គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភាប្រជុំផ្តោតលើសំណើរបស់រដ្ឋសភាសុំពិនិត្យនិងឲ្យយោបល់លើសេចក្តីព្រាងច្បាប់ចំនួន៧

វិទ្យុជាតិកម្ពុជា ៖ លោកចេម ហួត
ភ្នំពេញ៖ គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភាបានបើកកិច្ចប្រជុំ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃពុធ ទី២៥ ខែធ្នូ ឆ្នាំ២០១៩ បានបើកកិច្ចប្រជុំ លើសំណើរបស់រដ្ឋសភាសុំពិនិត្យនិងឲ្យយោបល់លើសេចក្តីព្រាងច្បាប់ចំនួន៧។
សេចក្តីកាសព័ត៌មានព្រឹទ្ធសភាបានឱ្យដឹងថា របៀបវារៈមាន៖
១- ពិនិត្យសំណើរបស់រដ្ឋសភា សុំពិនិត្យ និងឲ្យយោបល់លើសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមឲ្យព្រះរាជាណាចក្រកម្ពុជា ចូលជាសមាជិកនៃកិច្ចព្រមព្រៀងសម្រាប់ការអនុវត្តបទប្បញ្ញត្តិនៃអនុសញ្ញាសហប្រជាជាតិស្តីពីច្បាប់សមុទ្រចុះថ្ងៃទី១០ ខែធ្នូ ឆ្នាំ១៩៨២ទាក់ទងនឹងការគ្រប់គ្រង និងការអភិរក្សផលស្តុកត្រីផ្លាស់ទីមធ្យម និងផលស្តុកត្រីផ្លាស់ទីឆ្ងាយ។
២- ពិនិត្យសំណើរបស់រដ្ឋសភា សុំពិនិត្យ និងឲ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាឲ្យក្រុមហ៊ុន
ហ្គ្រីន សឺស្តែនណេប៊ល វេនឈ័រ(ខេមបូឌា)ឯ.ក សម្រាប់គម្រោងសាងសង់ស្ថានីយផលិតអគ្គិសនី ដើរដោយពន្លឺព្រះអាទិត្យ អនុភាព២០មេហ្គាវ៉ាត់ នៅខេត្តស្វាយរៀង។
៣- ពិនិត្យសំណើរបស់រដ្ឋសភា សុំពិនិត្យ និងឲ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាឲ្យក្រុមហ៊ុន រ៉ាយ ផៅវ័រ សឹបផ្លាយ ឯ.ក សម្រាប់គម្រោងសាងសង់ស្ថានីយផលិតអគ្គិសនី ដើរដោយពន្លឺព្រះអាទិត្យអនុភាព៣០មេហ្គាវ៉ាត់ នៅខេត្បន្ទាយមាជ័យ។
៤- ពិនិត្យសំណើរបស់រដ្ឋសភា សុំពិនិត្យ និងឲ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាឲ្យក្រុមហ៊ុន រ៉ាយសិន អេនើជី(ខេមបូឌា)បាត់ដំបង ឯ.ក សម្រាប់គម្រោងសាងសង់ស្ថានីផលិតអគ្គិសនី ដើរដោយពន្លឺព្រះអាទិត្យអនុភាព៦០ មេហ្គាវ៉ាត់ នៅខេត្តបាត់ដំបង។
៥- ពិនិត្យសំណើរបស់រដ្ឋសភា សុំពិនិត្យ និងឲ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាឲ្យក្រុមហ៊ុន ស្នេថេក អ៊ីនហ្វីនីត ឯ.ក សម្រាប់គម្រោងសាងសង់ស្ថានីយផលិតអគ្គិសនី ដើរដោយពន្លឺព្រះអាទិត្យអនុភាព៣០ មេហ្គាវ៉ាត់ នៅខេត្តពោធិសាត់។
៦- ពិនិត្យសំណើរបស់រដ្ឋសភា សុំពិនិត្យ និងឲ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាឲ្យក្រុមហ៊ុន ធីអេសប៊ីភី សេកុង ផៅវ័រ អ៊ែនមីនើរ៉ល ខមភេនីលីមីធីត នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។
៧- ពិនិត្យសំណើរបស់រដ្ឋសភា សុំពិនិត្យ និងឲ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាឲ្យក្រុមហ៊ុន សេកុង សឹមម័ល ផៅវ័រ ផ្លេន ខមភេនី លីមីធីត នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។
អង្គប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍ព្រឹទ្ធសភា បានស្តាប់របាយការណ៍ ឯកឧត្តម អគ្គលេខាធិ-ការព្រឹទ្ធសភា ស្តីពីសំណើរបស់រដ្ឋសភាសុំឱ្យព្រឹទ្ធសភា ពិនិត្យ និងឱ្យយោបល់ ដោយចាត់ទុកជាការប្រញាប់ លើសេចក្តីព្រាងច្បាប់ចំនួន៧ខាងលើ ហើយដែលសេចក្តីព្រាងច្បាប់ក្នុងរបៀបវារៈទី១ គឺស្ថិតក្នុងវិស័យជាសមត្ថកិច្ចរបស់គណៈកម្មការផែនការ វិនិយោគ កសិកម្ម ធនធានទឹក ឧតុនិយម អភិវឌ្ឍជនបទ និងបរិស្ថាន រីឯសេចក្តីព្រាងច្បាប់ក្នុងរបៀបវារៈចំនួន៦ផ្សេងទៀតគឺជាវិស័យសមត្ថកិច្ចរបស់គណៈកម្មកាសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្មព្រឹទ្ធសភា។
អាស្រ័យដោយមិនមានការផ្តល់យោបល់បន្ថែមពីសមាជិក សមាជិកាលើសេចក្តីព្រាងច្បាប់ទាំងអស់អង្គប្រជុំក៏បានអនុម័តយល់ព្រមលើទម្រង់នៃសេចក្តីព្រាងច្បាប់ទាំង៧ខាងលើហើយប្រគល់ជូនគណៈកម្មការដែលជាវិស័យសមត្ថកិច្ច ដើម្បីពិនិត្យសិក្សាដោយទុកជាការប្រញាប់ និងផ្តល់យោបល់រាយការណ៍ជូនមកគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភាវិញ ក្នុងអង្គប្រជុំ នាពេលខាងមុខ៕