រដ្ឋបាលរាជធានីបើកការដ្ឋានស្ថាបនាស្ពានអាកាសថ្មើរជើងចំនួន២កន្លែងដោយគ្រោងហើយនៅពាក់កណ្តាលឆ្នាំ២០២០ខាងមុខ

វិទ្យុជាតិកម្ពុជាអត្ថបទ៖ ហុក សុខរិន

ភ្នំពេញ៖ រដ្ឋបាលរាជធានីបានបើកការដ្ឋានស្ថាបនាស្ពានអាកាសថ្មើរជើងចំនួន២កន្លែងនៅត្រង់ផ្សារដើមគរនិងមុខសាសាបឋមសិក្សាសន្ធរម៉ុកនៅថ្ងៃទីទី២៨ ខែធ្នូនេះ ដោយគ្រោងស្ថាបនាឲ្យហើយនៅពាក់កណ្តាលឆ្នាំ២០២០ខាងមុខដើម្បីជួយសម្រួលការដល់ប្រជាពលរដ្ឋក្នុងការឆ្លង កាត់ផ្លូវប្រកបដោយសុវត្ថិភាពមិនប្រឈមគ្រោះថ្នាក់ណាមួយកើតឡើង។

ឯកឧត្តម ឃួងស្រេងអភិបាលរាជធានីភ្នំពេញនិងលោកជំទាវនៅព្រឹក២៨ ខែធ្នូបានអញ្ជើញចូលរួមបើកការដ្ឋានស្ថាបនាស្ពានអាកាសថ្មើរជើងចំនួន២កន្លែង គឺស្ថិតនៅត្រង់ផ្សារដើមគរនិងមុខសាសាបឋមសិក្សាសន្ធរម៉ុក ដើម្បីសម្រួលដល់ការធ្វើដំណើរឆ្លងកាត់ផ្លូវរបស់ ប្រជាពលរដ្ឋពិសេសសិស្សានុសិស្ស ខណៈដែរតំបន់ទំាង២នេះមានការលំបាកក្នុងការធ្វើដំណើរ ថ្មើរជើងកាត់ផ្លូវ ដោយសារតែប្រឈមនឹងចរាចរណ៍មមាញឹកខ្លាំង។
ឯកឧត្តមអភិបាលបានជំរុញឲ្យក្រុមហ៊ុនស្ថាបនាស្ពានអាកាសថ្មើរជើងនៅតំបន់ទំាង២នេះឲ្យរួចរាល់ទាន់តាមផែនការក្នុងរយៈពេល៦ខែទៀត។
តាមលក្ខណៈបច្ចេកទេសគម្រោងស្ថាបនាស្ពានអាកាសថ្មើរជើងនៅតំបន់មុខផ្សារដើមគរគឺឆ្លងកាត់លើមហាវិថីគីមអ៊ីសុង ខណៈគម្រោងស្ថាបនាស្ពានអាកាសថ្មើរជើងនៅសន្ធរម៉ុកវិញគឺស្ថិតនៅលើចំនុចផ្លូវប្រសព្វទំាង៤ទិសតែម្តង ដើម្បីបង្កលក្ខណៈងាយស្រួលដល់សិស្សានុសិស្សបានឆ្លងកាត់ផ្លូវនេះ ដោយសុវត្ថិភាពទោះពួកគេមកពីទិសខាងណាក៏ដោយ។
លោកស្រី ឌួង ដានី ប្រជាពលរដ្ឋរស់នៅរាជធានីភ្នំពេញបានគាំទ្រគម្រោងស្ថាបនាស្ពានអាកាស ថ្មើរជើងទំាង២កន្លែងនេះថាបានជួយសម្រាលការលំបាកជាច្រើនដល់ប្រជាពលរដ្ឋនិង សិស្សានុសិស្សបានឆ្លងកាត់ថ្នល់ប្រកបដោយសុវត្ថិភាព។
គម្រោងសាងសង់ស្ពានអាកាសថ្មើរជើងត្រង់ផ្សារដើមគរនិងមុខសាសាបឋមសិក្សាសន្ធរម៉ុកទំាង២កន្លែងនេះ គឺស្ថាបនាដោយក្រុមហ៊ុនស្ពេក មេឌៀ ដោយគ្រោងអនុវត្តន៍ការសាងសង់ រហូតដល់រយៈពេល៦ខែ ពោលនឹងរួចរាល់នៅពាក់កណ្តាលឆ្នាំ២០២០ខាងមុខ។
សូមបញ្ជាក់ថា មកដល់ពេលនេះរាជធានីភ្នំពេញមានស្ពានអាកាសថ្មើរជើងចំនួន៣កន្លែងហើយ ដោយនៅតំបន់ជម្ពូវ័ន្តខណ្ឌពោធិសែនជ័យមានចំនួន២កន្លែង និងនៅតំបន់ភ្លើងស្តុបនាងគង្ហីង មានចំនួន១កន្លែង ហើយរដ្ឋបាលរាជធានីភ្នំពេញគ្រោងពង្រីកគម្រោងស្ថាបនានេះឲ្យបាន ច្រើន កន្លែងបន្ថែមទៀត ដើម្បីឆ្លើយតបទៅនឹងប្រទេសជាតិមានការអភិវឌ្ឍនិងទីក្រុងមានភាព ស៊ីវិល័យ និងបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋឆ្លងកាត់ផ្លូវប្រកបដោយសុវត្ថិភាព៕