សម្តេចតេជោហ៊ុនសែនថ្វាយព្រះពរព្រះមហាក្សត្រមានព្រះជន្មាយុយឺនយូរនាឱកាសបុណ្យចូលឆ្នាំសកល ឆ្នាំ២០២០

វិទ្យុជាតិកម្ពុជា៖ ដោយ អ៊ី កនិកា

ភ្នំពេញ៖ សម្តេចតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានថ្វាយព្រះពរ ព្រះមហាក្សត្រមានព្រះជន្មាយុយឺនយូរនាឱកាស​បុណ្យ​ចូលឆ្នាំ​សកលឆ្នាំ២០២០ ដើម្បីគង់ ប្រថាប់ជាម្លប់ដ៏ត្រជាក់សម្រាប់ប្រជានុរាស្រ្តជាកូនចៅនៅទូទាំងប្រទេស។

នៅក្នុងឱកាសដ៏មហានក្ខត្តឬក្សប្រកបដោយក្តីភិរម្យមង្គលសោមនស្សរីករាយនៃ ពិធីបុណ្យចូលឆ្នាំសាកលឆ្នាំ២០២០នេះ សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជាបានផ្ញើរសារលិខិតថ្វាយព្រះពរថ្វាយព្រះរុណាព្រះបាទសម្តេចព្រះបរមនាថនរោត្តមសីហមុនីព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាសូមព្រះអង្គមាន ព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះកាយពលរឹងមាំក្លៀវក្លា ព្រះបញ្ញាញាណវាងវៃ ព្រះទិឃាយុ យ៉ឺនយូរ ដើម្បីជាម្លប់ដ៏ត្រជាក់សម្រាប់ប្រជានុរាស្រ្តគ្រប់រូបដែលជាកូនចៅ ចៅទួត របស់ព្រះ អង្គ។

យោងតាមសារលិខិតថ្វាយព្រះពររបស់សម្តេចតេជោបានអោយដឹងថា ក្នុងឱកាសដ៏បវរសួស្តីប្រពៃថ្លៃថ្លាអបអរសាទរបុណ្យចូលឆ្នាំសាកលឆ្នាំ២០២០ រាជរដ្ឋាភិបាលនិងមន្ត្រីរាជការនៅទូទាំងប្រទេសនិងក្នុងនាមទូលព្រះបង្គំជាខ្ញុំផ្ទាល់និងភរិយា សូមព្រះបរមរាជានុញ្ញាតសម្តែងនូវសេចក្តី​​អំណរសាទរឥតឧបមាចូលរួមថ្វាយនូវព្រះសព្ទសាធុការពរជ័យ បវរសួស្តី សិរីមង្គល វិបុលសុខមហាប្រសើរជូនព្រះករុណាជាអម្ចាស់ជីវិតលើត្បូងជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត
សូមព្រះអង្គទ្រង់សមប្រកបដោយព្រះរាជបញ្ញាញាណភ្លឺថ្លាត្រចះត្រចង់ ព្រះកាយពលសិរីវឌ្ឍនា ព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះជន្មាយុយឺនយូរជាងរយព្រះវស្សាចាកផុតពីព្រះរោគាព្យាធិនានា ដើម្បីព្រះអង្គទ្រង់គង់ប្រថាប់នៅក្នុងព្រះបរមសិរីរាជសម្បត្តិ បំពេញព្រះរាជតួនាទីដ៏ឧត្តុង្គឧត្តមថ្លៃថ្លាជានិមិត្តរូបនៃឯកភាពជាតិ និរន្តរភាពជាតិ និងជាព្រះម្លប់ដ៏ត្រជាក់ត្រជុំសុខដុមរមនាសម្បូរសប្បាយថ្កុំថ្កើងរុងរឿងរបស់មាតុភូមិនិងប្រជារាស្ត្ររបស់ព្រះអង្គតរៀងទៅ។
ឆ្លៀតក្នុងឱកាសដ៏មហាមង្គលាភិរម្យប្រពៃថ្លៃថ្លានេះផងដែរទូលព្រះបង្គំជាខ្ញុំទាំងអស់គ្នាសូមលើកហត្ថប្រណម្យបួងសួងដល់វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក គុណបុណ្យព្រះរតនត្រ័យគុណកែវទាំងបីឫទ្ធិបារមីទេវតាថែរក្សាព្រះមហាស្វេតច្ឆត្របុណ្យបារមីនៃដួងព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រព្រះមហាក្សត្រិយានីខ្មែរគ្រប់ព្រះអង្គ ជាពិសេសបុណ្យបារមីនៃដួងព្រះវិញ្ញាណក្ខន្ធព្រះករុណាព្រះបាទសម្តេចព្រះនរោត្តមសីហនុព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យបូរណភាពទឹកដីនិងឯកភាពជាតិខ្មែរព្រះបរមរតនកោដ្ឋនិងទេវតាថែរក្សាឆ្នាំកុរឯកស័កព្រះនាមទុង្សាទេវីសូមព្រះអង្គតាមជួយបីបាច់ថែរក្សាអភិបាលប្រោះព្រំនូវព្រះសព្វសាធុការពរជ័យគ្រប់ប្រការថ្វាយចំពោះព្រះករុណាថ្លៃវិសេសនិងសូមព្រះអង្គទ្រង់សមប្រកបដោយព្រះពុទ្ធពរដ៏ឧត្តុង្គឧត្តមថ្លៃថ្លាទាំងបួនប្រការគឺអាយុ វណ្ណៈ សុខៈ និងពលៈ ជាភិយ្យោភាពតរៀងទៅ៕