ចិនវាយតម្លៃផលិតផលចេកអំបូងកម្ពុជាមានស្តង់ដារគុណភាព និងសុវត្ថិភាពល្អជាងគេក្នុងតំបន់អាស៊ាន

វិទ្យុជាតិកម្ពុជា៖

MC៖ប្រទេសចិនបានវាយតម្លៃកន្លែងវេចខ្ចប់ផ្លែចេកអំបូងកម្ពុជាមានស្តង់ដារគុណភាព និងសុវត្ថិភាពល្អជាងគេក្នុងតំបន់អាស៊ាន ដែលអាចប្រកួតប្រជែងបានជាមួយផលិតផលចេកអំបូងមកពីប្រទេសដៃទៀត។

អគ្គនាយកដ្ឋានគយនៃសាធារណ:រដ្ឋប្រជាមានិតចិនបានវាយតម្លៃលើគុណភាពផលិតផល ចេកកម្ពុជាធានាបានស្តង់ដារគុណភាព និងសុវត្ថិភាពល្អជាងគេក្នុងតំបន់អាស៊ាន ហើយប្រជាជនចិនបានគាំទ្រផលិតចេកនេះជាខ្លំាង។

នេះបើតាមការលើកឡើងរបស់ ឯកឧត្តម វេង សាខុនរដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅក្នុងពិធីសម្ពោធរោងចក្រវេចខ្ចប់ និងនាំចេញផ្លែចេកស្រស់របស់ក្រុមហ៊ុនហ័ងអាញអណ្តូងមាសហ័ងអាញលំផាត់ ក្រុមហ៊ុនដូនពេញអាហ្រ្គីកូ និងក្រុមហ៊ុនប៊ិញហ្វឿកក្រចេះរ៉ាប់ប៊ឿ២ខមភេនី ទៅកាន់ទីផ្សារប្រទេសចិន កាលពីចុងសប្តាហ៍នេះ។

ស្របទៅនឹងការគាំទ្ររបស់ប្រទេសចិននេះ ឯកឧត្តម វេង សាខុនបានណែនាំដល់ក្រុមហ៊ុនផលិតចេកអំបូងទៅកាន់ទីផ្សារចិនត្រូវតែរក្សា គុណភាពស្តង់ដារឲ្យបានជាប់ជាប្រចាំ ដើម្បីទាញ់យការការគាំទ្រពីប្រជាជនចិនឲ្យបានកាន់តែ ច្រើនបន្ថែមទៀត។

ឯកឧត្តមបន្តថា រាជរដ្ឋាភិបាលកំពុងខិតខំពង្រឹងកិច្ចសហប្រតិបត្ដិការជាមួយដៃគូអភិវឌ្ឍន៍នានានិងវិស័យឯកជន ដើម្បីគាំទ្រលើការវិនិយោគគ្រប់ខ្សែច្រវាក់តម្លៃកសិកម្មចាប់ពីចំណុច A ដល់ Z តាមរយៈការបង្កើនផលិតភាពផលិតផល ការវេចខ្ចប់ ការរក្សាស្តុកទុក ការកែច្នៃប្រកបដោយគុណភាពអនាម័យនិងសុវត្ថិភាព សមស្របតាមស្តង់ដារនៃទីផ្សារនាំចេញ។

ដើម្បីសម្រេចគោលដៅនេះឯកឧត្តមរដ្ឋមន្រ្តីបានសំណូមពរបន្តរក្សាកិច្ចសហប្រតិបត្តិការឲ្យមានលក្ខណៈប្រទាក់ក្រឡាគ្នាជាមួយគ្រប់តួអង្គពាក់ព័ន្ធទាំងអស់ ជាពិសេសអាជ្ញាធរខេត្ត ក្នុងស្មារតីទទួល ខុសត្រូវខ្ពស់តាមអភិក្រម “រដ្ឋ-ឯកជន-ដៃគូអភិវឌ្ឍន៍ និងសហគមន៍” ធ្វើយ៉ាងណាចូលរួមគាំទ្រនិងជំរុញបរិមាណនាំចេញកសិផលកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិឲ្យកាន់តែច្រើនថែមទៀតនាពេលអនាគត។

ឯកឧត្តមរដ្ឋមន្ត្រីបានណែនាំក្រុមហ៊ុនធ្វើយ៉ាងណាបង្កើនកិច្ចសហប្រតិបត្តិការឲ្យកាន់តែល្អប្រសើរជាមួយគ្រប់ភាគីពាក់ព័ន្ធជាពិសេសជាមួយអគ្គនាយកដ្ឋានកសិកម្មក្នុងការអនុវត្តច្បាប់ និងបច្ចេកទេសសំដៅលើអនាម័យនិងភូតគាមអនាម័យធ្វើយ៉ាង ណាបង្កើនជំនឿទុកចិត្តលើគុណភាព និងសុវត្ថិភាពនៃផលិតផលពីអតិថិជនក្នុង និងក្រៅ ប្រទេស។ ព្រមជាមួយគ្នានេះ ក្រុមហ៊ុនក៏ត្រូវបង្កើនការយកចិត្តទុកដាក់លើស្ថានភាពជីវភាព និងសុខភាពរបស់បងប្អូនបុគ្គលិកកម្មករឲ្យបានល្អប្រសើរ។

ដោយឡែកចំពោះអគ្គនាយកដ្ឋានកសិកម្មត្រូវយក ចិត្តទុកដាក់ក្នុងការផ្តល់វិញ្ញាបនបត្រ SPSជូនក្រុមហ៊ុនឲ្យបានទាន់ពេលវេលា ចៀសវាងមានការយឺតយ៉ាវធ្វើឲ្យប៉ះពាល់ដល់ការនាំចេញ។

ឯកឧត្តមរដ្ឋមន្រ្តីបានចាត់ទុក ការបង្កើនការវិនិយោគក្នុងវិស័យកសិកម្ម ជាពិសេសលើការកែច្នៃវេចខ្ចប់
កសិផលថែមទៀត ដើម្បីរួមគ្នាកាត់បន្ថយការនាំចេញវត្ថុធាតុដើមដែលនេះជាកត្តាមួយដ៏សំខាន់ក្នុងការ
បង្កើនតម្លៃ បន្ថែម បង្កើតការងារ និងលើកកម្ពស់ជីវភាពរស់នៅ។
សូមបញ្ជាក់ថា បច្ចុប្បន្នកម្ពុជាមានក្រុមហ៊ុនចំនួន ៩ហើយ ដែលទទួលបានការអនុញ្ញាតឲ្យនាំ ចេញចេកអំបូងលឿងស្រស់ទៅកាន់ទីផ្សារប្រទេសចិន៕