សហរដ្ឋអាមេរិកបង្ហោះយន្តហោះស៊ើបការណ៍លើឧបទ្វីបកូរ៉េ ចំពេល​មានការព្រួយបារម្ភចំពោះការបង្កហេតុរបស់កូរ៉េខាងជើង

AKP ភ្នំពេញ ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៩ — អ្នកតាមដានអាកាសចរណ៍បាននិយាយនៅថ្ងៃសុក្រថា យន្តហោះល្បាតតាមសមុទ្រ​របស់​សហរដ្ឋ   អាមេរិក បានធ្វើការហោះហើរនៅពេលយប់​នៅលើឧបទ្វីបកូរ៉េ ចំពេលមាន​ការព្រួយបារម្ភថា កូរ៉េខាងជើងអាចចាប់ផ្តើមបង្កហេតុ នៅក្នុងការតវ៉ាជុំវិញកិច្ចចរចានុយក្លេអ៊ែរ​ដែលជាប់គាំងជាមួយសហរដ្ឋអាមេរិក។

តាមយន្ដហោះបំបាំងកាយ P-3C របស់កងទ័ពជើងទឹកសហរដ្ឋអាមេរិក បានហោះ​រំលង​​ឧបទ្វីបនេះនៅម៉ោងប្រហែល ១១:០០យប់ កាលពីថ្ងៃព្រហស្បតិ៍ នាពេលថ្មីៗនេះដែរ ស្ថិតនៅ​ក្នុង​ការឃ្លាំមើលថ្មីៗជាបន្តបន្ទាប់របស់យោធាសហរដ្ឋអាមេរិក។

យន្ដហោះទាំងនេះ ហាក់ដូចជាត្រូវបានកេណ្ឌប្រមូល ដើម្បីពិនិត្យមើលសញ្ញាណា​មួយ​របស់កូរ៉េខាងជើង ដែលត្រៀមបាញ់មីស៊ីលបាលីស្ទិកដែលបាញ់ដោយនាវាមុជទឹក (SLBM) ដើម្បីបង្ហាញពីកំហឹងចំពោះការជាប់គាំងនៃកិច្ចចរចានុយក្លេអ៊ែរនោះ។

កូរ៉េខាងជើងបានគំរាមចាត់វិធានការថ្មី ប្រសិនបើសហរដ្ឋអាមេរិកមិនបង្ហាញភាពបត់​បែន​ក្នុងកិច្ចចរចាដែលជាប់គាំង ដោយកាលបរិច្ឆេទកំណត់ចុងឆ្នាំដែលខ្លួនបានដាក់​សម្រាប់​ទីក្រុង​ព្យុងយ៉ាង។

ការគំរាមកំហែងនេះ បានបង្កើតការសន្និដ្ឋានថា កូរ៉េខាងជើងអាចនឹងបន្តសកម្មភាព​បង្កហេតុរួមទាំងការបាញ់មីស៊ីល SLBM ឬមីស៊ីលផ្លោងអន្តរទ្វីប។

ដូចគ្នានេះផងដែរ កាលពីថ្ងៃព្រហស្បតិ៍យន្តហោះផ្សេងទៀតរបស់សហរដ្ឋអាមេរិក មានដូចជា យន្តហោះ RC-135S Cobra Ball ត្រូវបានគេប្រទះឃើញកំពុងធ្វើបេសកកម្ម​ឃ្លាំមើលនៅលើឧបទ្វីបនេះ។

ក្រុមអ្នកសង្កេតការណ៍បាននិយាយថា តាមរយៈជើងហោះហើរទាំងនេះ សហរដ្ឋអា​មេរិក​បានព្យាយាមព្រមានកូរ៉េខាងជើងប្រឆាំងនឹងការញុះញង់សំខាន់ៗណាមួយ​ ដែលអាច​រារាំងដល់ការទូត ដែលកំពុងបន្តធ្វើឱ្យរាំងស្ទះវា និងដាក់មូលដ្ឋានគ្រឹះសម្រាប់សន្តិភាពយូរ​អង្វែង​នៅឧបទ្វីបនេះ៕

(ប្រភព Yonhap: បកប្រែដោយលោក មាស សំអុល)