សម្តេចតេជោ ហ៊ុន សែន អញ្ជើញប្រគល់សញ្ញា បត្រជូននិស្សិតសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្តនិងវិទ្យាសាស្រ្តសេដ្ឋកិច្ចជិត៣០០០នាក់

វិទ្យុជាតិកម្ពុជា

ភ្នំពេញ៖   សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២៦ខែធ្នូឆ្នាំ២០១៩នេះបានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រគល់សញ្ញាបត្រ
កម្រិតថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់
ជូននិស្សិតសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច (RULE)ចំនួន២,៧៩០ នាក់ ក្នុងនោះនារី ១,៣៨០នាក់ នៅវិទ្យាស្ថានជាតិអប់រំ។
ឯកឧត្តមហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជននិងកីឡា បានបញ្ជាក់ក្នុងរបាយការណ៍ឲ្យដឹងថា សាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យា សាស្រ្តសេដ្ឋកិច្ច គឺជាគ្រឹះស្ថានអប់រំថ្នាក់ឧត្តមសិក្សាមួយរបស់រដ្ឋ ដែលបានដើរតួនាទីយ៉ាងសំ ខាន់ក្នុងការបណ្តុះបណ្តាលធនធាន មនុស្សផ្នែកច្បាប់ សេដ្ឋកិច្ច និងផ្នែកផ្សេងៗទៀត ដើម្បីបម្រើឱ្យការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមនៅកម្ពុជា ។
ឯ.ឧរដ្ឋមន្រ្តីបានឱ្យដឹងទៀតថា គិតចាប់ពីឆ្នាំ ១៩៨២ ដល់បច្ចុប្បន្ននេះ សិក្ខាកាមនិងនិស្សិតដែលបានបញ្ចប់ការសិ ក្សាជាស្ថាពរពីសាកលវិទ្យាល័យនេះ មានចំនួនសរុបប្រមាណជិត៥៥.០០០( ៥៤,៨៨៩)នាក់នារី ២០,៤០៩នាក់។ ក្នុងនោះមាននិស្សិតបរទេសចំនួន ១៥៨ នាក់ នារី ៥៣នាក់។ បច្ចុប្បន្ននិស្សិតដែលបានបញ្ចប់ការសិក្សា កំពុងបម្រើការងារនៅក្នុងស្ថាប័នរដ្ឋ វិស័យឯកជន អង្គការមិនមែនរដ្ឋាភិបាលជាតិ និងអន្តរជាតិ និងបង្កើតអាជីវកម្មផ្ទាល់ខ្លួន។
បច្ចុប្បន្នសាកលវិទ្យាល័យមានក្រុមប្រឹក្សាភិ បាល គណៈគ្រប់គ្រង មន្ត្រី បុគ្គលិក សាស្រ្តាចារ្យ ក្របខណ្ឌ និងសាស្រ្តាចារ្យជាប់កិច្ចសន្យាជាតិ អន្តរជាតិសរុប ៥៨៥នាក់ នារី ១៤៦នាក់ និងនិស្សិតកំពុងសិក្សាសរុប ១៦,២៩៦នាក់ នារី ៨.០៥៩នាក់។
ឯ.ឧ រដ្ឋមន្រ្តីក្រសួងអប់រំ យុវជននិងកីឡាឱ្យដឹងផងដែរថា ក្នុងចំណោមនិស្សិតជ័យលាភីដែលទទួលសញ្ញាបត្រនេះ មាននិស្សិតប្រមាណ ៩៣,៦៩% មានការងារធ្វើ ក្នុងនោះនិស្សិតថ្នាក់បរិញ្ញាបត្រមាន ៩៣,១៦% និងនិស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់មាន ៩៨,២៧%៕