ទីម័រខាងកើតគ្រោងយកលំនាំគោលនយោបាយរបស់កម្ពុជាទៅអនុវត្តនៅប្រទេសរបស់ខ្លួន

វិទ្យុជាតិកម្ពុជាអត្ថបទ៖ជួន បូណា

MC រដ្ឋាភិបាលទីម័រខាងកើតគ្រោងយកលំនាំគោលនយោបាយរបស់កម្ពុជាទៅអនុវត្តន៍នៅក្នុងប្រទេសរបស់ខ្លួន បន្ទាប់ពីកម្ពុជាមានការរីកចម្រើន​លើគ្រប់វិស័យទំាង​សេដ្ឋកិច្ច និងការកសាងជាតិ។

លោកជំទាវ ហ្វេលីស៊ីដាដេ ដេ ស៊ូសា ហ្គូទែរែស (Felicidade de Sousa Guterres) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត បានសម្ដែងនូវសេចក្ដីរីករាយជាខ្លាំងដោយឃើញថាសេដ្ឋកិច្ចកម្ពុជាមានការរីកចម្រើន និងអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលធ្វើឱ្យប្រទេសកម្ពុជាមានកំណើនសេដ្ឋកិច្ចជាមធ្យម៧ភាគរយក្នុងរយៈពេលជាងពីរទសវត្សរ៍មកហើយ។
លោកជំទាវបានថ្លែងដូច្នេះ ក្នុងឱកាសចូលជួបសម្តែងការគួរសម និងជម្រាបលា សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភាកម្ពុជា នាព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៩ នៅវិមានព្រឹទ្ធសភា ហើយបានបានអៈអាងថា នៅរាជធានីភ្នំពេញ មានការីកចម្រើនខ្លាំងលើវិស័យហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ថ្នល់ ស្ពានអាកាស និងអគារខ្ពស់ៗជាច្រើន ហើយអ្វីដែលលោកជំទាវបានមើលឃើញទាំងអស់នេះ លោកជំទាវនឹងយកទៅជម្រាបជូនរដ្ឋាភិបាលទីម័រខាងកើតដើម្បីសិក្សាស្វែងយល់អំពីការអភិវឌ្ឍការរីកចម្រើន និងការកែទម្រង់លើគ្រប់វិស័យនេះ គឺជាគំរូមួយ និងបទពិសោធដ៏ល្អសម្រាប់ប្រទេសទីម័តខាងកើត។
ជាមួយគ្នានេះលោកជំទាវឯកអគ្គរដ្ឋទូត បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ដែលបានគាំទ្រឱ្យប្រទេសទីម័រខាងកើត ចូលជាសមាជិក អាស៊ានពេញសិទ្ធ។
សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះជោគជ័យនៃបេសកកម្មការទូតរបស់លោកជំទាវឯកអគ្គរដ្ឋទូត នៅព្រះរាជាណាចក្រកម្ពុជា ដែលបានរួមចំណែកពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេស និងប្រជាជនទាំងពីរ ឱ្យទទួលបានផលប្រយោជន៍ដ៏ធំធេងទៅវិញទៅមក។
សម្តេចប្រធានព្រឹទ្ធសភាបានសម្តែងនូវសេចក្តីពេញចិត្តចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អលើគ្រប់វិស័យរវាងប្រជាជននិងប្រទេសទាំងពីរ។ ថ្នាក់ដឹកនាំកំពូល និងមន្រ្តីជាន់ខ្ពស់គ្រប់លំដាប់ថ្នាក់បានផ្លាស់ប្តូរទស្សនកិច្ចគ្នាទៅវិញទៅមកជាបន្តបន្ទាប់ និងបានគាំទ្រគ្នាទៅវិញទៅមកលើបញ្ហាជាច្រើន ក្នុងក្របខណ្ឌកិច្ចសហប្រតិបត្តិការអន្តរជាតិ។ ជាមួយគ្នានេះ ក្នុងនាមព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបាលកម្ពុជា សម្តេចប្រធានព្រឹទ្ធសភា សូមគាំទ្រប្រទេសទីម័រខាងកើត ចូលជាសមាជិកអាស៊ាន។
សម្តេចប្រធានព្រឹទ្ធសភា បានបញ្ជាក់ថា ក្រោមការខិតខំសម្របសម្រួលរបស់លោកជំទាវ ប្រទេសទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀង និងអនុស្សរណៈយោគយល់រវាងប្រទេសទាំងពីរជាច្រើន ហើយតាមរយៈនៃកិច្ចព្រមព្រៀងទាំងអស់នេះ នឹងក្លាយជាចលករជំរុញកំណើនពាណិជ្ជកម្ម ជំរុញការផ្លាស់ប្តូរទេសចរណ៍ វប្បធម៌ វិនិយោគ និងការផ្លាស់ប្តូរមនុស្សក្នុងពេលអនាគតជាក់ជាពុំខាន។
សម្តេចប្រធានព្រឹទ្ធសភា នឹងត្រៀមខ្លួនជានិច្ចបន្តធ្វើកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធជាមួយ នឹងឯកអគ្គរដ្ឋទូតទីម័រខាងកើតថ្មី និងស្ថានទូតទីម័រខាងកើតប្រចាំព្រះរាជាណាចក្រកម្ពុជា ដើម្បីរួមចំណែកពង្រឹងពង្រីកចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ដែលនឹងនាំមកនូវផលប្រយោជន៍ទៅវិញទៅមកជូនប្រជាជន និងប្រទេសទាំងពីរ៕