រដ្ឋបាលខេត្តបាត់ដំបងប្រកាសពីគម្រោងកែលម្អសោភ័ណភាពដងផ្លូវនៅក្នុងទីក្រុង

វិទ្យុជាតិកម្ពុជា៖ ស្រីផល ២៦,១២,២០១៩៖

រដ្ឋបាលខេត្តបាត់ដំបងប្រកាសពីគម្រោងកែលម្អសោភ័ណភាពដងផ្លូវនៅក្នុងទីក្រុងក្នុងគោលបំណងលើកកម្ពស់សោភ័ណភាពសណ្តាប់ធ្នាប់ តម្លៃសំណង់បេតិកភណ្ឌ ទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ លើកកម្ពស់ជីវភាពប្រជាពលរដ្ឋ និងលើកតម្កើងអត្តសញ្ញាណក្រុង និងខេត្តបាត់ដំបង។
យោងតាមសេចក្តីប្រកាសរបស់រដ្ឋបាលខេត្តបាត់ដំបង គម្រោងកែលម្អសោភ័ណដងផ្លូវ ក្នុងទីក្រុងនេះ នឹងចាប់អនុវត្តន៍ចាប់ពីថ្ងៃទី ០១ខែមករា ឆ្នាំ២០២០ តទៅចាប់ពីចំណុចស្ពានសម្តេចក្រឡាហោម ស ខេង ដល់អនុវិទ្យាល័យ សោហឺ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង។
ប្រភពបន្តថា គម្រោងកែលម្អនេះ នឹងតម្រូវឲ្យម្ចាស់លំនៅឋាន និងអាជីវកម្មទាំងអស់ នៅក្នុងទីតាំងខាងលើ ចូលរួម និងសហការអនុវត្តអោយបានរួចរាល់ មុនថ្ងៃទី ៣១ ខែកមរា ឆ្នាំ២០២០ជាកំណត់ដោយត្រូវដកបង្គោលផ្សព្វផ្សាយពាណិជ្ជកម្មទាំងអស់ ចេញពីលើចិញ្ចើមផ្លូវ ត្រូវដោះសំយាបដែលគ្របលើចិញ្ចើមផ្លូវដើរ ខាងមុខលំនៅឋាន ឬសំណង់នានាចេញ។ បន្ថែម ពីនេះទៀតត្រូវរៀបចំផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម និងស្លាកយីហោ អោយសមស្របតាម បទប្បញ្ញត្តិ ស្តីពីការដាក់តាំងស្លាក ផ្សព្វផ្សាយពាណិជ្ជកម្ម និងស្លាកយីហោតាមមុខផ្ទះ ក្នុងតំបន់អភិរក្សបេតិកភណ្ឌក្រុងបាត់ដំបង ខេត្តបាត់ដំបង។
រដ្ឋបាលខេត្តបាត់ដំបង សង្ឃឹមជឿជាក់ថា ម្ចាស់លំនៅឋាន និងអាជីវកម្មទាំងអស់ ក្នុងទីតាំងខាងលើនឹងចូលរួមសហការអនុវត្តគម្រោងកែលម្អសោភ័ណភាពនេះ ដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីរក្សាបាននូវតម្លៃសំណង់បេតិកភណ្ឌ ទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ លើកកម្ពស់ជីវភាពប្រជាពលរដ្ឋ និងលើកតម្កើងអត្តសញ្ញាណក្រុងនិងខេត្តបាត់ដំបងទាំងមូល៕