មន្ទីរបញ្ចកោណនិយាយថា ការធ្វើសមយុទ្ធកងនាវាចររុស្ស៊ី-អ៊ីរ៉ង់-ចិន​ នឹងធ្វើការដើម្បីធានានូវសេរីភាពនាវាចរណ៍

AKP ភ្នំពេញ ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៩ — អ្នកនាំពាក្យមន្ទីរបញ្ចកោណលោក ស៊ាន រ៉ូបឺតសុន(Sean Robertson)​ បាននិយាយ​កាលពីថ្ងៃព្រហស្បតិ៍ថា សហរដ្ឋអាមេរិកកំពុងឃ្លាំមើលសមយុទ្ធកងទ័ពជើងទឹក អ៊ីរ៉ង់-រុស្ស៊ី- ចិនរួមគ្នានៅមហាសមុទ្រឥណ្ឌា ហើយនឹងសហការជាមួយសម្ព័ន្ធមិត្តដើម្បីធានានូវសេរីភាព​នៃការធ្វើនាវាចរ។

លោក រ៉ូបឺតសុន បាននិយាយថា យើងដឹងអំពីសមយុទ្ធពហុភាគីដែលកំពុងធ្វើឡើង រវាង​អ៊ីរ៉ង់ ចិន និងរុស្ស៊ីនៅក្នុងសមុទ្រអារ៉ាប់។ យើងកំពុងតាមដានវា​ ហើយនឹងបន្តធ្វើការ​ជាមួយ​ដៃគូ ព្រមទាំងសម្ព័ន្ធមិត្តរបស់យើង ដើម្បីធានានូវសេរីភាពនៃការធ្វើនាវាចរណ៍ និង​លំហូរពាណិជ្ជកម្មសេរីតាមផ្លូវទឹកអន្តរជាតិ។

រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergey Lavrov បាននិយាយកាលពីខែតុលាថា ល្បែង​សង្គ្រាម ត្រីភាគីនឹងបង្កើនការសម្របសម្រួលប្រតិបត្តិការ ក្នុងការប្រយុទ្ធប្រឆាំងនឹងភេរវករ និងចោរសមុទ្រ។

សមភាគីអ៊ីរ៉ង់របស់លោក លោក ចាវ៉ាដ ហ្សារីហ្វ(Javad Zarif) បានសង្កត់ធ្ងន់ថា សមយុទ្ធ​នេះនឹងមិនមានគោលបំណងដើម្បីភាគីទីបីឡើយ។

សមយុទ្ធរួមគ្នាដែលមានឈ្មោះថា ខ្សែក្រវ៉ាត់សន្តិសុខសមុទ្រ ត្រូវបានគ្រោងនឹង​ចាប់​ផ្តើមនៅថ្ងៃទី ២៧ ខែធ្នូនេះ។ កងវរសេនាតូចប្រយុទ្ធនៃកងទ័ពជើងទឹកបាល់ទិករបស់រុស្ស៊ី​បានចាកចេញទៅកាន់ប្រទេសអ៊ីរ៉ង់ បន្ទាប់ពីបញ្ចប់សមយុទ្ធកងនាវាចររុស្ស៊ី-ឥណ្ឌា Indra-2019 កាលពីដើមខែធ្នូ។

ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ថ្មីប្រចាំនៅប្រទេសរុស្ស៊ីលោក Kazem Jalali បាននិយាយថា ​អ៊ីរ៉ង់​និងរុស្ស៊ីគួរតែសហការគ្នាក្នុងការប្រឆាំងនឹង « អំពើភេរវកម្មសេដ្ឋកិច្ច​» របស់ក្រុងវ៉ាស៊ីនតោន ចាប់​តាំងពីសហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មដល់ប្រទេសទាំងពីរ។

កាលពីខែឧសភាឆ្នាំ ២០១៨ ទីក្រុងវ៉ាស៊ីនតោនបានដាក់ទណ្ឌកម្មឡើងវិញលើទីក្រុង តេអេរ៉ង់ បន្ទាប់ពីបានដកខ្លួនចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ឆ្នាំ ២០១៥។ ការរឹតត្បិត​នេះ​បានផ្តោតលើឧស្សាហកម្មប្រេងអ៊ីរ៉ង់ ធនាគារ ការដឹកជញ្ជូន និងវិស័យផ្សេងៗទៀតនៃ​សេដ្ឋកិច្ច​របស់ប្រទេសនេះ៕

(ប្រភព Sputnik: បកប្រែដោយលោក មាស សំអុល)