សម្ដេចតេជោ ហ៊ុន សែន អញ្ជើញប្រគល់សញ្ញាបត្រជូនដល់​និស្សិតសាកលវិទ្យាល័យភូមិន្ទ​នីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ចចំនួនជាង២,០០០នាក់

AKP ភ្នំពេញ ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៩ — និស្សិតសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ចចំនួន ២,៧៩០នាក់ ដែ​ល បញ្ចប់ការសិក្សានាពេលកន្លងមក បានទទួលសញ្ញាបត្របញ្ចប់កាសិក្សា ពីសម្ដេច​អគ្គម​ហា​សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃ​ព្រ​ហស្ប​តិ៍ ១កើត ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៩ នៅវិទ្យាស្ថា​ន​ជា​តិ​អប់រំ។

ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡា បានឱ្យដឹងថា និស្សិ​តសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច បានដើរតួ​នាទីយ៉ាង​សំ​ខា​ន់ ក្នុងការបណ្ដុះបណ្ដាលធនធានមនុស្សផ្នែកច្បាប់ សេដ្ឋកិច្ច និងផ្នែក​ផ្សេងៗទៀត ដើម្បីប​ម្រើ​ឱ្យ​ការ​អភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមនៅកម្ពុជា។ គិតចាប់តាំងពីឆ្នាំ ១៩៨២ មកដល់បច្ចុប្បន្ន​នេះ​ សិក្ខាកាម និងនិស្សិតដែលបានបញ្ចប់ការសិក្សា​ជាស្ថាពរ​សរុប​ចំនួន ៥៤,៨៨៩ នាក់ ក្នុ​ង​នោះមាននិស្សិតបរទេសចំនួន១៥៨នាក់។ ឯកឧត្ដមបានបន្ដថា បច្ចុប្បន្ន និស្សិតដែលបានបញ្ចប់ការសិក្សា កំពុ​ង​​បម្រើការ​ងារនៅក្នុងស្ថាប័នរដ្ឋ វិស័យឯកជន អង្គការមិនមែនរដ្ឋាភិបាលជាតិ និងអន្តរជាតិ និង​បង្កើតអាជីវកម្មផ្ទាល់ខ្លួន។ ជាមួយគ្នានេះ សាកលវិទ្យាល័យមានក្រុមប្រឹក្សាភិបាល គណៈ​​គ្រ​​ប់គ្រង មន្ត្រី បុគ្គលិក សាស្ត្រាចារ្យ​ក្រប​ខ័ណ្ឌ និងសាស្ត្រាចារ្យជាប់កិច្ចសន្យាជាតិ អន្តរជាតិ​ស​រុប ៥៨៥នាក់ និងនិស្សិតកំពុង​សិក្សា​សរុប ១៦,២៩៦នាក់។ ឯកឧត្ដមរដ្ឋមន្ត្រី​បានឱ្យ​ដឹង​ទៀ​ត​​​ថា ចាប់តាំងពីឆ្នាំ ១៩៩៣ ដល់​បច្ចុប្បន្ន សាកលវិទ្យាល័យបានបញ្ជូននិស្សិតទៅសិ​ក្សា​បន្ត​ថ្នា​ក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់​បណ្ឌិតនៅបរទេស តាមរយៈអាហារូបករណ៍បានចំនួន ១,៥​៧​៣​នាក់។ ក្នុងឆ្នាំសិក្សា២០១៨-២០១៩ សាកលវិទ្យាល័យបានបញ្ជូននិស្សិតសាកល​វិទ្យា​ល័​យ​ចំនួន ៦៣នាក់ ទៅបន្តការ​សិក្សា​នៅបរទេស ក្នុងនោះថ្នាក់បណ្ឌិតចំនួន ៤នាក់ ទៅ​សិ​ក្សា​ផ្នែក​​នីតិសាស្ត្រនិងសេដ្ឋកិច្ច​នៅប្រទេសបារាំង និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ៣១នាក់ ទៅ​សិ​ក្សា​​ផ្នែកនីតិសាស្ត្រ និងសេដ្ឋកិច្ច។ ក្រៅពីនេះ នៅដើមឆ្នាំ២០២០ សាកលវិទ្យាល័យ នឹងបញ្ជូន​និស្សិ​តចំនួន ៣៣រូប ទៅចូលរួមការប្រកួតអន្តរជាតិសំខាន់ៗចំនួន ៨ប្រកួត ពាក់ព័​ន្ធនឹងនីតិ​អន្តរ​ជាតិ​នៅសហរដ្ឋអាមេរិក អូទ្រីស ស្វីស អាល្លឺម៉ង់ ចិន ឥណ្ឌា ម៉ាឡេស៊ី និងឥណ្ឌូណេស៊ី។

សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវការកោតសរសើរចំពោះវឌ្ឍន​ភាពរបស់​សាក​ល​​វិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច និងអបអរសាទរចំពោះជ័យលាភីទាំ​ង​អ​ស់​ដែលបានខិតខំប្រឹងប្រែងរៀនសូត្ររហូតទទួលបានជោគជ័យ ព្រមទាំងបានផ្ដាំផ្ញើរ​ដល់​និស្សិ​​ត​ដែលបញ្ចប់ការសិក្សាទាំងអស់ ត្រូវខិតខំរៀនសូត្របន្តទៀត ដើម្បីរួមចំណែក​អភិវឌ្ឍន៍​ប្រ​ទ​សជាតិឱ្យកាន់តែរីកចម្រើន៕

ដោយ ជឹម ណារី