កូរ៉េខាងជើងរៀបចំកិច្ចប្រជុំគណបក្សដើម្បី ពិភាក្សាអំពីបញ្ហាគោលនយោបាយសំខាន់ៗ

AKP ភ្នំពេញ ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៩​ — កាលពីថ្ងៃអាទិត្យ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់កូរ៉េខាងជើងបាននិយាយថា ប្រទេសកូរ៉េខាងជើងបានបើកសម័យប្រជុំដំបូងនៃកិច្ចប្រជុំ ដែលបានប្រកាសពីមុនរបស់គណបក្សពលករកំពុងកាន់អំណាចដើម្បីពិភាក្សាអំពី «បញ្ហាគោលនយោបាយសំខាន់ៗសម្រាប់ជ័យជម្នះថ្មីនៅក្នុងបដិវត្តរបស់យើង»។

យោងតាមទីភ្នាក់ងារសារព័ត៌មានមជ្ឈិមផ្លូវការរបស់កូរ៉េខាងជើង (KCNA) ជាភាសាអង់គ្លេសបានឱ្យដឹងថា «ដោយត្រូវបានដឹកនាំ» ដោយមេដឹកនាំលោក គីម ជុងអ៊ុន នៅឯទីលានក្នុងទីក្រុងព្យុងយ៉ាងនៅថ្ងៃសៅរ៍នេះ កិច្ចប្រជុំបានពិភាក្សាអំពីបញ្ហាសំខាន់ៗ «ក្នុងការកសាងរដ្ឋ និងការពារជាតិ»។

កិច្ចប្រជុំពេញអង្គនៃគណៈកម្មាធិការកណ្តាលរបស់គណបក្សនេះ បានផ្តោតការយកចិត្តទុកដាក់ជាសំខាន់ខណៈដែលទីក្រុងព្យុងយ៉ាង​ បានកំណត់កាលបរិច្ឆេទចុងឆ្នាំ សម្រាប់ទីក្រុងវ៉ាស៊ីនតោនក្នុងការផ្តល់សម្បទានក្នុងកិច្ចចរចានុយក្លេអ៊ែរដែលជាប់គាំង។

ទីក្រុងព្យុងយ៉ាងបានគំរាមចាត់វិធានការ «មធ្យោបាយថ្មី» លើកលែងតែរដ្ឋបាលរបស់លោក Trump នាំមកនូវការផ្តល់ជូនថ្មី។

KCNA បាននិយាយថា «ការតម្រង់ទិសភ្លាមៗនៃការតស៊ូរបស់បក្សកូរ៉េ WPK (គណបក្សពលករនៃប្រទេសកូរ៉េ) និងរដ្ឋ ព្រមទាំងបញ្ហាគោលនយោបាយសំខាន់ៗសម្រាប់ជ័យជម្នះថ្មីនៅក្នុងបដិវត្តរបស់យើងក្រោមស្ថានភាពបច្ចុប្បន្ន ត្រូវបានលើកឡើងជារបៀបវារៈនៃកិច្ចប្រជុំពេញអង្គនេះ»។

លោកបាននិយាយថា កិច្ចប្រជុំនេះត្រូវបានធ្វើឡើងដើម្បី «ជម្នះនូវការសាកល្បង និងការលំបាកទាំងឡាយ ព្រមទាំងបង្កើនការអភិវឌ្ឍបដិវត្តបន្ថែមទៀតជាមួយនឹងជំហរឯករាជ្យប្រឆាំងនឹងចក្រពត្តិ និយម ដែលមានតម្លាភាព និងឆន្ទៈរឹងមាំ» ។

លោកបាននិយាយបន្ថែមទៀតថា សម័យប្រជុំនេះបានកើតឡើងនៅពេលដែល «មានការផ្លាស់ប្តូរជាប្រវត្តិសាស្ត្រថ្មី» កំពុងចាប់ផ្តើមនៅក្នុងសកម្មភាពដែលពាក់ព័ន្ធនានា៕

(ប្រភព Yonhab បកប្រែដោយលោក យា ចិន្តាខន្តី)