វិទ្យុជាតិកម្ពុជាពង្រឹងកម្មវិធីផ្សព្វផ្សាយឲ្យកាន់តែខ្លំាងនៅឆ្នាំ២០២០ខាងមុខ

វិទ្យុជាតិកម្ពុជា​៖​

អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជាបានប្តេជ្ញាពង្រឹងកម្មវិធីផ្សព្វផ្សាយឲ្យកាន់តែខ្លំាងនៅឆ្នាំ២០២០ខាងមុខ ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់អ្នកស្តាប់នៅទូទំាងប្រទេស។

  លោកជំទាវឈឹម ពៅសុកាន់ឌីអគ្គនាយិកានៃអគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជានៅរសៀលថ្ងៃទី២៦ខែធ្នូ ឆ្នាំ២០១៩ បានបើកកិច្ចប្រជុំដាក់ផែនការជាច្រើនដល់មន្រ្តីក្រោមឱវាទ ដើម្បីពង្រឹង ប្រសិទ្ធភាពការងារផ្សព្វផ្សាយនាឆ្នាំ២០២០ខាងមុខនេះឲ្យកាន់តែល្អ និងកាន់តែមានប្រជាប្រិយភាពសម្រាប់ប្រជាពលរដ្ឋនៅទូទំាងប្រទេស។

លោកជំទាវអគ្គនាយិកាបានលើកឡើងថា សម្រាប់ឆ្នាំ២០២០ខាងមុខនេះ អគ្គនាយកដ្ឋានវិទ្យុជាតិបានជំរុញការផលិតព័ត៌មានថ្មីៗហើយប្លែកប្រកបដោយគុណភាពខ្ពស់ក្នុងទិសស្លោកលឿន រហ័ស ទុកចិត្តបាន ទីណាក៏បាន ដើម្បីអោយប្រជាពលរដ្ឋទទួលបានព័ត៌មានពិតច្បាស់លាស់ ទាន់ហេតុកាណ៍។ បន្ថែមពីនេះគឺការផលិតកម្មវិធីកម្សាន្ត និងការអប់រំថ្មីៗអោយសម្បូរបែប ដើម្បីបំពេញទៅនឹងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋគ្រប់វ័យ។

សូមបញ្ជាក់ថា នៅក្នុងកិច្ចប្រជុំនោះ លោកជំទាវ អគ្គនាយិកាក៏បានដាក់ទិសដៅដល់ នាយកដ្ឋានព័ត៌មានក្នុងនិងក្រៅប្រទេស ផលិតកម្មវិធី ផ្សាយទៅបរទេស និងនាយកដ្ឋានបច្ចេកទេសត្រូវត្រៀមបំពេញការងារឲ្យបានល្អ សម្រាប់ព្រឹត្តិការណ៍ជាតិធំៗនាឆ្នាំ២០២០ខាងមុខនេះ ដូចជា ព្រឹត្តិការណ៍ខួបអនុស្សាវរីយលើកទី៤១នៃថ្ងៃជ័យជម្នៈ៧មករា ១៩៧៩ ៧មករា ២០២០ជំនួបរវាងអ្នកសារព័ត៌មានជាតិជាមួយនឹងសម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាលើកទី៤ និងព្រឹត្តិការណ៍កិច្ចប្រជុំអាស៊ី អ៊ឺរ៉ុប លើកទី១៣ ឆ្នាំ២០២០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ព្រមទំាងទិសដៅផ្សេងៗទៀតដើម្បីធ្វើយ៉ាងណាឲ្យវិទ្យុជាតិកម្ពុជា បំរើការផ្សាយជូនប្រជាពលរដ្ឋឲ្យកាន់តែល្អ មានគុណភាព និងជឿទុកចិត្តបាន៕