ក្រុមហ៊ុនធានារ៉ាប់រង HI micro- insurance បើកសិក្ខាសាលាស្តីពីអត្ថប្រយោជន៍នៃការធានារ៉ាប់រងគ្រោះថ្នាក់ចរាចរណ៍តាមដងផ្លូវ និងនីតិវិធីអ្នករងគ្រោះត្រូវបានសំណង

AKP ក្រចេះ ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៩ –សិក្ខាសាលាស្តីពីអត្ថប្រយោជន៍នៃការធានារ៉ាប់រងគ្រោះថ្នាក់ចរាចរណ៍តាមដងផ្លូវ និងនីតិវិធីអ្នករងគ្រោះត្រូវបានសំណង ដែលរៀបចំដោយ ក្រុមហ៊ុនធានារ៉ាប់រង HI micro-insurance ធ្វើឡើងក្រោមអធិបតីភាពលោក ទុយ ប៊ុនសេរីរ័ត្នមុន្នី អភិបាលរងនៃគណៈអភិបាលខេត្តក្រចេះ និងមានការអញ្ជើញចូលរួមពីមន្ត្រីរាជការតាមមន្ទីរ អង្គភាពជុំវិញខេត្ត ក្រុង ស្រុក កម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋប្រមាណជិត ៤០០ នាក់ ។ លោក ឆាយាតន់ រួចាណាក ខារាឆុទ្ធិ អគ្គនាយកក្រុមហ៊ុនធានារ៉ាប់រង HI micro-insuran ce បានបញ្ជាក់ថា RVI គឺជាសេវាធានារ៉ាប់រងគ្រោះថ្នាក់ចរាចរណ៍គ្រប់ដណ្ដប់លើជនរងគ្រោះនៅទូទាំងប្រទេសកម្ពុជា ចំពោះអ្នកបើកបរយានយន្តគ្រប់ប្រភេទ និងអ្នកធ្វើដំណើរទាំងអស់នឹងទទួលបានការព្យាបាលភ្លាមៗនឹងសេវាហិរញ្ញវត្ថុនៅក្នុងករណីមានគ្រោះថ្នាក់ចរាចរណ៍ ។ ការសម្រេចបង្កើត RVI គឺដោយសារអត្រាគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជានៅមានកម្រិតខ្ពស់ ដែលជាមូលហេតុសំខាន់ធ្វើឱ្យមានអត្រាមនុស្សស្លាប់ និងពិការភាពច្រើន ព្រមទាំងក្លាយជាបន្ទុកផ្នែកហិរញ្ញវត្ថុដល់ក្រុមគ្រួសារ ។

លោកបានបញ្ជាក់ទៀតថា ក្រុមហ៊ុនមានការទទួលស្គាល់ពីរាជរដ្ឋាភិបាលកម្ពុជា និងបានចុះបញ្ជីការត្រឹមត្រូវស្របតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា ហើយលក្ខណៈពិសេសនៃសេវាធានារ៉ាប់រងនេះ គឺជនរងគ្រោះទាំងសងខាងរួមទាំងអ្នកថ្មើរជើង ឬភាគីពាក់ព័ន្ធនៅក្នុងគ្រោះថ្នាក់ចរាចរណ៍ទាំងអស់នឹងត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ ។ ជនរងគ្រោះទាំងអស់មិនបាច់ចំណាយពេលឈ្លោះប្រកែកគ្នារកខុស រកត្រូវឡើយ ពោលគឺក្រុមហ៊ុនធានារ៉ាប់រងនឹងចេញថ្លៃសំណងលើការព្យាបាល និងហិរញ្ញវត្ថុ ការស្វែងរកខុសត្រូវទុកឱ្យប៉ូលីសស៊ើបអង្កេតពេលក្រោយ ហើយការធានានេះមានតម្លៃទៅតាមប្រភេទនៃយានយន្ត ។

លោក ទុយ ប៊ុនសេរីរ័ត្នមុន្នី អភិបាលរងខេត្តក្រចេះ បានមានប្រសាសន៍ក្នុងសិក្ខាសាលានេះថា ចំពោះក្រុមហ៊ុនធានារ៉ាប់រង HI micro-insurance សម្រាប់ការចែករំលែកនូវចំណេះដឹងនិងការផ្តល់សេវាធានារ៉ាប់រងនេះ គឺជាការផ្តល់សេវាថ្មីមួយទៀតមកកាន់ទឹកដីខេត្តក្រចេះ ដែលអ្នកប្រើប្រាស់នៅមានកម្រិតនៅឡើយ ។ លោកអភិបាលរងខេត្តបានបញ្ជាក់ថា ការចាប់ផ្ដើមរបស់ក្រុមហ៊ុនធានារ៉ាប់រង HI micro-insurance បម្រើការធានារ៉ាប់រងអាយុជីវិតប្រជាពល រដ្ឋខេត្តក្រចេះ គឺជាការពង្រីកបន្ថែមទៀតនូវការធានារ៉ាប់រងអាយុជីវិត និងដើម្បីបង្ហាញពីសក្តានុពលសេដ្ឋកិច្ច និងសង្គម ក្នុងការទាក់ទាញការវិនិយោគ ក៏ដូចជាការចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា នៅក្នុងការអភិវឌ្ឍវិស័យហិរញ្ញវត្ថុ និងការផ្ដល់ប្រព័ន្ធសុវត្ថិភាពជូនប្រជាពលរដ្ឋ ប្រកបដោយចិរភាពរយៈពេលវែង ឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែង ស្របតាមគោលនយោ បាយ យុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការផ្សព្វផ្សាយអប់រំនៅតាមទីសាធារណ: គ្រឹះស្ថានសិក្សា អំពីច្បាប់ចរាចរណ៍ផ្លូវគោក ដែលគ្រោះថ្នាក់ទាំងអស់នេះបានធ្វើឱ្យមនុស្សជួបបញ្ជារងគ្រោះ បាត់បង់អាយុជីវិត ខ្លះពិការភាពជាដើម ៕

ដោយ ជួន សុជាតិ