រាជរដ្ឋាភិបាលណែនាំក្រុមប្រឹក្សាឃុំ-សង្កាត់បង្កើនការប្រើប្រាស់ថវិកាប្រកបដោយតម្លាភាពនិងប្រសិទ្ធភាព

វិទ្យុជាតិកម្ពុជាអត្ថបទ៖ជួន

MC៖រាជរដ្ឋាភិបាល ណែនាំដល់ក្រុមប្រឹក្សាឃុំ-សង្កាត់ឲ្យបង្កើនការប្រើប្រាស់ថវិកាឆ្នាំ២០២០ប្រកបដោយតម្លាភាព និងប្រសិទ្ធភាព ដើម្បីធានាដល់ការដោះស្រាយតម្រូវការចាំបាច់នានារបស់ប្រជាពលរដ្ឋឲ្យមានប្រសិទ្ធិភាព ។
សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានណែនាំឲ្យក្រុមប្រឹក្សាឃុំ-សង្កាត់ត្រូវបន្តផ្តោតការយកចិត្តទុកដាក់ក្នុងការគ្រប់គ្រងចាត់ចែង និងប្រើប្រាស់ថវិកាឲ្យមានប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព ស្របតាមគោលការណ៍ និងនីតិវិធីដែលបានកំណត់ ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈម និងតម្រូវការចាំបាច់នានារបស់ប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។
សម្ដេចក្រឡាហោមបន្ដថា ការផ្ដល់ថវិកាក្នុងឆ្នាំ២០២០ ដល់ឆ្នាំ២០២៣ខាងមុខនេះ រាជរដ្ឋាភិបាលកម្ពុជាបានធ្វើសេចក្តីសម្រេចចិត្តក្នុងការបង្កើនមូលនិធិចំនួនទ្វេដង បើប្រៀបធៀបនឹងពេលបច្ចុប្បន្ន ទៅឱ្យរដ្ឋបាលឃុំសង្កាត់ ដើម្បីយកទៅអភិវឌ្ឍនៅមូលដ្ឋានរបស់ខ្លួន។

ក្នុងពិធីបិទមហាសន្និបាត អាណត្តិទី៣ សម្ព័ន្ធភាពជាតិសមាគម ក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៩ សម្ដេចក្រឡាហោម បានជំរុញឲ្យសមាគម ក្រុមប្រឹក្សាថ្នាក់ក្រោមជាតិ សហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ បន្តផ្តល់ការគាំទ្រផ្នែកបច្ចេកទេស និងការអភិវឌ្ឍសមត្ថភាពដល់ក្រុមប្រឹក្សាឃុំ-សង្កាត់ ដើម្បីធានាដល់ការចាត់ចែង និងការប្រើប្រាស់ថវិកាទាំងនេះ ឲ្យបានត្រឹមត្រូវ និងមានប្រសិទ្ធភាពខ្ពស់ ស្របតាមគោលការណ៍កំណត់ របស់ក្រសួងមហាផ្ទៃដែលបានដាក់ចេញសេចក្តីណែនាំស្តីពីការធានានិរន្តរភាពការងាររដ្ឋបាល និងការផ្តល់សេវាសាធារណៈ។
សូមបញ្ជាក់ថា រាជរដ្ឋាភិបាលបានដាក់ចេញអនុក្រឹត្យ ស្តីពីការផ្ទេរធនធានបន្ថែម ពីថវិការដ្ឋជូនរដ្ឋបាលឃុំ-សង្កាត់សម្រាប់ចំណាយអភិវឌ្ឍន៍ មូលដ្ឋានចាប់ពីឆ្នាំ២០២០ដល់ឆ្នាំ២០២៣ ក្នុងនោះ រដ្ឋបាលឃុំ-សង្កាត់នីមួយៗនឹងទទួលបានថវិកា សរុបជាមធ្យម ប្រមាណ១២២.០០០ដុល្លារ ហើយថវិកាផ្នែកអភិវឌ្ឍន៍មូលដ្ឋានមានជាង ៧០.០០០ដុល្លារ ពោលគឺកើនឡើងទ្វេដងផងដែរ ៕