សហរដ្ឋអាមេរិកនិយាយថា ខ្លួនត្រៀមខ្លួនជាស្រេច ចំពេលមានការ គំរាមកំហែង​របស់កូរ៉េខាងជើងជា « អំណោយបុណ្យថ្ងៃបុណ្យណូអែល »

AKP ភ្នំពេញ ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៩ — អ្នកនាំពាក្យមន្ទីរបញ្ចកោណបាននិយាយកាលពីថ្ងៃពុធ ទី២៥ ខែធ្នូថា សហរដ្ឋ​អាមេ​រិក និងសម្ព័ន្ធមិត្តរបស់ខ្លួនត្រៀមជាស្រេចដើម្បីការពារខ្លួន សូម្បីតែនៅថ្ងៃបុណ្យណូអែលក៏ដោយ ក៏ក្រុមមន្ត្រីនៅតែប្រុងប្រៀបខ្លួន ចំពោះការគំរាមកំហែងនៃអំណោយគ្រីស្មាសពីប្រទេសកូរ៉េ​ខាងជើង។

អំណោយនេះ ត្រូវបានគេរំពឹងថា ជាការបាញ់មីស៊ីលបាលីស្ទិកអន្តរទ្វីប បន្ទាប់ពីក្រុង​ព្យុងយ៉ាងបានធ្វើការសាកល្បងម៉ាស៊ីនរ៉ុក្កែតជាក់ស្តែងពីរដងរួចមកហើយ នៅឯកន្លែងបាញ់​បង្ហោះផ្កាយរណបនៅភាគខាងលិចរបស់ខ្លួនកាលពីដើមខែនេះ។

សហរដ្ឋអាមេរិកបានបង្ហោះយន្តហោះស៊ើបការណ៍ចំនួន៤គ្រឿង នៅលើឧបទ្វីបកូរ៉េ​ចន្លោះពីថ្ងៃអង្គារ និងព្រឹកថ្ងៃពុធ កន្លងទៅនេះ ដើម្បីបង្ហាញពីការត្រៀមលក្ខណៈខ្ពស់ ដើម្បី​ឆ្លើយតបទៅនឹងការបង្កហេតុរបស់កូរ៉េខាងជើង។

អ្នកនាំពាក្យមន្ទីរបញ្ចកោណលោកវរសេនីយ៍ទោ Dave Eastburn បានប្រាប់ទីភ្នាក់ងារ​សារព័ត៌មាន​យ៉ុនហាប់ថា  សហរដ្ឋអាមេរិករួមជាមួយដៃគូ និងសម្ព័ន្ធមិត្តរបស់យើងនៅ​ទូទាំង​ពិភពលោកត្រៀមខ្លួនការពារខ្លួនយើងសូម្បីតែនៅថ្ងៃបុណ្យណូអែលក៏ដោយ។

ការសាកល្បងមីស៊ីលរយៈចម្ងាយឆ្ងាយ អាចជាការថយក្រោយសម្រាប់លោក ដូណាល់ ត្រាំ ខណៈប្រធានាធិបតីអាមេរិករូបនេះ បានអះអាងថា ការផ្អាករបស់កូរ៉េខាងជើង​ចំពោះការបាញ់សាកល្បងបែបនេះជាជ័យជម្នះការទូតដ៏សំខាន់មួយ។

មេដឹកនាំកូរ៉េខាងជើងលោក គីម ជុង-អ៊ុន បានប្រកាសផ្អាកការធ្វើតេស្តនុយក្លេអ៊ែរ និង ICBM កាលពីខែមេសា ឆ្នាំ២០១៨ មុនកិច្ចប្រជុំកំពូលលើកដំបូងរបស់លោក ជាមួយលោក Trump នៅប្រទេសសិង្ហបុរីក្នុងខែមិថុនាឆ្នាំនោះ។

មេដឹកនាំទាំងពីរ បានជួបគ្នាបីដងរួចហើយ ក្នុងគោលបំណងដើម្បីធ្វើកិច្ចព្រមព្រៀង​លើការរំសាយអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង ធ្វើជាថ្នូរនឹងការបន្ធូរបន្ថយទណ្ឌកម្មពីសហរដ្ឋអាមេរិក និងការធានាសន្តិសុខ ប៉ុន្តែកិច្ចចរចាបានជាប់គាំងចំពេលមានភាពខុសគ្នា​យ៉ាងធំធេងលើវិធីដើម្បីឆ្លើយតបទៅនឹងជំហានរបស់ពួកគេ។

នៅក្នុងសញ្ញានៃការមិនអត់ធ្មត់កាន់តែខ្លាំងឡើងរបស់ទីក្រុងព្យុងយ៉ាង របបនេះបាន​បាញ់សាកល្បងមីស៊ីលរយៈចម្ងាយខ្លីជាច្រើនគ្រាប់ និងគ្រាប់រ៉ុក្កែតផ្សេងទៀតចាប់តាំងពីខែ​ឧសភា ហើយបានគំរាមថា នឹងជូនជា « ការដូនាថ្ងៃបុណ្យណូអែល » ចំពោះការខ្វះសម្បទាន​របស់​​សហរដ្ឋ​អាមេរិកចេញពីទីក្រុង                 វ៉ាស៊ីនតោន៕

(ប្រភព Yonhap: បកប្រែដោយលោក មាស សំអុល)