កិច្ចប្រជុំគណបក្សរបស់ប្រទេសកូរ៉េខាងជើង ពិភាក្សាគ្នាស្តីអំពី« វិធានការណ៍វាយលុក » ដើម្បីធានាអធិបតេយ្យភាព និងសន្តិសុខ

AKP ភ្នំពេញ ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៩ — ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយកាណ៍ថា ប្រទេសកូរ៉េខាងជើងបានពិភាក្សាគ្នា ស្តីអំពី​​ « វិធានការណ៍វាយលុក​» ដើម្បីធានា​អធិបតេយ្យភាព និងសន្តិសុខរបស់ប្រទេស ក្នុងសម័យ​ប្រជុំលើកទី២ នៃកិច្ចប្រជុំគណបក្សដ៏ធំមួយ ចំពេលមានការព្រួយបារម្ភដែលថា ទីក្រុង​ព្យុង​យ៉ាងអាចធ្វើឱ្យកិច្ចចរចាជាមួយសហរដ្ឋអាមេរិក នឹងចាប់ផ្តើមការសាកល្បងអាវុធធុនធំ​ឡើងវិញនោះ។

នៅទីក្រុងវ៉ាស៊ីនតោន ទីប្រឹក្សាសន្តិសុខជាតិលោក រ៉ូប៊ឺត អូប៊្រីន ( Robert O’Brien ) បាន​ព្រមានកូរ៉េខាងជើងប្រឆាំងទៅនឹងការបង្កហេតុណាមួយ ដោយនិយាយថា សហរដ្ឋអាមេរិក​នឹង​«ខកចិត្តយ៉ាងខ្លាំង​»ក្នុងករណីបែបនេះ ហើយនឹងបង្ហាញពីការខកចិត្តរបស់ខ្លួន។លោកក៏​បាននិយាយផងដែរថា សហរដ្ឋអាមេរិក មាន « ឧបករណ៍ជាច្រើននៅក្នុងប្រអប់ឧបករណ៍​របស់​យើង​» ដើម្បីឆ្លើយតបទៅនឹងកូរ៉េខាងជើង។

កិច្ចប្រជុំពេញអង្គនៃគណៈកម្មាធិការកណ្តាលនៃគណបក្សពលករ កំពុងកាន់អំណាច​របស់កូរ៉េខាងជើងបានធ្វើឡើង នៅពេលដែលទីក្រុងព្យុងយ៉ាងបានគំរាមចាត់វិធាន​ការថ្មី​ប្រសិនបើទីក្រុងវ៉ាស៊ីនតោនខកខានក្នុងការផ្តល់សម្បទាន នៅក្នុងកិច្ចចរចានុយក្លេអ៊ែររបស់​ពួកគេមុនដំណាច់ឆ្នាំនេះ ដោយលើកឡើងថា វានឹងបញ្ចប់ការទូត ហើយវិលត្រលប់ទៅរក​សកម្មភាពញុះញង់ឡើងវិញ។

កិច្ចប្រជុំនេះ បានធ្វើឡើងរយៈពេលប៉ុន្មានថ្ងៃនៅមុនការថ្លែងសុន្ទរកថាចូលឆ្នាំថ្មីឆ្នាំថ្មី ដែលមេដឹកនាំកូរ៉េខាងជើងលោក គីម ជុង-អ៊ុន បានថ្លែង ដែលក្នុងនោះគេរំពឹងថា លោកនឹង​ប្រកាសអំពីការផ្លាស់ប្តូរគោលនយោបាយដ៏ធំមួយទាក់ទងនឹងបញ្ហានុយក្លេអ៊ែរ និងបញ្ហាការ​ទូត។

លោក គីម បានបើកកិច្ចប្រជុំគណបក្សកាលពីថ្ងៃសៅរ៍ នឹងធ្វើជាអធិបតីក្នុងសម័យប្រជុំ​លើក​ទី២ នៅថ្ងៃអាទិត្យ។

ទីភ្នាក់ងារសារព័ត៌មានកូរ៉េកណ្តាលបាននិយាយដោយមិនបញ្ជាក់ច្បាស់ថាតើ « វិធាន​ការវាយលុក » នឹងជាអ្វីនោះថា ដោយសង្កត់ធ្ងន់លើតម្រូវការក្នុងការចាត់វិធានការវិជ្ជមាន ​នឹង​ការវាយលុកដើម្បីធានានូវអធិបតេយ្យភាព និងសន្តិសុខរបស់ប្រទេសឱ្យបានពេញលេញតាម​តម្រូវការ​នៃស្ថានភាពបច្ចុប្បន្ន លោកក៏បានបង្ហាញពីភារកិច្ចនៃវិស័យកិច្ចការបរទេស ឧស្សា​ហ​កម្មគ្រាប់បែក និងកងកម្លាំងប្រដាប់អាវុធរបស់កូរ៉េខាងជើង។

ទីភ្នាក់នេះបានបន្ថែមថា លោកបានដាក់ចេញសេចក្តីលម្អិតអំពីការតម្រង់ទិសនៃ​ការតស៊ូ​សម្រាប់ការនាំមកនូវការផ្លាស់ប្តូរមួយ ដែលមានការសម្រេចចិត្តក្នុងការអភិវឌ្ឍ​សេដ្ឋកិច្ចរបស់ប្រទេស និងកម្រិតជីវភាពរស់នៅរបស់ប្រជាជនតាមតម្រូវការនៃបដិវត្តកូរ៉េ និងការកសាងប្រទេសសង្គមនិយមដ៏មានឥទ្ធិពល និងវិធីជាក់ស្តែង៕

(ប្រភព Yonhap: បកប្រែដោយលោក មាស សំអុល)