វិទ្យុជាតិកម្ពុជាបង្កើនការផលិតព័ត៌មានថ្មីៗ និងការប្រយុទ្ធប្រឆំាងព័ត៌មានក្លែងក្លាយនៅក្នុងសង្គម

វិទ្យុជាតិកម្ពុជា៖អត្ថបទ ជួន បូណា

ភ្នំពេញ៖ អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា ប្តេជ្ញាបង្កើនការផលិតព័ត៌មានថ្មីៗប្រកបដោយគុណភាព និងការប្រយុទ្ធប្រឆំាងព័ត៌មានក្លែងក្លាយនៅក្នុងសង្គម ដើម្បីចូលរួមទប់ស្កាត់ការពារកុំឲ្យព័ត៌មាន ក្លែងក្លាយបង្កផលប៉ៈពាល់នៅក្នុងសង្គម។

ក្នុងកិច្ចប្រជុំប្រចាំឆ្នាំរបស់នាយកដ្ឋានព័ត៌មានក្នុងប្រទេស និងក្រៅប្រទេសនៃអគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជាបានដាក់ផែនការបង្កើន​ការបន្សាបព័ត៌មានក្លែង​ក្លាយផ្សេងៗ ដែលកើតឡើងនៅក្នុងសង្គម តាមរយៈការផលិតព័ត៌មានពិតត្រឡប់ទៅវិញ ឬតាមរយៈវេទិកាតុមូល និងកម្មវិធីសន្ទនាមតិ​ដែលអញ្ចើញវាគ្មិនជំនាញមកពន្យល់បកស្រាយពីការពិត ដើម្បីកុំអោយប្រជាពលរដ្ឋមានការភាន់ច្រលំ។

លោក ហោ សេងគ្រី ប្រធាននាយកដ្ឋានព័ត៌មានក្នុងប្រទេសនិងក្រៅប្រទេសនៃអគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជាមានប្រសាសន៍ថា សម្រាប់ឆ្នាំ២០២០ខាងមុខនេះ ក្រុមមន្ដ្រីព័ត៌មានទំាងអស់នឹងត្រូវខិតខំផលិតព័ត៌មានថ្មីៗប្លែកៗនៅតាមមូលដ្ឋាន និងព្រឹត្ដិការណ៍សំខាន់ៗនៅក្នុងសង្គមអោយបានច្រើនបន្ថែមទៀត ក្នុងទិសដៅលឿន រហ័ស ជឿទុកចិត្ដបាន ទីណាក៏បាន ដើម្បីផ្តល់ព័ត៌មានពិតត្រឹមត្រូវដល់ប្រជាពលរដ្ឋឱ្យបានទាន់សភាពការណ៍នៃព្រឹត្តិការណ៍នីមួយៗ។

លោកប្រធាននាយកដ្ឋានបញ្ជាក់ថា ការជំរុញផលិតព័ត៌មានថ្មីៗនេះ ដើម្បីឆ្លើយតបទៅនឹងតម្រូវការអ្នកស្តាប់នៅទូទំាងប្រទេសបានដឹង​ពីព្រឹត្ដិការណ៍ថ្មីៗនៃការវិវត្ដន៍របស់កម្ពុជា។

ជាមួយគ្នានេះលោកបានបន្ថែមថា ក្នុងឆ្នាំ២០១៩នេះ មន្រ្ដីព័ត៌មាននៃអគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជាបានបំពេញការងាររបស់ខ្លួនយ៉ាងសកម្ម ក្នុងការចុះយកព័ត៌មាននៅគ្រប់ព្រឹត្តិការណ៍ ដែលកើតឡើងនៅក្នុងសង្គម និងតាមដានរាល់ព្រឹត្តិការណ៍នានារបស់ប្រមុខរាជរដ្ឋាភិបាលទំាងក្នុងប្រទេស ក្រៅប្រទេស និងកិច្ចប្រជុំកំពូលអន្តរជាតិនានាដែលធ្វើឡើងនៅកម្ពុជា ដើម្បីយកមកផ្សព្វផ្សាយជូនប្រជាពលរដ្ឋឲ្យបានជ្រួតជ្រៀបទាន់ពេលវេលាតាមរយៈ វិទ្យុកម្ពុជា AM 918 KHz វិទ្យុវត្តភ្នំ FM 105.70 MHz និងអេបវិទ្យុជាតិកម្ពុជា អេបក្រសួងព័ត៌មានផងដែរ៕