តួកគីនឹងបញ្ជូនទ័ពទៅលីប៊ីតាមសំណើរបស់រដ្ឋាភិបាលក្រុងទ្រីប៉ូលី

វិទ្យុជាតិកម្ពុជា៖ លោក ភួង ឈុនលាង

លោក រេសិប តាយយីព អឺដូហ្គាន់ (Recep Tayyip Erdogan) ប្រធានាធិបតីតួកគី នឹងបញ្ជូនកងទ័ពទៅកាន់ប្រទេសលីប៊ីតាមសំណើរបស់រដ្ឋាភិបាលក្រុងទ្រីប៉ូលី ដែលកំពុងតែទប់ទល់នឹងកងកម្លាំងរបស់ឧត្តមសេនីយ៍ ខាលីហ្វា ហាហ្វថា ដែលគាំទ្រដោយរុស្ស៊ី អេហ្ស៊ីប និង អារ៉ាប់រួមអេមីរ៉ាត។នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានChannel News Asiaកាលពីយប់ថ្ងៃព្រហស្បត្តិ៍ទី២៦ខែធ្នូ ឆ្នាំ ២០១៩។
ប្រធានាធិបតីតួកគីបានគួសបញ្ជាក់ថា ទីក្រុងអង់ការ៉ាបានត្រៀមខ្លួនជាស្រេចដើម្បីបញ្ជូនកងកម្លាំងទៅកាន់លីប៊ី ក្នុងពេលឆាប់ៗនេះ ដើម្បីផ្ដល់ជំនួយតាមដែលយើងអាចធ្វើទៅបាន។

កាលពីខែមុន របបក្រុងអង់ការ៉ាបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងចំនួនពីរដាច់ដោយឡែកពីគ្នាជាមួយរដ្ឋាភិបាលទីក្រុងទ្រីប៉ូលីដែលដឹកនាំដោយលោក ហ្វាយ៉េស អាល់សឺរ៉ាច ដែលក្នុងនោះ កិច្ចព្រមព្រៀងមួយគឺស្តីពីកិច្ចសហប្រតិបត្តិការសន្តិសុខនិងយោធា និងកិច្ចព្រមព្រៀងមួយទៀតគឺស្តីពីព្រំដែនសមុទ្រនៅភាគខាងកើតសមុទ្រមេឌីទែរ៉ាណេ។
សូមរម្លឹកផងដែរថា ប្រទេសលីប៊ី បានទទួលរងការញាំញីដោយអំពើហិង្សា និងជម្លោះដណ្តើមទឹកដីចាប់តាំងពីការដួលរលំរបបដឹកនាំរបស់ លោក ហ្គាដាហ្វី នៅឆ្នាំ២០១១មក៕
ប្រភព៖សារព័ត៌មាន Channel News Asia