សម្តេចប្រធានព្រឹទ្ធសភា វាយតម្លៃខ្ពស់ចំពោះជោគជ័យនៃបេសកកម្មការទូតរបស់លោកជំទាវឯកអគ្គរដ្ឋទូត នៅកម្ពុជា

AKP ភ្នំពេញ ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៩ — សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃចន្ទ ៥កើត ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៩នេះ បានអនុញ្ញាតឱ្យលោកជំទាវ ហ្វេលីស៊ីដាដេ ដេ ស៊ូសា ហ្គូទែរែស (Felicida de de Sousa Guterres) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត ចូលជួបសម្តែងការគួរសម និងជម្រាបលា នៅវិមានព្រឹទ្ធសភា។

ក្នុងនាមព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងក្នុងនាមសម្តេចផ្ទាល់ សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះជោគជ័យនៃបេសកកម្មការទូតរបស់លោកជំទាវឯកអគ្គរដ្ឋទូត នៅព្រះរាជាណាចក្រកម្ពុជា ដែលបានរួមចំណែកពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេស និងប្រជាជនទាំងពីរ ឱ្យទទួលបានផលប្រយោជន៍ដ៏ធំធេងទៅវិញទៅមក។

សម្តេចប្រធានព្រឹទ្ធសភា បានកត់សម្គាល់ឃើញថា លោកជំទាវ និងស្ថានទូតនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត ប្រចាំព្រះរាជាណាចក្រកម្ពុជា បានបំពេញភារកិច្ចយ៉ាងល្អប្រសើរ និងមានទំនាក់ទំនងកិច្ចសហប្រតិបត្តិការល្អជាមួយនឹងថ្នាក់ដឹកនាំ មន្រ្តីគ្រប់លំដាប់ថ្នាក់  និងជាមួយនឹងក្រសួងស្ថាប័ន អាជ្ញាធរ ខេត្ត ក្រុង ជាពិសេសជាមួយនឹងប្រជាជនកម្ពុជា។

នៅក្នុងឱកាសនោះ លោកជំទាវ ហ្វេលីស៊ីដាដេ ដេ ស៊ូសា ហ្គូទែរែស បានថ្លែងអំណរគុណចំពោះសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា ដែលបានចំណាយពេលវេលាដ៏មានតម្លៃអនុញ្ញាតឱ្យលោកជំទាវចូលជួបសម្តែងការគួរសម និងជម្រាបលានាពេលនេះ។

លោកជំទាវឯកអគ្គរដ្ឋទូត បានកត់សម្គាល់ថា ក្នុងអំឡុងពេលបេសកកម្មការទូតរយៈពេល៤ ឆ្នាំរបស់លោកជំទាវ នៅព្រះរាជាណាចក្រកម្ពុជា លោកជំទាវបានទទួលជោគជ័យ ក៏ដោយសារតែមានការគាំទ្រពីព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល និងគ្រប់ស្ថាប័នជាតិ ដែលជំរុញឱ្យទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរកម្ពុជា- ទីម័រខាងកើត មានការរីកចម្រើន។  ជាមួយគ្នានេះលោកជំទាវក៏បានសម្ដែងនូវសេចក្ដីរីករាយជាខ្លាំង ដោយឃើញថា សេដ្ឋកិច្ចកម្ពុជាមានការរីកចម្រើន និងអភិវឌ្ឍន៍យ៉ាងឆាប់រហ័សក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលធ្វើឱ្យប្រទេសកម្ពុជាមានកំណើនសេដ្ឋកិច្ចជាមធ្យម ៧ភាគរយ ក្នុងរយៈពេលជាងពីរទសវត្សរ៍មកហើយ។ លោកជំទាវបានសង្កេតឃើញថា នៅរាជធានីភ្នំពេញ មានការីកចម្រើនខ្លាំងលើវិស័យហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ថ្នល់ ស្ពានអាកាស និងអគារខ្ពស់ៗជាច្រើន ហើយអ្វីដែលលោកជំទាវបានមើលឃើញទាំងអស់នេះ លោកជំទាវនឹងយកទៅជម្រាបជូនរដ្ឋាភិបាលទីម័រខាងកើត ដើម្បីសិក្សាឈ្វេងយល់អំពីការអភិវឌ្ឍរីកចម្រើន និងការកែទម្រង់លើគ្រប់វិស័យនេះ គឺជាគំរូមួយ និងបទពិសោធន៍ដ៏ល្អសម្រាប់ប្រទេសទីម័តខាងកើតផងដែរ។ក្នុងនាមរដ្ឋាភិបាលទីម័រខាងកើត លោកជំទាវឯកអគ្គរដ្ឋទូត បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ដែលបានគាំទ្រឱ្យប្រទេសទីម័រខាង កើតចូលជាសមាជិកអាស៊ានពេញសិទ្ធិ។

សម្តេចប្រធានព្រឹទ្ធសភា បានសម្តែងនូវសេចក្តីពេញចិត្ត និងវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អលើគ្រប់វិស័យរវាងប្រជាជន និងប្រទេសទាំងពីរ។ ថ្នាក់ដឹកនាំកំពូល និងមន្រ្តីជាន់ខ្ពស់គ្រប់លំដាប់ថ្នាក់ បានផ្លាស់ប្តូរទស្សនកិច្ចគ្នាទៅវិញទៅមកជាបន្តបន្ទាប់ និងបានគាំទ្រគ្នាទៅវិញទៅមកលើបញ្ហាជាច្រើន ក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការអន្តរជាតិ ។

ជាមួយគ្នានេះក្នុងនាមព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបាលកម្ពុជា សម្តេចប្រធានព្រឹទ្ធសភា សូមគាំទ្រប្រទេសទីម័រខាងកើតចូលជាសមាជិកអាស៊ាន។ សម្តេចប្រធានព្រឹទ្ធ សភា បានបញ្ជាក់ថា ក្រោមការខិតខំសម្របសម្រួលរបស់លោកជំទាវ ប្រទេសទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀង និងអនុស្សរណៈយោគយល់រវាងប្រទេសទាំងពីរជាច្រើន ហើយតាម រយៈនៃកិច្ចព្រមព្រៀងទាំងអស់នេះ នឹងក្លាយជាចលករជំរុញកំណើនពាណិជ្ជកម្ម ជំរុញការផ្លាស់ប្តូរទេសចរណ៍ វប្បធម៌ វិនិយោគ និងការផ្លាស់ប្តូរមនុស្សក្នុងពេលអនាគតជាក់ជាពុំខាន។ ក្នុងនាមព្រឹទ្ធសភា សម្តេចប្រធានព្រឹទ្ធសភា នឹងត្រៀមខ្លួនជានិច្ចបន្តធ្វើកិច្ចសហប្រតិ បត្តិការដ៏ជិតស្និទ្ធជាមួយ នឹងឯកអគ្គរដ្ឋទូតទីម័រខាងកើតថ្មី និងស្ថានទូតទីម័រខាងកើតប្រចាំព្រះរាជាណាចក្រកម្ពុជា ដើម្បីរួមចំណែកពង្រឹងពង្រីកចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ដែលនឹងនាំមកនូវផលប្រយោជន៍ទៅវិញទៅមកជូនប្រជាជន និងប្រទេសទាំងពីរ៕

ដោយ ប៉ាល់ សុង