អភិបាលខេត្តកំពង់ចាម លើកទឹកចិត្តដល់ជនពិការទាំងអស់កុំឲ្យពិការលើផ្នែកផ្លូវចិត្ត


វិទ្យុជាតិកម្ពុជា ៖ដោយលោក ចិន
សារ៉ាត ខេត្តកំពង់ចាម
អភិបាលខេត្តកំពង់ចាម លើកទឹកចិត្តដល់ជនពិការទាំងអស់ «កុំឲ្យពិការលើផ្នែកផ្លូវចិត្ត បើទោះបីជា ពេលនេះ យើងកំពុងរស់នៅ ក្នុងពិការភាពលើផ្នែករាងកាយ ក៏ដោយ»។
ឯកឧត្ដម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាល ខេត្តកំពង់ចាម លើកឡើងយ៉ាង ដូច្នេះ នៅក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីអបអរសាទរ ទិវាជនពិការភាពកម្ពុជាលើកទី២១ និងទិវាជនពិការភាពអន្តរជាតិលើកទី៣៧ ក្រោមប្រធានបទ «លុបបំបាត់ឧបសគ្គរារាំងជនពិការភាព ដើម្បី សង្គមប្រកបដោយបរិបន្ន» ដែលរៀបចំឡើងដោយ អង្គការ អេជអាយ (HI) សហការជាមួយនឹងមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនិតិសម្បទា ខេត្តកំពង់ចាម នៅបរិវេណ វត្តអ្នកតាស្នឹង ឃុំបឹងណាយ ស្រុកព្រៃឈរ ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៩ នេះ ។
ឯកឧត្ដម អ៊ុន ចាន់ដា លើកឡើងថា បងប្អូនជាជនពិការម្នាក់ បានបញ្ជាក់អំពីប្រវត្តិរបស់ខ្លួន ក្រោយពីបានជួបគ្រោះថ្នាក់ ដោយសារគ្រាប់ មីន និងពិការជើងហើយ គាត់ក៏បានស្វែងរកព័ត៌មាន ពីដៃគូស្ដារនីតិសម្បទា និងបានភ្ជាប់ជើងសិប្បនិម្មិត និងបានធ្វើដំណើរឡើងវិញ ថែមទាំង ទៅប្រកប មុខរបរលក់ត្រី រកម្រៃចិញ្ចឹមជីវិតគ្រួសារ ទៀតផង ។ ឯកឧត្ដមបញ្ជាក់ថា នេះគឺជាចំណុចចាប់ផ្ដើម ដើម្បី ឆ្ពោះទៅរកភាពជោគជ័យ ដោយពុំបានផ្ដែកផ្ដួលទៅតាមព្រេងវាសនា ទៅតាមក្រុមណាមួយ ឬបុគ្គលណាមួយ នោះឡើយ ពោលគឺ គាត់បានម្ចាស់ការដោយខ្លួនឯង ពីព្រោះថា យើងអត់មានពិការផ្លូវចិត្តទេ តែយើងពិការ តែរូបរាងកាយ ប៉ុណ្ណោះ ។ ដូច្នេះ ដរាបណា យើងនៅមានភាពជឿជាក់ គ្មានការបាក់ទឹកចិត្ត នៅស្រឡាញ់ដល់ក្រុមគ្រួសារ គឺយើងនៅតែចូលរួមដោះស្រាយ រាល់បញ្ហាទាំងឡាយបាន ។ នេះ គឺជាបទពិសោធន៍មួយ ដែលបងប្អូនទាំងអស់ ត្រូវខិតខំប្រឹងប្រែង និងម្ចាស់ការដោយខ្លួនឯងសិន ដូចពាក្យមួយឃ្លាថា «ចង់ឲ្យទេវតាជួយ លុះត្រាតែយើងជួយខ្លួនឯង ជាមុនសិន» ។ យ៉ាងណាម៉ិញ ដោយមានកិច្ចសហការពីអង្គការ HI បានចូលរួមសហការ ជាមួយរាជរដ្ឋាភិបាល ដែលធ្វើឲ្យបងប្អូនជាជនពិការ មានសេចក្ដីសង្ឃឹមឡើងវិញ ពោលគឺ ពុំរស់ដោយក្ដីអស់សង្ឃឹម នៅក្នុងជីវិតពិការភាព នោះឡើយ ។ ឯកឧត្ដម អភិបាលខេត្ត គូសបញ្ជាក់ថា មកដល់បច្ចុប្បន្ននេះ នៅក្នុងខេត្តកំពង់ចាម មានជនពិការភាពប្រមាណជាង ១.០០០នាក់ ។ ទោះជាយ៉ាងណាក្ដី រាល់យន្តការទាំងឡាយ ដែលប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដាក់ចុះមក រដ្ឋបាលខេត្ត អាជ្ញាធរក្រុង ស្រុក ឃុំ សង្កាត់ តែងធ្វើការអនុវត្តយ៉ាងសកម្ម ដោយបានរំលេចចេញជាសកម្មភាពផ្សេងៗ បំរើដល់សេចក្ដីត្រូវការ របស់បងប្អូនជាជនពិការភាព ទាំងការចូលរួមក្នុងផ្នែកសង្គម សេដ្ឋកិច្ច និងវប្បធម៌ ផងដែរ ។
លោក យឹង រិទ្ធី អនុប្រធានសម្របសម្រួលប្រតិបត្តិ នៃអង្គការ អេជអាយ (HI) គូសបញ្ជាក់ថា ការប្រារព្ធពិធីខាងលើ ដើម្បី ជំរុញឲ្យបញ្ហាពិការភាព ត្រូវបានយល់ដឹងជាសាធារណៈ នូវតម្រូវការរបស់ពួកគេ ក្នុងការចូលរួមក្នុងសង្គម សេដ្ឋកិច្ច និងវប្បធម៌ តាមរយៈ ការលើកកម្ពស់សិទ្ធិជនមានពិការភាព ការមិនរើសអើង កិច្ចការពារ និងប្រមូលការគាំទ្រ ដើម្បី លុបបំបាត់ឧបសគ្គ របស់ជនពិការភាព ។ ជាក់ស្ដែងគិតត្រឹមខែធ្នូឆ្នាំ២០១៩នេះ មជ្ឈមណ្ឌលស្ដារនីតិសម្បទាខេត្ត បានគាំទ្រដល់ជនមានពិការភាពចំនួន ២.២៨០នាក់ ក្នុងនោះស្រ្តី ៧៦៥នាក់ កុមារី ៤៥៦នាក់ និងកុមារា ៦០២នាក់ ផងដែរ ។
សូមបញ្ជាក់ដែរថា ពិធីខាងលើ ក៏បានអាននូវ សាររបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងព្រះរាជសារ របស់ព្រះករុណាព្រះបាទ ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះ រាជាណាចក្រកម្ពុជា ផងដែរ ៕