មន្ទីរសេដ្ឋកិច្ចប៉ៃលិន ផ្សព្វផ្សាយពីការគ្រប់គ្រងអាជីវកម្មទទួលបញ្ចាំ នឹងទទួលប្រាតិភោគដោយអនុប្បទាន ដល់អាជ្ញាធនិងអាជីវករ

វិទ្យុជាតិកម្ពុជា៖ មន្ទីរព័ត៌មានប៉ៃលិន

(ប៉ៃលិន)៖ ព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៩ មន្ទីរសេដ្ឋកិច្ច និងហិញ្ញវត្ថុប្រជុំផ្សព្វផ្សាយប្រកាសលេខ០៣០ ស្តីពីការគ្រប់គ្រងអាជីវកម្មទទួលបញ្ចាំ នឹង ទទួលប្រាតិភោគដោយអនុប្បទាន ជូនដល់ អាជ្ញាធរក្រុង ស្រុក ឃុំសង្កាត់ មេប៉ុស្តិ៍ និងអាជីវករ ក្រោមអធិបតីភាពឯកឧត្តម ចេង ញ៉ាន់ អភិបាលរងខេត្តប៉ៃលិន និងមានការអញ្ជើញចូលរួមពីសំណាក់លោក នុត សោភិរក្ស ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង លោក លោកស្រីអនុប្រធានមន្ទីរ អភិបាលរងក្រុង ស្រុក មេឃុំចៅសង្កាត់ ។

បន្ទាប់ពីលោកស្រី យឹម ខន ប្រធានការិយាល័យទ្រព្យសម្បត្តិរដ្ឋ បានធ្វើបទបង្ហាញលើការគ្រប់គ្រងអាជីវកម្មទទួលបញ្ចាំ និងទទួលប្រាតិភោគដោយអនុប្បទាន រួចមក លោក សុខ ស តំណាងសាខាពន្ធដាខេត្តក៍បានធ្វើបទបង្ហាញស្តីពីការធ្វើប័ណ្ណប៉ាតង់លើអាជីវកម្ម ដើម្បីអោយគ្រប់ភាគីពាក់ព័ន្ធយល់កាន់តែជ្រាបច្បាស់ពីនិតិវិធី សំរាប់យកទៅអនុវត្តជាក់ស្តែងទួលបានជោគជ័យ។

លោក នុត សោភិរក្ស ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តបានមានប្រសាសន៍ថា៖កិច្ចប្រជុំនៅពេលនេះដើម្បីផ្សព្វផ្សាយប្រកាសលេខ០៣០ ស្តីពីការគ្រប់គ្រងអាជីវកម្មទទួលបញ្ចាំ នឹងទទួលប្រាតិភោគដោយអនុប្បទានជូនដល់ អាជ្ញាធរក្រុង ស្រុក ឃុំសង្កាត់ មេប៉ុស្តិ៍ និងអាជីវករ អោយពួកគាត់យល់កាន់ច្បាស់ពីនិតិវិធីនៃការធ្វើច្បាប់បើកអាជីវកម្ម អោយបានត្រឹមត្រូវ ស្របតាមការណែនាំរបស់ក្រសួងសេដ្ឋកិច្ចនិងហិញ្ញវត្ថុ ដើម្បីធានាប្រសិទ្ធិភាពនៃការគ្រប់គ្រង និងត្រួតពិនិត្យអាជីវកម្មទទួលបញ្ចាំ និងទទួលប្រាតិភោគដោយអនុប្បទាន និងធានាសមធម៌ និងតុល្យភាពនៃផលប្រយោជន៍រវាងអ្នកបញ្ចាំ និងអ្នកទទួលទ្រព្យបញ្ចាំ ជាពិសេសបង្កើតអោយមានប្រព័ន្ធផ្គត់ផ្គង់សាច់ប្រាក់ឆាប់រហ័សដោយស្របច្បាប់ក្រៅពីប្រព័ន្ធធនាគារ ក្នុងន័យ រួមចំណែកទប់ស្កាត់ផលប៉ះពាល់អវិជ្ជមានក្នុងវិស័យទទួលបញ្ចាំ និងទទួលប្រាតិភោគអនុប្បទានដើម្បីធានានូវសន្តិសុខនិងសណ្តាប់ធ្នាប់សង្គម។

ឯកឧត្តម ចេង ញ៉ាន់ អភិបាលរងខេត្តប៉ៃលិនបានមានប្រសាសន៍ណែនាំដល់អាជ្ញាធរ ក្រុង ស្រុក ឃុំ សង្កាត់ ទាំងអស់ត្រូវបន្តផ្សព្វផ្សាយប្រកាសលេខ០៣០ ស្តីពីការគ្រប់គ្រងអាជីវកម្មទទួលបញ្ចាំ នឹងទទួលប្រាតិភោគដោយអនុប្បទាន ទៅដល់អាជីវករ នានាក្នុងខេត្ត ដើម្បីអោយពួកគាត់ចូលខ្លួនមកធ្វើច្បាប់ត្រឹមត្រូវ ក្នុងន័យបង្កើនការរកចំណូលថវិកាជាតិ អោយបានទាន់ពេលវេលា រួមចំណែកក្នុងការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលអោយមានប្រសិទ្ធិខ្ពស់ នឹងជាពិសេសដាស់តឿនទីតាំងអាជីវកម្មណាដែលមិនព្រមធ្វើច្បាប់ ដែលធ្វើអោយបាត់បង់ថវិកាជាតិផងដែរ។ ឯកឧត្តមលើកឡើងថា៖ដើម្បីចូលរួមចំណែកបង្កើនសេដ្ឋកិច្ចអោយបាននូវររង្វង់៧% នៃគោលនយោបាយរបស់រាជរដ្ឋាភិបាល មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ត្រូវបន្តផ្សព្វផ្សាយច្បាប់ ចរាចរណែនាំថ្មីៗ ពាក់ព័ន្ធទៅនិងការរកចំណូលថវិកាជាតិ ដើម្បីអោយថ្នាក់ក្រោមជាតិពង្រឹងនូវកិច្ចការងារ សមត្ថភាពរបស់ខ្លួនក្នុងការចុះអនុវត្តការងារជាក់ស្តែងទទួលបានជោគជ័យ មានប្រសិទ្ធិភាព ខ្ពស់ សំដៅចូលរួមលើកកម្ពស់ជីវភាពប្រជាពលរដ្ឋនៅមូលដ្ឋានអោយបានកាន់ល្អប្រសើរឡើង។

សូមបញ្ជាក់ថា៖នៅក្នុងខេត្តប៉ៃលិនអាជីវកម្មទទួលបញ្ចាំ នឹងទទួលប្រាតិភោគដោយអនុប្បទាន សរុបចំនួន១៨ ទីតាំង មានច្បាប់អនុញ្ញាតចំនួន ០១ ទីតាំង និងអត់មានច្បាប់អនុញ្ញាតចំនួន ១៧ទីតាំង ៕
អត្ថបទ លោក គួន ធិ