ខេត្តសៀមរាបរៀបចំកែលម្អហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្តរួចជាស្រេចសំរាប់បុណ្យ ចូលឆ្នាំសកលនេះ

វិទ្យុជាតិកម្ពុជា អត្ថបទ ៖ ស៊ឹង សុផារី ៖

ខេត្តសៀមរាបរៀបចំកែលម្អហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្តរួចជាស្រេចសំរាប់ឱកាសបុណ្យចូលឆ្នាំសកល ដើម្បីបង្កលក្ខណៈសប្បាយរីករាយ និងទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកចូលរួមកម្សាន្តឲ្យបានច្រើនកុះករ ។

លោក សុខ ថុល នាយករដ្ឋបាលសាលាខេត្តសៀមរាប បានមានប្រសាសន៍ប្រាប់វិទ្យុជាតិកម្ពុជាឲ្យដឹងថា រដ្ឋបាលខេត្ត មន្ទីរ អាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ទាំងអស់ បានសហការរៀបចំកែលម្អនៅទីតាំងសំខាន់ៗ ដូចជាមុខព្រះរាជដំណាក់ និង PubStreet មានការដាក់ភ្លើងពណ៌បំភ្លឺ ការប្រគំតន្ត្រី ការអុជកាំជ្រួច សិល្បៈសំដែងបង្ហាញពី ប្រពៃណី វប្បធម៌ សំរាប់បង្ហាញដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិដែលមកកម្សាន្តពិធីឆ្លងឆ្នាំចាស់ឈានចូលឆ្នាំថ្មី ឆ្នាំ២០២០ខាងមុខនេះ ។

លោកបានបន្តថា នៅកំណាត់មហាវិថីហ្សាដឹហ្គោល ចាប់ពីចំណុចសណ្ឋាគារអង្គរ រហូតដល់ចំណុចរង្វង់មូលព្រះរាជដំណាក់ នឹងធ្វើការផ្អាកចរាចរណ៍ជាបណ្តោះអាសន្ន ចាប់ពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ ២០១៩ ដល់ថ្ងៃទី១ ខែមករា ឆ្នាំ២០២០ ដើម្បីឲ្យរដ្ឋបាលខេត្តបានរៀបចំ ពង្រឹង អនាម័យបរិស្ថាន សន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់ ដើម្បីបង្កើនភាពកក់ក្តៅអោយភ្ញៀវមកលេងកម្សាន្តប្រកបដោយភាពសប្បាយរីករាយ ។

លោកបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងក្នុងនិងក្រៅប្រទេស និងភ្ញៀវទេសចរអន្តរជាតិអញ្ជើញមកចូលរួមទស្សនាកម្សាន្តនៅខេត្តសៀមរាប ដែលជាខេត្តមួយសម្បូរទៅដោយរមណីយដ្ឋានទេសចរណ៍ប្រវត្តិសាស្រ្តនិងតំបន់ទេសចរណ៍ផ្សេងៗទៀត ជាពិសេសចូលរួមកម្មវិធីឆ្លងឆ្នាំនៅក្នុងខេត្តសៀមរាបឲ្យបានច្រើនកុះករ ៕