតាមលោក Bortnikov បានឱ្យដឹងថា ប្រទេសរុស្ស៊ីរក្សាកិច្ចសហប្រតិបត្តិការប្រឆាំងភេរវកម្ម​ជាមួយ​ទីភ្នាក់​ងារស៊ើបការណ៍សម្ងាត់របស់ប្រទេសដទៃៗទៀតផងដែរ៕

(ប្រភព TASS: បកប្រែដោយលោក មាស សំអុល)