រដ្ឋបាលខេត្តសៀមរាប ណែនាំដល់គ្រប់ភាគីពាក់ពន្ធ័រួមគ្នាការពារសន្តិសុខសុវត្ថិភាពជូនភ្ញៀវទេសចរជាតិនិងអន្តរជាតិក្នុងឱកាសបុណ្យឆ្លងឆ្នាំសកលឆ្នាំ២០២០

វិទ្យុជាតិកម្ពុជា៖ ស្រីផល

MC៖ រដ្ឋបាលខេត្តសៀមរាប បានណែនាំដល់គ្រប់ភាគីពាក់ពន្ធ័រួមគ្នា ការពារសន្តិសុខសុវត្ថិភាព ជូនភ្ញៀវទេសចរជាតិ និងអន្តរជាតិក្នុងឱកាសបុណ្យឆ្លងឆ្នាំសកល ដែលនឹងប្រព្រឹត្តទៅ នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ ឈានចូលថ្ងៃទី០១ខែមករា ឆ្នាំ២០២០ ខាងមុខនេះ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តសៀមរាប បានឲ្យដឹងថា ដើម្បីរក្សាបាននូវ សន្តិសុខ សុវត្ថិភាព ជូនភ្ញៀវទេសចរជាតិ និងអន្តរជាតិ ក្នុងឱកាសបុណ្យឆ្លងឆ្នាំសកល ខាងមុខនេះ រដ្ឋបាល ខេត្តសៀម រាប សូមធ្វើការណែនាំ ទៅដល់ម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន ក្លឹបកម្សាន្តមនុស្សពេញវ័យ និងកន្លែងកម្សាន្តសប្បាយនានា ដោយម្ចាស់អាជីវកម្មដ្ឋានទាំងអស់ ត្រូវធ្វើការត្រួតពិនិត្យឲ្យម៉ត់ចត់ នូវប្រព័ន្ធអគ្គិសនី ប្រព័ន្ធការពារអគ្គិភ័យ និងច្រកចេញសម្រាប់គ្រាមានអាសន្ន នៅក្នុងសណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន ក្លឹបកម្សាន្ត ជាពិសេសតំបន់ផាប់ស្រ្ទីត ដើម្បីជៀសវាងនូវគ្រោះថ្នាក់កើតឡើងជាយថាហេតុ។ ចំពោះទីតាំង ដែលមានការប្រគំតន្រ្តីអបអរសាទរ បុណ្យឆ្លងឆ្នាំសកល ម្ចាស់ទីតាំងត្រូវរៀបចំ ការពារសន្តិសុខ សុវត្ថិភាពជូនភ្ញៀវទេសចរជាតិ-អន្តរជាតិ ឲ្យបានម៉ត់ចត់ ដោយសហការជាមួយកម្លាំងសមត្ថកិច្ច និងរាយការណ៍ជូន អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធជាប្រចាំ។ ចំពោះភោជនីយដ្ឋាន និងក្លឹបកម្សាន្តនានា នៅក្នុងតំបន់ផាប់ស្រ្ទីត ដែលមានអគារជាសំណង់បុរាណ ចាស់ទ្រុឌទ្រោម ម្ចាស់ទីតាំងត្រូវរៀបចំឲ្យមានច្រកសុវត្ថិភាព និងហាមដាច់ខាត មិនឲ្យមានការរាំកម្សាន្ត ចាប់ពីជាន់ទី១ ដល់ជាន់ដំបូលទែរ៉ាស់ និងការបំពងសម្លេងដែលមានរំញ័រខ្លាំង ព្រមទាំងពិនិត្យ និងកំណត់ចំនួនភ្ញៀវ ដែលចូលកម្សាន្តសប្បាយ ដើម្បីធានាបាននូវសន្តិសុខ និងសុវត្ថិភាព។ ម្ចាស់ភោជនីយដ្ឋាន ក្លឹបកម្សាន្តនានា និងអ្នកលក់ដូរចល័ត ត្រូវពិនិត្យ និងធានាឲ្យបាននូវគុណភាព សុវត្ថិភាពចំណីអាហាររបស់ខ្លួន ដើម្បីជៀសវាង នូវបញ្ហាកើតមានឡើងដូចជា ការពុលចំណីអាហារ ដល់ភ្ញៀវដែលបានចូលពិសារអាហារនៅតាមទីតាំងរបស់ខ្លួន។ ចំណែកឯ ស្នងការដ្ឋាននគរបាលខេត្ត បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត និងគណៈបញ្ជាការឯកភាព
រដ្ឋបាលក្រុងសៀមរាប ត្រូវរៀបចំផែនការការពារសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព និងសម្រស់ចរាចរជូនភ្ញៀវទេសចរជាតិ-អន្តរជាតិ។មន្ទីរ-អង្គភាពពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន ត្រូវចូលរួមត្រួតពិនិត្យ និងអនុវត្តសេចក្តីជូនដំណឹងនេះ តាមភារកិច្ចរៀងៗខ្លួន ឲ្យបានទទួលបានលទ្ធផលល្អប្រសើរ។
រដ្ឋបាលខេត្តសៀមរាប សង្ឃឹមជឿជាក់ថា ម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន ក្លឹបកម្សាន្ត មនុស្សពេញវ័យ កន្លែងកម្សាន្តសប្បាយនានា និងអ្នកលក់ដូរចល័តទាំងអស់ អាជ្ញាធរមានសមត្ថកិច្ច និងមន្ទីរ-អង្គភាពពាក់ព័ន្ធ ចូលរួមសហការអនុវត្តឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់៕