ប្រទេសជប៉ុនពន្យាពេលការយកប្រេងចេញពីម៉ាស៊ីនរ៉េអាក់ទ័រពីរនៅឯស្ថានីយនុយក្លេអ៊ែរហ្វូគូស៊ីម៉ា

វិទ្យុជាតិកម្ពុជា៖ លោក ភួង ឈុនលាង

រដ្ឋាភិបាលជប៉ុននៅថ្ងៃសុក្រនេះបានប្រកាសពន្យាពេលក្នុងការយកប្រេងចេញពីម៉ាស៊ីនរ៉េអាក់ទ័រចំនួនពីរនៅឯស្ថានីយនុយក្លេអ៊ែរហ្វូគូស៊ីម៉ា ដែលជួបគ្រោះមហន្តរាយរងការវាយប្រហារដោយការរញ្ជួយដីនិងរលកយក្សស៊ូណាមិកាលពីឆ្នាំ២០១១ ដោយបង្ហាញពីការលំបាកដែលកំពុងប្រឈមនឹងការសម្អាតនៅឯកន្លែងដែលរងផលប៉ះពាល់។នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃសុក្រ ទី ២៧ ខែធ្នូ ឆ្នាំ ២០១៩។

រដ្ឋាភិបាលជប៉ុនបានបង្ហាញថា គម្រោងការបំផ្លាញចោលរោងចក្រអគ្គីសនីដើរដោយថាមពលនុយក្លែអ៊ែរហ្វូគូស៊ីម៉ា ដែលទាមទាររយៈពេលប្រមាណពី ៣០ ទៅ ៤០ នឹងមិនផ្លាស់ប្តូរនោះទេខណៈការអនុវត្តគ្រោងធ្វើនៅឆ្នាំ២០២៣ ប៉ុន្តែនៅពេលនេះត្រូវយកប្រេងចេញពីរ៉េអាក់ទ័រលេខ ២ នៅឆ្នាំ ២០២៤-២០២៦ និងចេញពីរ៉េអាក់ទ័រលេខ ១ នៅជុំវិញឆ្នាំ ២០២៧-២០២៨ វិញដោយសារបញ្ហាប្រមូលកម្ទេចកម្ទីក៏ដូចជាទឹកកខ្វក់នៅកន្លែងដែលរងការបំផ្លាញ។
សូមរម្លឹងផងដែរថា រោងចក្រនុយក្លេអ៊ែរ Fukushima បានផ្ទុះដោយសារកើតមានគ្រោះរញ្ជួយដីយ៉ាងកក្រើក និងរលកយក្សស៊ូណាមិនៅភាគឦសានជប៉ុន កាលពីខែមីនា ឆ្នាំ២០១១៕
ប្រភព៖សារព័ត៌មាន Channel News Asia