ប្រមុខរាជរដ្ឋាភិបាលណែនាំឲ្យក្រសួងកសិកម្មសិក្សាពីតំរូវការដំាដុះដំណាំ នៅតំបន់ដែលពុំសូវមានប្រភពទឹកគ្រប់គ្រាន់

វិទ្យុជាតិកម្ពុជា៖ ដោយ លោក ហុក សុខរិន៖

ប្រមុខរាជរដ្ឋាភិបាលណែនាំឲ្យក្រសួងកសិកម្មសិក្សាពីតំរូវការដំាដុះដំណាំដែលធន់អាកាសធាតុនៅតំបន់ដែលពុំសូវមានប្រភពទឹកគ្រប់គ្រាន់ ដើម្បីធានាឲ្យកសិករដាំដុះទទួលបានផលទិន្នផលខ្ពស់ បង្កើនសេដ្ឋកិច្ចក្រុម គ្រួសារ។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានបញ្ជាក់ថា ចំពោះ តំបន់ដែលខ្វះខាតទឹកក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទត្រូវសិក្សាថា តើតំបន់នោះត្រូវ ការដាំដំណាំអ្វីខ្លះ ដែលទទួលបានទិន្នផលខ្ពស់ហើយប្រើប្រាស់ទឹកតិច ដោយពុំរងចាំការធ្វើដំណាំស្រូវតែមួយមុខនោះ។
ថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រនិងវិទ្យាសាស្ត្រសេដ្ឋកិច្ច នៅព្រឹកថ្ងៃទី២៦ ខែធ្នូ សម្តេចតេជោនាយករដ្ឋមន្រ្តីបានមានប្រសាសន៍ថា ការអនុវត្តយន្តការដូច្នេះ គឺដើម្បីធានាឲ្យកសិករនៅតែដំាដុះដំណាំផ្សេងៗនៅលើដីរបស់ខ្លួនបាន ដែលជួយបង្កើនប្រាក់ចំណូល ដែលមិនពាក់ផ្អែកលើដំាដំណាំស្រូវដែលត្រូវការទឹកច្រើន។ សម្តេចតេជោបានបន្ថែមថា ការជំរុញឲ្យក្រសួងជំនាញស្វែងរកលទ្ធភាពដាំដុះដំណាំដែលត្រូវនឹងស្ថានភាពដីនិងលក្ខណៈភូមិសាស្រ្តនេះ គឺបានធ្វើឡើងដោយសារតែតំបន់មួយចំនួនកំពុងប្រឈមនឹងការខ្វះខាតទឹកធ្វើស្រែ ខណៈដែលប្រជាពលរដ្ឋមិនទាន់ដឹងពីបច្ចេកទេសដំាដំណាំ អ្វីក្រៅពីការធ្វើស្រូវនេះ ។
«បើយើងបន្តនៅតែគិតតែពីរឿងស្រូវមួយមុខ នៅលើតំបន់ដែលខ្វះខាតទឹក ខ្វះប្រភពទឹក គឺថាជាការធ្វើសេដ្ឋកិច្ចមិនជឿនលឿន ដូច្នេះទាល់តែខិតខំជំរុញឲ្យកសិករយើង ផ្លាស់ប្តូរនៅមុខរបរដាំដំណាំផ្សេង។ សំលឹងមើលទៅខាងក្រោម ឃើញកសិករដំាស្រូវផង និងអំពៅផង ចឹងក្នុងពេលដែលស្រូវកំពុងតែខ្វះទឹក ប៉ុន្តែអំពៅគឺជិតប្រមូលផល។
ប៉ុន្តែអំពៅនេះក៏ត្រូវមានទីផ្សាររបស់វាដែរ យើងមានរោងចក្រផលិតស្ករអំពៅ និងរោងចក្រធ្វើស្ករសរ ដែលប្រើប្រាស់វត្ថុធាតុដើមរបស់យើង ដើម្បីយកទៅផ្គត់ផ្គង់រោងចក្រទំាងនោះ។
មិនមែនតែអំពៅមួយទេ គឺត្រូវមានមុខដំណាំផ្សេងទៀត ដែលផ្ទេរពីស្រូវទៅជាផលិតផលកសិករ ដ៏ទៃទៀតដែលទទួលបានផលច្រើនជាង ហើយមិនលំបាកក្នុងការផ្គត់ផ្គង់ទឹកនៅកន្លែងដែល គ្មានប្រភពទឹក»។