ផលិតផលចេកអំបូងលឿងកម្ពុជាចាប់ផ្តើមនាំចេញទៅកាន់ទីផ្សារចិនជាបណ្តើរៗ

វិទ្យុជាតិកម្ពុជា៖អត្ថបទ

ភ្នំពេញ៖  ផលិតផលចេកអំបូងលឿងកម្ពុជាចាប់ផ្តើមនាំចេញទៅកាន់ទីផ្សារចិនជាបណ្តើរៗហើយ

ខណៈដែលក្រុមហ៊ុនដំាចេកអំបូងបានប្រមូលផលបានយ៉ាងច្រើន។

ក្នុងពិធីសម្ពោធរោងចក្រវេចខ្ចប់ និងនាំចេញផ្លែចេកស្រស់របស់ក្រុមហ៊ុនហ័ងអាញអណ្តូងមាសហ័ងអាញលំផាត់ ក្រុមហ៊ុនដូនពេញអាហ្រ្គីកូ និងក្រុមហ៊ុនប៊ិញហ្វឿកក្រចេះរ៉ាប់ប៊ឿ២ខមភេនី ទៅកាន់ទីផ្សារប្រទេសចិន កាលពីចុងសប្តាហ៍នេះ  លោកង្វៀង ក្វានអាន អគ្គនាយកនិងជាតំណាងក្រុមហ៊ុនទាំង៤បានរាយថា បន្ទាប់ពីចាប់ផ្តើមវិនិយោគលើដីសម្បទានសេដ្ឋកិច្ចរហូចមកទល់បច្ចុប្បន្ននេះ ក្រុមហ៊ុនមានវឌ្ឍនភាព នៃផលិតកម្មពហុដំណាំ និងដំណើរការនៃការនាំចេញចេកអំបូងលឿងស្រស់ចេញទៅកាន់ទីផ្សារ ចិនបានរួចរាល់ហើយ។   លោកអគ្គនាយកក្រុមហ៊ុនបានឲ្យដឹងថា ក្រុមហ៊ុនកំពុងអភិវឌ្ឍដំណាំកសិឧស្សាហកម្មលើផ្ទៃដី១៨ពាន់ហ.ត ដោយបានដំណើរការរៀបចំចំការចេកលើផ្ទៃដីជាង៧ពាន់ហ.ត ក្នុងនោះជាង ៣ពាន់ហ.ត កំពុងប្រមូលផល សម្រាប់ការនាំចេញទៅកាន់ទីផ្សារប្រទេសចិន។

លោកបានបញ្ជាក់ថា  ក្រុមហ៊ុនបានប្រើប្រាស់ទុនវិនិយោគជាង ៤០០ លានដុល្លារ សម្រាប់រៀបចំរចនាសម្ព័ន្ធផ្លូវថ្នល់រៀបចំដីប្រព័ន្ធទឹកការរៀបចំកូនដាំ ការរៀបចំរចនាសម្ព័ន្ធប្រមូលផល អនាម័យ វេចខ្ចប់ និងឃ្លាំងស្តុកចំនួន២ ដោយរចនាសម្ព័ន្ធវេចខ្ចប់ចំនួន ៨ ដែលបានចែកចេញជា២ស្តង់ដាគឺប្រទេសចិននិងជប៉ុន។ លោកអគ្គនាយកបានសម្តែងនូវសុទិដ្ឋិនិយមថានៅឆ្នាំ២០២០ ក្រុមហ៊ុននឹងបង្កើនបរិមាណផលិតកម្មចេកស្រស់ឲ្យដល់ ៥០០ពាន់តោនក្នុងមួយឆ្នាំ ក្រៅពីនេះក៏នៅមានផលដំណាំស្វាយ ក្រូចថ្លុង ស្រកា នាគ និងខ្មុរ ដែលត្រូវការកំលាំងពលកម្មក្នុងស្រុកជាង ១៥ពាន់នាក់។

ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានចូលរួមអបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង ពុះពារ និងជំនះបាននូវរាល់បញ្ហាប្រឈមនានារហូតសម្រេចបានជោគជ័យដែលស្តែងចេញឲ្យឃើញនូវសមិទ្ធផលដូចយើងបានទទួលនាថ្ងៃនេះ។

ឯកឧត្តម បានថ្លែងអំណរគុណជូនចំពោះរដ្ឋាភិបាលចិន តាមរយ:អគ្គនាយកដ្ឋានគយនៃសាធារណ:រដ្ឋប្រជាមានិតចិនដែលបានវាយតម្លៃលើគុណភាពចេកកម្ពុជា និងបានអនុញ្ញាតឲ្យក្រុមហ៊ុនទាំង៤ អាចនាំចេញផ្លែចេកស្រស់ទៅកាន់ទីផ្សារចិនបន្ថែមទៀត។

ឯកឧត្តមរដ្ឋមន្រ្តីបានបញ្ជាក់ថា នាយកដ្ឋានគយចិនក៏បានវាយតម្លៃកន្លែងវេចខ្ចប់ផ្លែចេករបស់ក្រុមហ៊ុនថាមានស្តង់ដារគុណភាព និងសុវត្ថិភាពល្អជាងគេក្នុងតំបន់អាស៊ាន៕