សម្តេច​ពិជ័យ​សេនា​ ទៀ ​បាញ់ ​ផ្តល់​អនុសាសន៍​៩​ចំណុច ​ដល់​កង​រាជ​អាវុធ​ហត្ថ​ ដើម្បី​សម្រេច​នូវ​សមិទ្ធ​ផល​ថ្មីៗ​បន្ថែម​ទៀត​

AKP ភ្នំពេញ ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៩ — នៅក្នុងពិធីបិទកិច្ចប្រជុំបូកសរុបលទ្ធផលការងារអាវុធហត្ថ​ឆ្នាំ២០១៩ និងផ្សព្វផ្សាយ ទិសដៅបន្ដឆ្នាំ២០២០ របស់​កង​រាជ​អាវុធ​ហត្ថ​លើផ្ទៃប្រទេស កាលពីរសៀលថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៩ សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយក​រដ្ឋមន្ត្រី ​រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ បានផ្តល់នូវអនុសាសន៍៩ចំណុច ជូនដល់មន្ត្រីកងរាជអាវុធហត្ថ​ ដើម្បី​សម្រេច​នូវ​សមិទ្ធផល​ថ្មីៗ​បន្ថែម​ទៀត​។

អនុសាសន៍ទាំង៩ចំណុច របស់សម្តេចពិជ័យសេនា ទៀ បាញ់ រួមមាន៖ ទី១- ត្រូវ​សហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលមូលដ្ឋានគ្រប់ជាន់ថ្នាក់ បន្តចូលរួមថែរក្សាសន្តិភាព ស្ថិរភាព​នយោបាយ​ និងសន្តិសុខជាតិ ដែលយើងបានខិតខំប្រឹង ប្រែង​រក​បានដោយលំបាក​បំផុតនេះ មិនអនុញ្ញាតឱ្យក្រុមប្រឆាំងជ្រុលនិយម ដែលក្បត់ជាតិ នឹងផលប្រយោជន៍ជាតិ និងប្រជាជន ឬមជ្ឈដ្ឋានអគតិនៅខាងក្រៅមក បំផ្លាញវិញបានឡើយ ទោះបីត្រូវបង់ក្នុងតម្លៃណាក៏ដោយ។ ខិតខំជំរុញការអភិវឌ្ឍ លទ្ធិប្រជាធិបតេយ្យ សេរីភាព សិទ្ធិមនុស្ស និងនិតិរដ្ឋ ដើម្បីសម្រេចបាននូវស្ថិរភាពមីក្រូសេដ្ឋកិច្ច ការអភិវឌ្ឍ និងការកាត់​បន្ថ​យភាព​ក្រីក្រ ដែលជាបុរេលក្ខខណ្ឌ និងធាតុដ៏សំខាន់មិនអាចខ្វះបាន សម្រាប់ការអភិវឌ្ឍ ប្រទេសប្រកប​ដោយ​ចីរភាព។   ទី២- ត្រូវ​បន្ត​យកចំក្តទុកដាក់ធ្វើការកែ​ទម្រង់​ ឱ្យកាន់តែស៊ី ជម្រៅថែមទៀតទាំ​ង​រចនាសម្ព័ន្ធ តួនាទី ភារកិច្ច ការអភិវឌ្ឍ ធនធានមនុស្ស តាមរយៈពង្រឹងសមត្ថភាព លើកកម្ពស់គុណភាពការងារ ប្រកបដោយភាព ទទួលខុសត្រូវ ដែលជាការឆ្លើយតបទៅនឹងតម្រូវការចាំបាច់ របស់កងរាជអាវុធហត្ថ ឱ្យមានប្រសិទ្ធភាព។ ទី៣- ត្រូវ​បន្ត​ខិតខំបង្កើនប្រសិទ្ធភាព និងគុណភាពនៃសេវា សាធារណៈ ព្រោះវាជាបេសក កម្មដ៏ធំចម្បងក្នុងការលើកកម្ពស់ជីវភាពរស់នៅ របស់ប្រជាជន។ ត្រូវប្រែក្លាយកងរាជ អាវុធហត្ថ ឱ្យទៅជាកម្លាំងដែលផ្តល់សេវា ដ៏មាន​ប្រសិទ្ធភាព សំដៅបម្រើប្រជាពលរដ្ឋឱ្យ កាន់តែប្រសើរឡើង ដោយមានទឹកចិត្តមោះមុត មានភក្តីភាព ធ្វើជា​អ្ន​ក​ផ្តល់សេវាគួរឱ្យគោរព និងមានសីលធម៌ វិជ្ជាជីវៈ។   ទី៤- ត្រូវ​ពង្រឹង​ការងារកសាងគ្រប់គ្រងកម្លាំងមានប្រសិទ្ធភាព ក្នុងនោះត្រូវបំបាត់ចោលអ្នកដែលមិនគោរព​បទ​បញ្ជា ជំនាញវិជ្ជាជីវៈ ដើម្បើធានា បម្រើការងារ តាមការប្រគល់ភារកិច្ចរបស់ រាជរដ្ឋាភិបាល ឬក្រសួងការ​ពារ​ជាតិ​។ ទី៥- ត្រូវធ្វើការផ្សព្វផ្សាយសភាពការណ៍ថ្មីៗ និងអប់រំនយោបាយ សតិអារម្មណ៍ដល់នាយ និងពល អាវុធហត្ថនៅ​ទូ​ទាំង​ប្រទេស។ ត្រូវធ្វើការហ្វឹកហ្វឺន រម្លឹកមេរៀន ពង្រឹងបរិមាណកម្លាំង ធ្វើការបណ្តុះបណ្តាលជំនាញ ដល់នាយ និងពល អាវុធហត្ថទាំងក្នុង និងក្រៅប្រទេស ដើម្បីលើកកម្ពស់សមត្ថភាព សម្រាប់ចូលរួមបំពេញការងារជាមួយ​ក្រសួង ​ស្ថាប័នពាក់ព័ន្ធ និងបំពេញបេសកកម្ម ជាលក្ខណៈអន្តរជាតិ ប្រកបដោយវិជ្ជាជីវៈ។ ទី៦- ​ត្រូវខិតខំថែរក្សា សំណង់ដែលមានស្រាប់ និងបន្តសាងសង់អគារសេនាធិការដ្ឋាន ដែលកំពុងសាង សង់តាមខេត្ត មិនទាន់បានសាងសង់ និងជំរុញការសាងសង់ទីលានបាញ់គ្រាប់ពិត​ របស់កងយោធពលខមរភូមិន្ទ ឱ្យ​រួចរាល់ទាន់ពេលវេណ សម្រាប់ឆ្ពោះទៅធ្វើម្ចាស់ផ្ទះ ក្នុងការប្រកួតកីឡាអាស៊ាន នាពេលខាងមុខ។   ទី៧- បន្តធ្វើជាកងកម្លាំងស្នូលក្នុងការ ប្រតិបត្តិការថែរក្សាសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈ និងចូល​រួមសហការជា មួយក្រសួង ស្ថាប័ន និងសមត្ថកិច្ចពាក់ព័ន្ធបង្ក្រាប រាល់បទល្មើសនានា និងចូលរួមការងារ មនុស្សធម៌ កិច្ចការសង្គម និងសង្គ្រោះគ្រោះមហន្តរាយ។ ទី៨- ត្រូវពង្រឹងយន្តការត្រួត ពិនិត្យ ឱ្យមានប្រសិទ្ធភាព តាមតួនាទីភារកិច្ច ដែលរាជរដ្ឋាភិបាលប្រគល់ជូនឱ្យសមជាកម្លាំងសមត្ថ កិច្ចស្របច្បាប់ ដែលមានគុណសម្បត្តិច្រើន។ ត្រូវគ្រប់គ្រងការងារ រដ្ឋបាលសាធារណៈ និងចាត់​វិធានការច្បាប់ឱ្យបានម៉ត់ចត់ ការពារមិនឱ្យមានអំពើពុករលួយ ឬការរំលោភ អំណាចពីសំណាក់អាជ្ញាធរសាធារណៈទៅលើប្រជាពលរដ្ឋ និងទី៩- ចូលរួមចង ក្រងច្បាប់ និងលិខិតបទដ្ឋាននានា ព្រោះអាវុធហត្ថជាអ្នកបម្រើផ្ទាល់ជាមួយប្រជាជនទទួលបានភាព ជាក់ស្តែងនៃជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជន និងបំណងប្រាថ្នារបស់ប្រជាជន។

ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង និងជា​មេ​បញ្ជាការ​កង​រាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​បានគូសបញ្ជាក់ថា ដោយពិនិត្យជាទូទៅឆ្នាំ២០១៩នេះ សភាព​ការណ៍​សន្តិសុខ​សណ្ដាប់​ធ្នាប់ មានការវិវឌ្ឍតាមទិសវិជ្ជមាន បានបង្កនូវភាពអនុគ្រោះដល់ការ អភិវឌ្ឍសេដ្ឋកិច្ចសង្គម និងស្ថិរភាពនយោបាយ។ ឯកឧត្តម នាយឧត្តមសេនីយ៍បន្តថា កងរាជអាវុធហត្ថ​បាន​យកការងារអប់រំបណ្ដុះ បណ្ដាលធ្វើជាមូលដ្ឋានក្នុងការកសាង សមត្ថភាព បុគ្គលិក ដើម្បីធានារ៉ាប់រងឆ្លើយតបទៅ នឹងតួនាទី ភារកិច្ចជាក់ស្ដែងឆ្នាំ២០១៩នេះ វិទ្យាស្ថានកងរាជអាវុធហត្ថកំបូល បានធ្វើការ បើកវគ្គបានចំនួន៣វគ្គ ដែលមានសិក្ខាកាមចំនួន ២៣៩នាក់ មជ្ឈមណ្ឌលហ្វឹកហ្វឺន កងរាជ អាវុធហត្ថ (ភ្នំជំរាយ) ធ្វើការ​បើក​វគ្គបានចំនួន ៥វគ្គ ដែលមានសិក្ខាកាមចូលហ្វឹកហ្វឺន សរុប ៥៧៩នាក់ ហើយការ ងារហ្វឹកហ្វឺននៅតាមបណ្ដារាជធានី ខេត្ត ក៏បានយកចិត្តទុក ដាក់ជាប្រចាំផងដែរ នៅក្នុង ឆ្នាំ២០១៩នេះ គឺបានបើកវគ្គហ្វឹកហ្វឺនបានចំនួន៦៦វគ្គ ដែលមានសិក្ខា កាមសរុប ៦៨៥២នាក់។

ទន្ទឹមគ្នានឹងការងារហ្វឹកហ្វឺន បណ្ដុះបណ្ដាល នឹងធ្វើវិក្រិត្យការជំនាញការងារអប់រំចិត្ត សាស្ត្រ ក៏ត្រូវបានយកចិត្តទុកដាក់ជាប្រចាំ ដោយបានរៀបចំជាគ្រូឧទ្ទេស ចែកជាក្រុម ចុះទៅ ផ្សព្វផ្សាយអប់រំបានចំនួន ៧៨៨លើក ស្មើនឹង ៧៦៩១៨នាក់។ លើការជាក់​ស្ដែងការងារ ហ្វឹកហ្វឺន និងអប់រំចិត្តសាស្ត្រ គឺជាវិធីសាស្រ្តដ៏ស័ក្តិសិទ្ធបំផុត លើការងារគ្រប់​គ្រង​កម្លាំង​ត្រៀម​ធ្វើ​អន្តរាគមន៍ ដោះស្រាយនូវរាល់បញ្ហាដែលកើតឡើងដោយចៃដន្យ តាមបទបញ្ជា ហើយ​ក៏​ជា​ការ​ឆ្លុះបញ្ចាំងពីសមត្ថភាពនាយទាហាន ជាមេបញ្ជាការក្នុង ការដឹកនាំបញ្ជា និងគ្រប់គ្រងកងទ័ព។ លើ​ការ​ងារ​កសាង​អង្គភាព សំណង់ ជំរំជម្រក ត្រូវបានមេបញ្ជាការគ្រប់បណ្ដាថ្នាក់ ចាប់ពីបញ្ជាការដ្ឋានកងរាជអាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស​ រហូតដល់មូលដ្ឋានកងរាជអាវុធហត្ថខណ្ឌ ក្រុង ស្រុក បានធ្វើការយកចិត្តទុកដាក់ក្លាយ​ជា​ចលនា​ប្រឡង​ប្រណាំង​ ក្នុងកងរាជអាវុធហត្ថថែមទៀតផង។

ចំពោះការងារតាមដានគ្រប់គ្រង​ចុះបញ្ជី​ដីធ្លី និងធ្វើ​ប័ណ្ណកម្មសិទ្ធិ ក៏ត្រូវបានយក ចិត្តទុកដាក់ឆ្លើយតបបានទាន់ពេលវេលា តាមសំណូមពរជំនាញ​ចំណុះអគ្គបញ្ជាការដ្ឋាន នៃកងយោធពលខេមរភូមិន្ទ និងក្រសួងការពារជាតិ សម្រាប់ធ្វើបញ្ជី ប្រៀប​ធៀប​ទ្រព្យ​សម្បត្តិរដ្ឋឆ្នាំ ២០១៧-២០១៨ ដោយបានរាយការណ៍ជូនអគ្គបញ្ជាការដ្ឋាន និងក្រសួងការពារ ជាតិរួចរាល់អស់ហើយ។ ដោយ​​ឡែក​ការ​ថែ​រក្សា​មធ្យោបាយគ្រឿងបំពាក់ក៏ជាប្រការ​សំខាន់​បំផុត​ រប​ស់​កង​កម្លាំងរាជអាវុធហត្ថ ក្នុងការបំពេញភារកិច្ចដែលក្នុងនោះ យើងបានយក ចិត្តទុកដាក់ខ្ពស់ក្នុងការថែរក្សា ជួសជុលរថពាសដែក អូប័រ ម៉ាស៊ីនបូមទឹក ម៉ាស៊ីនភ្លើង ប្រមូលអាវុធខូចគុណភាព​យក​មក​រក្សា​ទុក ​នឹងធ្វើការជួសជុលរថយន្ត ជូតលាងអាវុធ ទៅតាមបទដ្ឋានបច្ចេកទេស។

ជាមួយគ្នានេះដែរ​ កង​រាជអាវុធហត្ថ ក៏បានយកចិត្តទុកដាក់ខ្ពស់លើការងារចិញ្ចឹមថែ រក្សាសុខភាពកងទ័ព និងគោលន​យោបាយ​ដោះ​ស្រាយ​ទុក្ខ​លំបាក​ ត្រូវបានផ្ដល់ការយក ចិត្តទុកដាក់ជាអាទិភាព ក្រៅពីគោលរបបរបស់រដ្ឋកំណត់មេបញ្ជាការ​បាន​បំផុស​ចលនាបង្កបង្កើនផលថែមទៀតផងដែរ។ ចំពោះការដំឡើងប្រាក់បៀវត្សរ៍ និងការផ្ដល់ប្រាក់ មាតុភាពរបស់រាជរដ្ឋាភិបាល បានចូលរួមចំណែកដល់ការដោះស្រាយជីវភាពយោធិនផ្ទាល់ និងក្រុមគ្រួសារយោធិនថែមទៀតផង៕

ដោយ សំ សាម៉ន