រាជរដ្ឋាភិបាល បង្កើនការលើកកម្ពស់សមត្ថភាពរ ស្ដ្រីលើវិស័យសាធារណៈ

វិទ្យុជាតិកម្ពុជាអត្ថបទ៖ជួន បូណា ២៨ ១២ ១៩

MC៖រាជរដ្ឋាភិបាល បង្កើនការលើកកម្ពស់សមត្ថភាពរបស់ស្ដ្រីលើវិស័យសាធារណៈ ដើម្បីធានាឱ្យស្រ្ដីកាន់តែមានសមត្ថភាព និងក្លាយជាអ្នកដឹកនាំ អាចចូលរួមយ៉ាងសកម្មក្នុងការជួយការងារសង្គមជាតិ។
ឯកឧត្ដម យ៉ក់ ប៊ុណ្ណា រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាល មានប្រសាសន៍ថា សាលាភូមិន្ទរដ្ឋបាលបានរៀចចំវគ្គបណ្ដុះបណ្ដាលស្ដ្រីជាថ្នាក់ដឹកនាំនៃក្រសួងស្ថាប័នចំនួន៣០ស្ថាប័ន ក្នុងគោលបំណងផ្ដល់ចំណេះបន្ថែម លើជំនាញរដ្ឋបាលសាធារណៈ ការកំណែទម្រង់ហិរញ្ញវត្ថុសាធារណៈ ការកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ការគ្រប់គ្រងធនធានមនុស្ស ការសិក្សាស្វែងយល់អំពីប្រព័ន្ធនយោបាយ ប្រព័ន្ធរដ្ឋបាលកម្ពុជា ការសិក្សារបៀបវិវត្ដន៍រដ្ឋបាលសាធារណៈ ប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈកម្ពុជា ភាពជាអ្នកដឹកនាំ ព័ត៌មានវិទ្យាសម្រាប់អ្នកគ្រប់គ្រង ទំនាក់ទំនងសាធារណៈក្នុងប្រព័ន្ធព័ត៌មាន និងលើកកម្ពស់សមត្ថភាពយេនឌ័រលើវិស័យសាធារណៈ។
ឯកឧត្ដមរដ្ឋលេខាធិការបានបញ្ជាក់ថា ក្រៅពីបានបណ្ដុះបណ្ដាលជំនាញទាំងនេះសាលាក៏បានចុះអនុវត្ដន៍ផ្ទាល់ចំពោះការងារសាធារណៈជាច្រើន ដូចជាការងារមនុស្សធម៌ វប្បធម៌ សាសនា ផ្សាភ្ជាប់បរិស្ថាន និងសង្គមជាដើម ដើម្បីអោយក្រុមស្ត្រីដែលជាថ្នាក់ដឹកនាំបានដឹងពីតម្រូវការសង្គមជាក់ស្តែងសម្រាប់យកទៅអនុវត្តកិច្ចការងារនៅតាមក្រសួងស្ថាប័ន។
ឯកឧត្ដម ពេជ្រ ប៊ុនធិន រដ្ឋមន្រ្ដីក្រសួងមុខងារសាធារណៈ បានវាយតម្លៃខ្ពស់ចំពោះការរៀចចំវគ្គបណ្ដុះបណ្ដាលស្ដ្រីជាថ្នាក់ដឹកនាំនៃក្រសួងស្ថាប័នចំនួន៣០ស្ថាប័ននពេលនេះ ដែលស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា។
ឯកឧត្ដមរដ្ឋមន្រ្ដីបានបញ្ជាក់ថា ការបណ្ដុះបណ្ដាលនាពេលនេះ គឺពិតជាមានសារៈសំខាន់ណាស់សម្រាប់
ថ្នាក់ដឹកនាំជាស្រ្ដី កាន់តែមានសមត្ថភាពគ្រប់គ្រាន់ ដើម្បីយកទៅអភិវឌ្ឍន៍អង្គភាព និងប្រទេសជាតិកាន់តែមានប្រសិទ្ធភាពខ្ពស់។
សូមបញ្ជាក់ថា ក្នុងឆ្នាំ២០១៩នេះ សាលាភូមិន្ទរដ្ឋបាលបានបណ្ដុះបណ្ដាលថ្នាក់ដឹកនាំនៃក្រសួងស្ថាប័នចំនួន៣០ស្ថាប័ន សរុបចំនួន១៦៤នាក់ ៕