ឯកឧត្តម គួច ចំរើន ដឹកនាំកិច្ចប្រជុំពាក់ព័ន្ធនឹងការដ្ឋានសំណង់ដែលស្នើសុំច្បាប់សាងសង់ក្នុងឆ្នាំ ២០១៧-២០១៨-២០១៩

AKP ព្រះសីហនុ ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៩ –នារសៀលថ្ងៃព្រហស្បតិ៍ ១កើត ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៩ នៅសាលាខេត្តព្រះសីហនុ ឯកឧត្តម គួច ចំរើន អភិបាល នៃគណ:អភិបាលខេត្តព្រះសីហនុ បានដឹកនាំកិច្ចប្រជុំជាមួយមន្ត្រីពន្ធដារ ពាក់ព័ន្ធនឹងការដ្ឋានសំណង់ក្នុងខេត្តព្រះសីហនុ ដែលស្នើសុំច្បាប់សាងសង់ចាប់ពីឆ្នាំ២០១៧ ឆ្នាំ២០១៨ និងឆ្នាំ២០១៩ ។

ឯកឧត្តម គួច ចំរើន មានប្រសាន៍កោតសរសើរមន្ត្រីសាខាពន្ធដារខេត្ត ដែលបានយកចិត្តទុកដាក់ផ្សព្វផ្សាយ ស្តីពីកាតព្វកិច្ចបង់ពន្ធ ដល់ប្រជាពលរដ្ឋ អាជីវករ ពាណិជ្ជករ និងអ្នកវិនិយោគក្នុងខេត្តព្រះសីហនុ ។ មន្ត្រីសាខាពន្ធដារខេត្ត បានខិតខំប្រមូលប្រភពចំណូលពន្ធក្នុងខេត្តព្រះសហនុ មានការកើនឡើងក្នុងនោះមានដូចជា ពន្ធប្រថាប់ត្រា និងពន្ធជូលផ្ទះ ជួលដី ពន្ធមធ្យោបាយ ។ តាមគោលការរបស់អគ្គនាយកដ្ឋានពន្ធដារ តម្រូវឱ្យសាខាពន្ធដារខេត្តព្រះសីហនុ ប្រមូលចំណូលពន្ធប្រចាំឆ្នាំ២០១៩ ចំនួន ៤៨ពាន់លានរៀល ក៏ប៉ុន្តែសាខាពន្ធដារខេត្តព្រះសីហនុ ប្រមូលចំណូលពន្ធបានរហូតជាង ១៥០ពាន់លានរៀល លើសផែន ការ ជាពិសេសរយ:ពេល ៦ខែចុងក្រោយនេះ ការកៀរគរប្រភពចំណូលពន្ធក្នុងខេត្ត មានការកើនឡើងគួរឱ្យកត់សម្គាល់សម្រាប់ថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ។

ឯកឧត្តម អភិបាលខេត្ត បានបញ្ជាក់ថា នៅឆ្នាំខាងមុខយើងនឹងលើកផែនការ ដកថវិកាដែលប្រមូលលើសផែនការ ដើម្បីលើកទឹកចិត្តដល់មន្ត្រីសាខាពន្ធដារ ដែលបានខិតខំកៀរគរប្រភពចំណូលលើសផែនការប្រចាំឆ្នាំ។ សង្ឃឹមថាការកៀរគរប្រភពចំណូលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិនៅឆ្នាំបន្ទាប់នឹងមានការកើនឡើងថែមទៀតក្នុងការលើកកម្ពស់សេដ្ឋកិច្ចជាតិ។

លោក អេង រតនា ប្រធាននាយកដ្ឋាន នៃអគ្គនាយកដ្ឋានពន្ធដារ មានប្រសាសន៍ថា ក្រុមការងារ នៃអគ្គនាយកដ្ឋានពន្ធដារ បានចុះត្រួតពិនិត្យទីតាំងការដ្ឋានសំណង់ចំនួន ២២២ទីតាំងនៅខេត្តព្រះសីហនុ ជាលទ្ធផលក្រុមការងារចុះការដ្ឋានសំណង់ ១៥៩ទីតាំង ហើយការដ្ឋានសំណង់ចំនួន ៦៣ទីតាំង ពុំមានអាស័យដ្ឋានត្រឹមត្រូវធ្វើឱ្យក្រុមការងារពិបាកក្នុងការស្វែងរក ។ ក្នុងចំណោមការដ្ឋានសំណង់ ១៥៩ទីតាំង ក្រុមការងាររកឃើញការដ្ឋានសំណង់មួយចំនួនបានបញ្ចប់ការសាងសង់ កំពុងមានសកម្មភាពអាជីវកម្ម ការដ្ឋានសំណង់មួយចំនួនទៀតស្ថិតក្នុងទម្រង់ជាអគារកំពុងសាងសង់ ។ ដោយពុំមានព័ត៌មានពាក់ព័ន្ធនឹងម្ចាស់សំណង់ និងក្រុមហ៊ុនសាងសង់នៅឡើយ ដើម្បីជំរុញកិច្ចការងារត្រួតពិនិត្យកាតព្វកិច្ចសារពើពន្ធរបស់ការដ្ឋានសំណង់ទាំងនេះ ប្រកបដោយប្រសិទ្ធភាព និងស័ក្តិសិទ្ធភាព ។ ព្រមទាំងបានស្នើសុំកិច្ចសហការសម្របសម្រួលជាមួយមន្ត្រីរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តព្រះសីហនុ ដើម្បីសហការផ្តល់ឯកសារពាក់ព័ន្ធ និងការដ្ឋានសំណង់ ដែលបានស្នើសុំច្បាប់សាងសង់ក្នុងឆ្នាំ២០១៧ ឆ្នាំ២០១៨ និងឆ្នាំ២០១៩ ៕

ដោយ ងូ សុមុនី