អាជ្ញាធរជាតិអប្សរាមានផែនការង្កើនកិច្ចគាំពារដល់ប្រាង្គប្រាសាទជាច្រើននៅឆ្នាំ២០២០

វិទ្យុជាតិកម្ពុជា អត្ថបទ ៖ យី វិច្ឆិកា

MC៖ អាជ្ញាធរជាតិអប្សរាមានផែនការង្កើនកិច្ចគាំពារដល់ប្រាង្គប្រាសាទជាច្រើនបន្ថែមទៀត នៅឧទ្យានអង្គរនាឆ្នាំ២០២០ ដើម្បីធ្វើយ៉ាងថែរក្សាប្រាង្គប្រាសាទទំាងនោះឲ្យនៅតែរក្សាបានភាពរឹងមាំ គង់វង្ស និងទុកជាគេដំណែរដល់កូនចៅជំនាន់ក្រោយ ។

លោក ឡុង កុសល អនុប្រធានផ្សព្វផ្សាយអាជ្ញាធរជាតិអប្សរាបានមានប្រសាសន៍ប្រាប់វិទ្យុជាតិកម្ពុជាឲ្យដឹងថា ការងារជួសជុលប្រាង្គប្រាសាទនៅឧទ្យានអង្គរនេះ គឺជាការងារចាំបាច់របស់អាជ្ញាធរជាតិអប្សរាដែលត្រូវធ្វើជាប្រចាំ ដើម្បីធ្វើយ៉ាងណាថែរក្សាសម្បត្តិវប្បធម៌ជាតិឲ្យបានគង់វង្សយូរអង្វែង ។
លោកបានឲ្យដឹងថា ការជួសជុលប្រាសាទនេះគឺអនុវត្តដោយក្រុមអ្នកជំនាញខ្មែរ មានដូចជា នៅខ្លោងទ្វារអង្គរធំ ទីលានជល់ដំរី ប្រាសាទវិមានអាកាស ព្រះបរមរាជវាំងក្នុងទីក្រុងអង្គរធំ អតីតមន្ទីរពេទ្យនាសម័យព្រះបាទជ័យវរម្មន័ទី៧ និងប្រាសាទដ៏ទៃទៀត។
សំលេង«អំពីរឿងកិច្ចការងារអភិរក្សប្រាសាទគឺយើងមានសកម្មភាពដូចសព្វមួយដងអញ្ចឹង។ ពីមួយឆ្នាំទៅមួយឆ្នាំកិច្ចការងារចេះតែបន្តទៅរហូតដោយសារប្រាង្គប្រាសាទរបស់យើង មានច្រើនយើងបានធ្វើអន្តរាគមន៍ក្នុងកិច្ចការងារអភិរក្សទៅលើប្រាង្គប្រាសាទមួយចំនួនធំហើយ ក៏ប៉ុន្តែក៏នៅមានប្រាង្គប្រាសាទមួយចំនួនតូចទៀត ដែលត្រូវការទាមទារការអភិរក្សកិច្ចការងារជួសជុលដ៏អញ្ចឹង ត្រូវពង្រីកការងារជួសជុល »។
លោកឡុង កុសល បន្ថែមថាក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះក្រុមអ្នកជំនាញខ្មែរកាន់តែ មានសមត្ថភាពពេញលេញអាចឈានទៅជួសជុលប្រាសាទបុរាណខ្មែរថ្មីៗរបស់ខ្លួនបានជាច្រើន ដើម្បីជាមរតកសម្រាប់កូនខ្មែរតទៅមុខទៀត។
សូមបញ្ជាក់ថា ការជួសជុលកែលម្អបា្រសាទបុរាណគឺគោរពគោលការណ៍ ចំនួន៣ គឺរក្សាស្ថេរភាពសំណង់ រក្សាអោយបានសម្ភារៈសំណង់តាមរយះការរុះរើហើយតម្រៀបឡើងវិញ នឹងមិន បញ្ជូលថ្មថ្មីច្រើនហួសហេតុ ដើម្បីរក្សាតម្លៃសំណង់ប្រាសាទបុរាណ ប៉ុន្តែមិនបំពេញរូបរាង ប្រាសាទដូចសម័យដើមឡើយ ៕