កាកបាទក្រហមកម្ពុជា​សម្ពោធដាក់ឱ្យប្រើប្រាស់ អណ្តូងទឹកស្អាតចំនួន ​១៥​កន្លែង ជូនប្រជាពលរដ្ឋនៅស្រុកឆែប​ 

AKP ព្រះវិហារ​ ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៩ –លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការស្តីទី​ កាកបាទក្រហមកម្ពុជា តំណាងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅព្រឹកថ្ងៃពុធ​ ១៤រោច ខែមិគសិរ​ ឆ្នាំកុរ​ ឯកស័ក​ ព.ស.២៥៦៣ត្រូវនឹងថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៩ បានសម្ពោធដាក់ឱ្យប្រើប្រាស់អណ្តូងទឹកស្អាតប្រភេទអាហ្រ្វីដេស​ចំនួន ១៥  អណ្តូង​ ជូនប្រជាពលរដ្ឋខ្វះខាតទឹកប្រើប្រាស់ចំនួន ៣៣២គ្រួសារ ស្មើនឹង ៩៣៧នាក់ រស់នៅក្នុងភូមិចំនួន៧ នៃឃុំម្លូព្រៃ១​ ឃុំម្លូព្រៃ២ និងឃុំសង្កែ២ ក្នុងស្រុកឆែប​ ខេត្តព្រះវិហារ ។

លោក យ៉ុង​ គឹមហ៊ាន​ នាយកប្រតិបត្តិសាខា​កាកបាទក្រហមកម្ពុជា​ ខេត្តព្រះវិហារ​ បានឱ្យដឹងថា​ ចាប់តាំងពីឆ្នាំ២០១២​ ដល់ឆ្នាំ២០១៩នេះ​ ខេត្តព្រះវិហារ​ បានទទួលអណ្តូងទឹកស្អាតសរុបចំនួន ២៣៥អណ្តូង​ ពីកាកបាទក្រហមកម្ពុជា​ ។ ជំនួសមុខឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់​ សូមសម្ដែងនូវក្តីរំភើបរីករាយ និងដឹងគុណយ៉ាងជ្រាលជ្រៅចំពោះ​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលតែងតែយកចិត្តទុកដាក់ គិតគូរ ដោះស្រាយរាល់បញ្ហារងគ្រោះទាំងអស់មិនប្រកាន់វណ្ណៈ ឬ និន្នាការនយោបាយទេ គឺឱ្យតែរងគ្រោះជួយទាំងអស់ ដូចជាអណ្តូងទឹកស្អាតនេះ និងបំពេញសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋជួបការលំបាកខ្វះខាតទឹកស្អាតប្រើប្រាស់ ដោយគ្មានការរើសអើងអ្វីឡើយ ។

លោកជំទាវ ម៉ែន នារីសោភ័គ និងលោកជំទាវ​ ចឹក​ ហេង​ អភិបាលរងខេត្ត នឹងជាអនុប្រធានអចិន្ត្រៃយ៍​ សាខា​កាកបាទក្រហមកម្ពុជា​ ខេត្តព្រះវិហារ​ បានពាំនាំប្រសាសន៍របស់    សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើសួរសុខទុក្ខ ក្តីនឹករលឹក​ និងការគិតគូរពីសុខុមាលភាពដល់​លោកយាយ លោកតា និងដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ជាមួយគ្នានេះ​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ក៏បានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់​សូមឱ្យគិតគូរថែទាំសុខភាពឱ្យបានល្អ​ ពិសាទឹកដាំពុះ សម្អាតបរិស្ថាន ធ្វើអនាម័យជុំវិញផ្ទះសម្បែង​ និងលើកទឹកចិត្តដល់បងប្អូនឱ្យចូលរួមប្រើប្រាស់ទឹកដោយសន្សំសំចៃ ​ដោយសារតំបន់នេះអាចប្រឈមមុខនឹងគ្រោះរាំងស្ងួត និងរួមគ្នាថែរក្សាសមិទ្ធផលអណ្តូងទឹកស្អាត​ទាំងនេះឱ្យបានជាប់គង់វង្សយូរអង្វែង​ ។

សូមបញ្ជាក់ថា ប្រជាពលរដ្ឋចំនួន ៦០នាក់ ដែលបានចូលរួមក្នុងពិធីនេះម្នាក់ៗទទួលបាន សារុង១​ ក្រមា១​ និងថវិកាចំនួន ២ម៉ឺនរៀលផងដែរ​ ៕

ដោយ ទិត ស្រ៊