ប្រមុខរាជរដ្ឋាភិបាលកម្ពុជាណែនាំឲ្យអាជ្ញាធរមូលដ្ឋានពិនិត្យមើលម្ចាស់ផ្ទះជួលទាំងអស់កុំដំឡើងថ្លៃឈ្នួលផ្ទះកម្មករ

វិទ្យុជាតិកម្ពុជា អត្ថបទ ៖ យី វិច្ឆិកា ២៦ ១២ ២០១៩៖

ប្រមុខរាជរដ្ឋាភិបាលកម្ពុជាណែនាំឲ្យអាជ្ញាធរមូលដ្ឋាន ពិនិត្យមើលម្ចាស់ផ្ទះជួលទាំងអស់កុំដំឡើងថ្លៃឈ្នួលផ្ទះកម្មករ ដើម្បីធានាដល់ជីវភាពរបស់អ្នកទាំងនោះ ។
សម្តេចតេជោ ហ៊ុន សែន នាយរដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា ដើមឆ្នាំ២០២០នេះ កម្មករបានឡើងប្រាក់បៀវត្សតិចតួច ដូច្នេះហើយសុំឲ្យម្ចាស់ផ្ទះជួលកុំដំឡើងថ្លៃឈ្នួលផ្ទះជួលដែលលើសពីអ្វីដែលកម្មករទទួលបានឲ្យសោះ ដែលអាចធ្វើឲ្យជីវភាពកម្មករមានការលំបាក ។
ថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ចំនួនជិត៣០០០នាក់ នៅវិទ្យាស្ថានជាតិអប់រំ នាព្រឹកថ្ងៃទី ២៦ ខែ ធ្នូ នេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា នៅដើមឆ្នាំ ២០២០នេះ កម្មករបានឡើងប្រាក់បៀវត្សត្រឹមតែ ៨ដុល្លារតែប៉ុនោះ ហេតុនេះបើម្ចាស់ផ្ទះឡើងថ្លៃវានឹងប៉ះពាល់ជីវភាពកម្មករ ។ សម្តេចតេជោ បានបញ្ជារឲ្យអាជ្ញាធរមូលដ្ឋានទាំងអស់ ចុះសហការជាមួយម្ចាស់ផ្ទះជួលទាំងអស់ ដើម្បីកុំឲ្យដំឡើងថ្លៃឈ្នួលបន្ទប់សម្រាប់កម្មករ ខណៈចាប់ពីដើមឆ្នាំ២០២០នេះ មន្ត្រីរាជការ កងកម្លាំង ប្រដាប់អាវុធទាំងអស់ ក៏បានដំឡើងប្រាក់បៀវត្សផងដែរ។
សំឡេង « ប៉ុន្តែខ្ញុំព្រះករុណានៅតែសុំអំពាវនាវចំពោះម្ចាស់ផ្ទះឈ្នួល ខិតខំធ្វើយ៉ាងម៉េចកុំដំឡើងថ្លៃហួសពីអ្វី ដែលកម្មករទទួលបាន បើមិនអញ្ចឹងទេកម្មករឡើងប្រាក់បានតែ ៨ដុល្លារ ដល់តែយើងឡើងបន្ទប់ឈ្នួលឡើងដល់១០ដុល្លាអញ្ចឹងវាចាប់ផ្តើមរួច ។ អញ្ចឹងបានជាអាជ្ញាធរនៅតាមមូលដ្ឋានត្រូវធ្វើការជាមួយម្ចាស់ផ្ទះឈ្នួល ដើម្បីធានាថាឲ្យគាត់ នៅពេលដែលដំឡើងបៀវត្សនេះ ទទួលបាននៅផលប្រយោជន៍ពិតប្រាកដ ។ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ក៏នឹងចាប់ផ្តើមឡើងបៀវត្សនៅប៉ុន្មានថ្ងៃខាងមុខ តែនេះជាការឡើងកំរិតតិចតួចទេដល់ឡើងពេញបន្ទុកដល់ខែមេសា។ អញ្ចឹងមួយឆ្នាំយើងឡើងពីរដង ឡើងទីមួយគឺឡើងមួយចំនួននោះទេ ប៉ុន្តែដល់ឡើងខ្លាំងគឺនៅខែមេសា ឆ្នាំទៅក៏ដូចគ្នារាល់ឆ្នាំ ។ តែអ្វីដែលយើងបានដោះស្រាយរួចមកហើយនៅត្រង់ថា កាលពីយើងក្នុងមួយខែបើកមួយខែបើកបៀវត្សម្តង នៅមុនចូលឆ្នាំខ្មែរត្រូវតែបើកលុយឲ្យបានបើកប្រាក់ខែ កាលពីមុនយើងថាចាប់ពីថ្ងៃ២៣ ដល់ថ្ងៃ២៨ ត្រូវបើកប្រាក់ខែ អញ្ចឹងដើម្បីឲ្យមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ មានលុយចូលឆ្នាំ យើងត្រូវបើកប្រាក់ខែមុនចូលឆ្នាំនៅអាទិត្យទីមួយ មុនចូលឆ្នាំធ្វើមិចបើកឲ្យបានមុនចូលឆ្នាំបន្ថែមនៅប្រាក់ឧបត្ថមសម្រាប់ការចូលឆ្នាំ ដល់ទៅខែបន្ទាប់យើងអត់រុញទៅដល់អាទិត្យទីបីទេ យើងរុញត្រឹមតែអាទិត្យទីពីរ គឺចាប់បើកព្រោះដោយសារលុយដែលយកទៅ យកទៅចាយអស់ហើយ អញ្ចឹងពន្យារតទៅទៀតអត់បានទេ ប៉ុន្តែចាប់ពីយើងអនុវត្តនូវប្រព័ន្ធពីរសប្តាហ៍បើកម្តងដូច្នេះមិនលំបាកទេមុនចូលឆ្នាំយើងចាប់ផ្តើមបើក ហើយបន្ទាប់ទៅសារេវាតិចចុះមកដោយមិនរង់ចាំដល់ចុងខែពេកទេហើយគិតគូរពីកត្តាអស់នេះ »៕